គ្រូបង្វឹកផ្នែកអាជីវកម្ម លោក អ៊ីវ គឹមសួ៖ ការធ្វើអាជីវកម្មគឺដូចដើមឈើអីចឹង «លូតលាស់ ឬក៏ងាប់!»
«ការធ្វើអាជីវកម្មគឺប្រៀបបាននឹងការដាំដើមឈើ ពោលគឺបើមិន «លូតលាស់ គឺងាប់ (either grow or die)!» នេះជាការថ្លែងរបស់លោក អ៊ីវ គឹមសួ អគ្គនាយក និងជាគ្រូបង្វឹកផ្នែកអាជីវកម្មក្រុមហ៊ុន Action Coach Cambodia ក្រោមប្រធានបទ “តើត្រូវត្រៀមអ្វីខ្លះបើចង់បើកអាជីវកម្ម?” នៅផាកកាហ្វេសាខាត្រសក់ផ្អែម កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
លោក គឹមសួ មានប្រសាសន៍ថា ការធ្វើអាជីវកម្ម គឺមិនត្រូវរំពឹងចង់បានអាជីវកម្មមានស្ថិរភាពនោះទេ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវរៀបចំផែនការ និងរៀបចំយុទ្ធសាស្ត្រយ៉ាងណាឱ្យអាជីវកម្មលូតលាស់ទៅមុខជានិច្ច។ លោក បានប្រៀបប្រដូចការធ្វើជាអាជីវកម្ម ដូចនឹងដើមឈើ បើវាមិនលូតលាស់ គឺមានតែងាប់។
សម្រាប់អ្នកជំនាញរូបនេះ ការធ្វើអាជីវកម្មក៏ដូចគ្នានឹងការដាំដើមឈើអីចឹងដែរ ម្ចាស់អាជីវកម្មត្រូវកំណត់គោលដៅលើកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយកំណើនទៀតសោតគឺត្រូវតែមានទំហំធំឡើងៗ ពោលគឺមិនអាចទំហំតូចទៅៗនោះទេ។
ទន្ទឹមនឹងការរៀបចំផែនការអាជីវកម្មនេះដែរ លោក គឹមសួ លើកឡើងថា ការស្វែងយល់ពីទីផ្សារតាមរយៈការស្រាវជ្រាវទីផ្សារ (market research) មានដូចជាការស្ទង់មតិពីទីផ្សារ (market survey) ជាដើមគឺមិនអាចអត់បានដែរ ដើម្បីធានាបានថា ផលិតផលដែលដាក់ចេញនៅលើទីផ្សារឆ្លើយតបនឹងតម្រូវរបស់អតិថិជនគោលដៅ ព្រមទាំងធានាបាននូវកំណើនពីមួយរយៈពេលទៅមួយរយៈពេល៕