​Robert Kiyosaki៖ ​​អ្នក​ក្រ​ថា ​​លុយ​ជា​ប្រភព​នៃ​បិសាច​ តែ​អ្នក​មាន​វិញ​​ថា​​​អត់​លុយ​​​ទើប​ធ្វើ​​​ឲ្យ​​មនុស្ស​ក្លាយ​ជា​បិសាច​



​ក្នុង​សៀវភៅ​​​​ឪពុក​អ្នកមាន​បង្រៀន​កូន​អ្នក​​ក្រ​​ ​លោក ​Robert Kiyosaki​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​​ដ៏​ល្បី​​នេះ​ បាន​រៀបរាប់​​​ថា ​​​​​​​​ឪពុក​ទាំង​ពីរ​​​​របស់​​​លោក​បាន​​​ផ្ដល់​និយម​ន័យ​ផ្សេងៗ​គ្នា​​ ទាក់ទង​នឹង​លុយ ជា​ហេតុ​នាំ​​ឲ្យ​វាសនា​ខុស​គ្នា​​​​ស្រលះ​។

​​​ឪពុក​អ្នក​ក្រ​​​ ថ្វីត្បិត​តែ​បាន​រៀន​​សូត្រ​ខ្ពង់ខ្ពស់​ក៏​ពិត​មែន ​ប៉ុន្តែ​​​​​ផ្នត់​គំនិត​​វិញ គឺ​មិន​ទាន់​​ជា​អ្នក​មាន​នោះ​ឡើយ​ ព្រោះ​មាន​ការ​យល់​ខុស​ទាក់ទង​​នឹង​រឿង​​​ហិរញ្ញវត្ថុ​ ​ដោយ​​​​​​ឲ្យ​និយម​ន័យ​ថា «លុយ​» ជា​​ប្រភព​​នៃ​បិសាច​។ អាច​និយាយ​បាន​ថា ​​​​លុយ​ធ្វើ​​​ឲ្យ​មនុស្ស​លោភលន់​ ​​​និង លែង​ស្គាល់​អ្វី​ទាំង​អស់​ ពោល​គឺ​​​រស់​នៅ​ដើម្បី​តែ​លុយ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ឪពុក​អ្នក​មាន​វិញ ​​​​​ថ្វីត្បិត​តែ​រៀន​សូត្រ​​មិន​បាន​ថ្នាក់​ខ្ពស់​ ប៉ុន្តែ​​មាន​ផ្នត់​គំនិត​ជា​អ្នក​មាន ​ព្រោះ​​​​​​លោក​បាន​​​ឲ្យ​និយាយ​យ៉ាង​វិជ្ជមាន​ចំពោះ​​លុយ​ ដោយ​​លើក​​ឡើង​ថា ​​លុយ​មិន​មែន​ជា​ប្រភព​ ឬ ឫសគល់​​ដែល​ធ្វើ​​​ឲ្យ​មនុស្ស​ក្លាយ​ជា​បិសាច​នោះ​ទេ ប៉ុន្តែ​​ ​ការ​រស់នៅ​ដែល​វេទនា ឬ ​​គ្មាន​លុយ​គ្រប់គ្រាន់​ទេ​ ដែល​ធ្វើ​​​ឲ្យ​មនុស្ស​​ក្លាយ​ជា​បិសាច​។ ​​​​​​

​​លោក ​Robert Kiyosaki​ ​​ ​បាន​រៀបរាប់​បន្ថែម​ក្នុង​សៀវភៅ​របស់​​​លោក​ថា​ ​ដោយ​សារ​តែ​​ការ​គិត​ខុស​គ្នា​ទាក់ទង​នឹង​លុយ​បែប​នេះ​ហើយ​ ទើប​ធ្វើ​​​ឲ្យ​​​​​​​​​ឪពុក​អ្នក​ក្រ​ ដែល​ផ្ដល់​អត្ថន័យ​​យ៉ាង​អវិជ្ជមាន​​ចំពោះ​ពាក្យ​ថា​ ​លុយ​នោះ ​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​លំបិន​មួយ​ជីវិត​ បើ​ទោះបីជា​ ​​​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ ហើយ​មាន​ការងារ​ល្អ​ក្នុង​សង្គម​ក៏​ដោយ​។ ប៉ុន្តែ​​ ​ចំពោះ​ឪពុក​អ្នក​​មាន​វិញ ​​ថ្វីបើ​​រៀន​​សូត្រ​មិន​បាន​ខ្ពស់​ តែ​​ដោយសារតែ​​ការ​គិត​ត្រូវ​ ​​ហើយ​ផ្តល់​និយម​ន័យ​យ៉ាង​វិជ្ជមាន​បែប​នេះ​ហើយ ទើប​ធ្វើ​​​ឲ្យ​គេ​រស់នៅ​​យ៉ាង​សម្បូរសប្បាយ​ មាន​លុយ​រាប់​លាន​ដុល្លារ​ក្នុង​ដៃ​ ហើយ​បន្សល់​ទុក​នូវ​មរតក​យ៉ាង​ច្រើន​​ដល់​កូន​។ ខុស​ពី​​ ឪពុក​អ្នក​ក្រ​ ដែល​​អាច​បន្សល់​ត្រឹម​បំណុល​​​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​​ រស់នៅ​យ៉ាង​វេទនា​​កាន់​តែ​ខ្លាំង​ទៀត​៕

ដោយ​៖ រតនា ​វិចិត្រ

X
5s