«ភាពខុសគ្នាដូចមេឃនិងដី» រវាងបុគ្គលជោគជ័យ និងបុគ្គលមិនជោគជ័យ
ភាពជោគជ័យមិនមែនកើតមានឡើងដោយសារតែចំណេះដឹង ឬសញ្ញាប័ត្រតែមួយមុខនោះទេ។ កត្តាដែលធ្វើឲ្យមនុស្សជោគជ័យរួមផ្សំមានកត្តាជាច្រើនដូចជាភាពច្នៃប្រឌិតក្នុងខ្លួន ការខិតខំព្យាយាម ការគិត ការរៀនពីកំហុសនិងការមានអត្តចរិតល្អជាដើម។ ខាងក្រោមនេះជាភាពខុសគ្នាដូចមេឃនិងដីរវាងបុគ្គលជោគជ័យនិងមិនជោគជ័យ៖
១) ទំនួលខុសត្រូវ
បុគ្គលជោគជ័យមានទំនួលខុសត្រូវពេញលេញចំពោះជីវិតរបស់ពួកគេ។ ពួកគេខិតខំអស់ពីលទ្ធភាពក្នុងការងាររបស់ពួកគេដើម្បីភាពជោគជ័យ មិនដេករង់ចាំសំណាងនោះទេ។ ក្នុងកាលៈទេសៈខ្លះវិញទៀត បើទោះបីជាមានកំហុសកើតឡើងក៏ពួកគេហ៊ានទទួលស្គាល់កំហុសនិងកែប្រែនាពេលក្រោយដែរ មិនទម្លាក់កំហុសទៅអ្នកដទៃឡើយ។ ផ្ទុយទៅវិញ បុគ្គលបរាជ័យតែងតែទម្លាក់កំហុសទៅអ្នកដទៃជានិច្ច។ ចូរកុំធ្វើជាបុគ្គលទីពីរអី។
២) ការរៀនសូត្រ
បុគ្គលជោគជ័យមិនដែលគិតថាខ្លួនឯងចេះអ្វីៗទាំងអស់នោះទេ។ ផ្ទុយទៅវិញ ពួកគាត់មានតែស្រែកឃ្លានរកចំណេះដឹងបន្ថែម ដូចដែលបានឃើញស្រាប់ បុគ្គលជោគជ័យតែងតែមានទម្លាប់ក្នុងការអានជាប្រចាំថ្ងៃ បន្តការរៀនសូត្រនូវអ្វីដែលថ្មីជានិច្ច។ ចំណែកឯបុគ្គលបរាជ័យតែងមានអំនួតថាខ្លួនឯងចេះហើយ។ ការមិនអភិវឌ្ឍន៍ខ្លួននឹងមិននាំពួកគេទៅរកភាពជោគជ័យបានឡើយ។
៣) គោលដៅ
បុគ្គលជោគជ័យតែងតែមានគម្រោងនិងគោលដៅច្បាស់លាស់ក្នុងការធ្វើអ្វីមួយ។ ហើយគោលដៅនេះហើយតែងតែជួយលើកទឹកចិត្តដល់ពួកគាត់រាល់ពេលដែលពួកគាត់បាក់ទឹកចិត្តឬប្រឈមមុខនឹងឧបសគ្គជាច្រើន។ បុគ្គលជោគជ័យជឿជាក់លើការមានគម្រោងច្បាស់លាស់និងការខិតខំប្រឹងប្រែងក្នុងភាពជោគជ័យ។ ផ្ទុយពីបុគ្គលជោគជ័យ បុគ្គលបរាជ័យតែងតែទុកឲ្យវាសនាជាអ្នកកំណត់ជីវិតរបស់ពួកគេទៅវិញ។
៤) ជោគជ័យ
បុគ្គលជោគជ័យតែងតែប្រាថ្នាចង់ឲ្យមនុស្សគ្រប់រូបទទួលបានភាពជោគជ័យក្នុងជីវិតដូចពួកគាត់ដែរ។ ពួកគាត់មិនដែលមានចិត្តចង្អៀតចង្អល់ក្នុងការចែករំលែកចំណេះដឹងនោះទេ បន្ថែមពីលើនេះទៅទៀត ពួកគាត់នឹងជួយតាមដែលលទ្ធភាពធ្វើទៅបាន។ ការចង់ឲ្យអ្នកដទៃបរាជ័យមិនមែនជាអត្តចរិតរបស់បុគ្គលជោគជ័យឡើយ។ ផ្ទុយទៅវិញ បុគ្គលបរាជ័យតែងតែលាក់បាំងចំណេះដឹង មិនចែករំលែកដល់អ្នកដទៃនិងមិនចង់ឲ្យអ្នកឯទៀតជោគជ័យឡើយ៕
ដោយ៖ អ៊ឹង មុយយូ