មហាសេដ្ឋី Bloomberg បង្ហាញវេទមន្ត ៥យ៉ាង ដើម្បីឱ្យអ្នករកស៊ីចេះដើរទៅកាន់វិថីជោគជ័យ
តាមបទពិសោធន៍ជាអតីតចៅហ្វាយក្រុងកាន់តំណែង ៣អាណត្តិ និង ជាសហគ្រិនដ៏លេចធ្លោលើឆាកអន្តរជាតិ ពោលគឺលោកអាចអភិវឌ្ឍក្រុមហ៊ុនរបស់លោកចេញពីក្រុមហ៊ុនតូចតាចទៅជាស្ថាប័នក្រុមហ៊ុនធំមួយលំដាប់ពិភពលោក ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចសាកលលោក លោកបានលើកគោលការណ៍ចំនួន៥ ជួយលើកទឹកចិត្តសហគ្រិនទូទៅឲ្យទទួលបានជោគជ័យដែលនោះគឺ៖
១) ប្រឈមមុខនឹងបញ្ហា
កាលពីលោកមានអាយុ ៣៩ឆ្នាំ លោក Bloomberg ត្រូវបណ្តេញចេញពីការងារដែលលោកស្រលាញ់បំផុត។ វាពិតជាអយុត្តធម៌ណាស់សម្រាប់លោកនៅពេលនោះ តែដូចជាអរគុណម្យ៉ាងដែរដល់ក្រុមហ៊ុននោះ ត្បិតអីការបណ្តេញចេញនេះ បានបើកឱកាសឲ្យលោកឈប់ធ្វើជាបុគ្គលិកធ្វើការឲ្យគេ មកបើកក្រុមហ៊ុនផ្ទាល់ខ្លួនវិញក្នុងឆ្នាំ១៩៨២។ នោះគឺ Bloomberg L.P. ជាក្រុមហ៊ុនល្បីល្បាញនៅលើពិភពលោកមកដល់សព្វថ្ងៃនេះ។ លោកបានលើកឡើងថា លោកមិនបណ្តោយឲ្យដានអាក្រក់អតីតកាលរបស់លោកមកបំផ្លាញភាពបរាជ័យរបស់លោកនៅបច្ចុប្បន្នភាពបានឡើយ។ លោកត្រូវតែប្រឈមឧបសគ្គនេះ នឹងងើបបន្តបោះជំហានដោយខ្លួនឯងយ៉ាងស្វាហាប់ទាំងមុខជំនួញ និង ឆានយោបាយប្រចាំក្រុងញីវយ៉ក។ លោកបានបន្ថែមថា បើអ្នកចង់ជោគជ័យ លុះត្រាតែទទួលយកភាពបរាជ័យរបស់អ្នកដោយរីករាយ ហើយត្រូវលើកទឹកចិត្តខ្លួនឯង មិនចុះចាញ់ភាពបរាជ័យនោះ។
២) បង្កើតសំណាងខ្លួនឯងឲ្យកាន់តែច្រើន
«ភ័ព្វសំណាង គឺឱកាសមួយយ៉ាងសំខាន់នៃភាពជោគជ័យ។ អ្នកដែលខិតខំព្យាយាម នឹងមានសំណាងកាន់តែច្រើន»។ នេះជាសម្ដីរបស់លោក Bloomberg។ លោក Bloomberg និយាយថា សំណាងអាចកើតមានច្រើនបំផុតសម្រាប់អ្នកណាដែលចេះតស៊ូព្យាយាមតែប៉ុណ្ណោះ។ ដើម្បីទទួលបានសំណាងទាំងនោះ អ្នកត្រូវតែធ្វើជាបុគ្គលសកម្មបំផុតក្នុងការងារប្រចាំថ្ងៃ ពោលគឺត្រូវក្រោកមកធ្វើការពីព្រលឹម និង ចេញទៅវិញនៅពេលយប់។ ការខិតខំរបស់អ្នកនឹងបង្កើតឱកាសកាន់តែច្រើនដែលអ្នកដទៃមិនអាចមានដូចអ្នក។
៣) បង្កើតទំនាក់ទំនងជានិច្ច
នៅពេលដែលលោកចាប់ផ្តើមដំណើរការក្រុមហ៊ុនជាលើកដំបូង លោកបានស្ទុះស្ទាខ្លាំងក្នុងការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាធារណជន ដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេលើផលិតផលរបស់លោក។ ការណែនាំខ្លួន ប្រៀបដូចជាការលក់ទំនិញ បន្តិចប្តងៗបានរុញច្រានឲ្យក្រុមហ៊ុនរបស់លោកចាប់ផ្តើមមានចំណាប់អារម្មណ៍ពីសាធារណជនកាន់តែច្រើនឡើង។ ៣ឆ្នាំក្រោយមក បុគ្គលម្នាក់ដែលគេមិនសូវស្គាល់រូបនេះបានចាប់ផ្តើមមានឈ្មោះបោះសំឡេង រហូតមានដៃគូមកវិនិយោគជាមួយលោកជាបន្តបន្ទាប់។
៤) បន្តការសិក្សារៀនសូត្រជាប្រចាំ
លោក Bloomberg និយាយថា ពិភពលោកសម្បូរទៅដោយមនុស្សដែលចូលចិត្តបញ្ចប់ព្រំដែនសមត្ថភាពខួរក្បាលរបស់ខ្លួនណាស់។ មនុស្សប្រភេទនេះ នឹងផ្តល់ចម្លើយ១លានហេតុផលពីអ្វីដែលពួកគេមិនអាច និង មិនគួរធ្វើ តែគ្មានដំណោះស្រាយល្អណាមួយគួរឲ្យកោតសរសើរសម្រាប់ខ្លួនឯងទាល់តែសោះ។ សម្រាប់ខ្លួនលោកផ្ទាល់ លោកបានចាត់ទុកការសិក្សារៀនសូត្រប្រៀបបានដូចជាខ្សែទឹក ហូរមិនចេះហត់ ដែលលោកត្រូវយកមកអនុវត្តជាប្រចាំលើមុខជំនួញរបស់លោក។ ការសិក្សារៀនសូត្រជាប្រចាំ នឹងជួយបំពេញភាពចន្លោះខ្វះខាត និងបង្កើនសក្ដានុពលខួរក្បាលរបស់លោកឲ្យកាន់តែរីកចម្រើនទៅមុខ។
៥) ការចែករំលែករម្លែក មនុស្សត្រូវទទួលខុសត្រូវលើភាពជោគជ័យ និងភាពបរាជ័យរបស់ខ្លួន តែលោក Bloomberg យល់ថា ភាពជោគជ័យអាចកើតមានឡើងកាន់តែច្រើនឡើងនៅពេលដែលអ្នកចេះចែករំលែកទៅមនុស្សផ្សេងទៀត។ លោកបានបន្ថែមថា ការចែករំលែកនេះមិនចាំបាច់តម្រូវឲ្យអ្នកមានលុយកាក់ច្រើននោះឡើយ។ ប៉ុន្តែ វាជាការចែករំលែកចំណេះដឹង បង្កើនភាពស្និទ្ធស្នាលជាមួយអ្នកដទៃ នោះគឺគ្រប់គ្រាន់អាចធ្វើឲ្យអ្នកមានសមាជិកកាន់តែរឹងមាំបាន៕