លោកកែវ ឡង់ឌី៖ បើចង់ជោគជ័យត្រូវ ចាត់ទុកក្រុមហ៊ុនដែលអ្នកកំពុងធ្វើការនោះ ឲ្យដូចជារបស់អ្នក
លោកកែវ ឡុងឌី ដែលជាស្ថាបនិក Baby Outlet Cambodiaបានមានប្រសាសន៍ថា បើចង់ជោគជ័យត្រូវ ចាត់ទុកកន្លែងការងារដែលអ្នកកំពុងធ្វើនោះឲ្យដូចជារបស់អ្នក ព្រោះធ្វើបែបនេះនឹងជួយឲ្យអ្នកប្រឹងប្រែងធ្វើការអស់ពីលទ្ធភាព។ ការលើកឡើងបែបនេះ គឺនៅក្នុងសិក្ខាសាលាចិត្តសាស្ត្រទំនាក់ទំនងនៅ CKCC កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។
«មិនថាខ្ញុំធ្វើការឲ្យគេ ឬ បើកអាជីវកម្មរបស់ខ្លួនឯងនោះទេ...ការខិតខំប្រឹងប្រែងរបស់ខ្ញុំគឺនៅដដែល»។ អ្នកជំនួញវ័យក្មេងរូបនេះបញ្ជាក់។ ក្នុងន័យនេះលោកចង់បញ្ជាក់ថា ការខិតខំប្រឹងប្រែងចំពោះការងាររបស់ខ្លួន គឺមិនមានអ្វីផ្លាស់ប្ដូរនោះទេ ចាប់តាំងពីលោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស រហូតដល់ក្លាយជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសាលារៀនឯកជនមួយ ព្រោះថា លោកតែងចាត់ទុកថា លោកបានមិនធ្វើការឲ្យគេនោះឡើយ តែលោកចាត់ទុកថា ក្រុមហ៊ុននោះជារបស់ខ្លួន អ៊ីចឹងហើយបានជាលោកបំពេញការងារចេញពីចិត្តយ៉ាងពិតប្រាកដតែម្តង នាំឲ្យលទ្ធផលការងារ ទទួលបានល្អប្រសើរជានិច្ច។ រហូតដល់ថ្ងៃលោកបើកអាជីវកម្មខ្លួនឯង ក៏ការខិតខំប្រឹងប្រែងរក្សានៅដដែល ពោលគឺមិនផ្លាស់ប្ដូរអ្វីឡើយ។ ប្រសិនធ្វើការមិនដើម្បីតែលុយ អ្នកនឹងខិតខំអស់ពីលទ្ធភាពដើម្បីភាពរីកចម្រើន។ ម៉្យាងវិញទៀត ដោយសារតែអ្នកបញ្ចេញសក្ដានុពលអស់ពីលទ្ធផលក្នុងការងារ ជាលទ្ធផល អ្នកនឹងសម្រេចកិច្ចការបានច្រើននិងទទួលបានលទ្ធផលល្អផងដែរ ហើយអ្នកនឹងផ្ដល់ជូននូវតួនាទីកាន់តែធំ ហើយលុយនឹងរត់រកអ្នកតែឯកឯង។ សូមបញ្ជាក់ថា ក្នុងវ័យជាង៣០ ប្លាយ លោកកែវ ឡង់ឌីពិតជាទទួលបានជោគជ័យក្នុងអាជីពការងារយ៉ាងធំធេង ដោយមានតួនាទីខ្ពស់ និង ប្រាក់ខែវិញ គឺរាប់ពាន់ដុល្លារក្នុងមួយខែ ហើយចុងក្រោយ លោកបានសម្រេចចិត្តលាឈប់ ដើម្បីបើកអាជីវកម្មខ្លួនឯង។
ដោយ៖ អ៊ឹង មុយយូ