​មេរៀន​ដ៏​មាន​តម្លៃ ៣យ៉ាង ដែល​អ្នក​អាច​​រៀន​សូត្រ​បាន​ពី​សត្វ​ស្រមោច​



​សត្វ​ស្រមោច​ថ្វី​ត្បិត​តែ​មាន​​មាឌ​តូច ​ប៉ុន្តែ​ជា​សត្វ​ដែល​គេ​ទទួល​ស្គាល់​ថា​ខ្លាំង​។ ​មិន​តែ​ប៉ុណ្ណោះ សត្វ​ស្រមោច​ក៏​ជា​សត្វ​ដែល​មាន​ការ​​តស៊ូ ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការងារ​និង​ពូកែ​ធ្វើ​ការ​ងារ​ជា​ក្រុម​ផង​ដែរ។ ​ក្រៅ​ពី​ចំណុច​​ល្អ​ខាង​​លើ​នេះ ខាង​ក្រោម​ក៏​ជា​មេរៀន​ដ៏​មាន​តម្លៃ​ដែល​អ្នក​អាច​សិក្សា​បាន​ពី​សត្វ​ស្រមោច​​ ដែល​មាន​ប្រយោជន៍​ដល់​ជីវិត​និង​ការងារ​របស់​អ្នក៖

១) មិន​ដែល​បោះ​បង់៖ ​ជា​ការ​​ពិត​ណាស់ ប្រសិន​​ជា​អ្នក​​ឃើញ​ស្រមោច​កំពុង​តែ​ពាំ​យក​​នូវ​អាហារ​ហើយ​អ្នក​ទៅ​បិទ​ផ្លូវ​របស់​ស្រមោច​ដែល​កំពុង​ធ្វើ​ដំណើរ​នោះ ​អ្នក​នឹង​ឃើញ​ថា​ស្រមោច​មិន​ដែល​​រាថយ​​​ឬ​​បោះ​បង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ស្រមោច​តែង​តែ​ស្វែង​រក​ផ្លូវ​ផ្សេង​​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​​ជា​និច្ច​។ ​​ក្នុង​ជីវិត​ពិត​ក៏​ដូច​គ្នា​ដែរ អ្នក​មិន​ត្រូវ​ឈប់​ស្វែង​រ​ក​ដំណោះ​ស្រាយ​​​រាល់​ពេល​ដែល​អ្នក​រាំងស្ទះ​​ឡើយ។

២) ​គិត​ពី​រដូវ​រងា​នា​ខែ​ក្ដៅ៖ ​ដូច​ដែល​អ្នក​ធ្លាប់​​បាន​ដឹង​​​ពី​រឿង​និទាន​អំពី​ស្រមោច​ហើយ​ថា​ស្រមោច​ខិត​ខំ​ប្រឹង​ប្រែង​ប្រមូល​អាហារ​ស្តុក​ទុក​សម្រាប់​​រដូវ​រងា​ពី​ព្រោះ​ថា​នៅ​ខែ​រងា ស្រមោច​មិន​អាច​ទ្រាំ​​នឹង​អាកាស​ធាតុ​ត្រជាក់​បាន​​ទេ។ ​​និយាយ​ឲ្យ​សាមញ្ញ​មាន​ន័យ​ថា​​ ស្រមោច​គិត​គូរ​​​បាន​វែង​ឆ្ងាយ​​។ ដូច្នេះ​ហើយ ពេល​​​​រដូវ​រងា​មក​ដល់ ​សត្វ​ស្រមោច​ក៏​ពុំ​ជួប​បញ្ហា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ផង​ដែរ​ព្រោះ​ពួក​គេ​បាន​ត្រៀម​លក្ខណៈ​​រួច​រាល់​។

៣) ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព៖ ស្រមោច​មិន​ត្រឹម​តែ​​គិត​ពី​អនាគត​ឬ​គិត​បាន​វែង​ឆ្ងាយ​នោះ​ទេ ស្រមោច​ក៏​​​​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​​កិច្ច​ការ​នា​ពេល​បច្ចុប្បន្ន​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួក​គេ​ដែរ។ ដូច​​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ សត្វ​ស្រមោច​ត្រូវ​ប្រមូល​អាហារ​ស្តុក​ទុក​សម្រាប់​រដូវ​រងា។ ប៉ុន្តែ ស្រមោច​មិន​ដែល​គិត​ថា​ត្រូវ​ប្រមូល​ទុក​ត្រឹម​តែ​រដូវរងា​នោះ​ទេ ពួក​គេ​ប្រមូល​ទុក​អាហារ​តាម​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន។ នេះ​​ជា​មេរៀន​ដ៏​ល្អ​​មួយ​សម្រាប់​មនុស្ស​រាល់​គ្នា​​រៀន​សូត្រ​។ រាល់​ពេល​ដែល​អ្នក​ធ្វើ​កិច្ច​ការ​អ្វី​មួយ អ្នក​គួរ​តែ​​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ អស់​ពី​កម្លាំង​កាយ​ចិត្ត អ្នក​នឹង​ទទួល​បាន​នូវ​ផល​តបស្នង​នា​ថ្ងៃ​អនាគត៕

ដោយ៖ អឹុង មុយយូ ​​​​

X
5s