ហេតុផលដែលនាយកប្រតិបត្តិ SpaceX និង Tesla លោក Elon Musk តែងលើកទឹកចិត្តបុគ្គលិកឲ្យហ៊ាននិយាយអំពីកំហុសឆ្គងលោក
តើអ្នកធ្លាប់មានបំណងចង់ប្រាប់មេរបស់អ្នកអំពីកំហុសឆ្គងរបស់គាត់ ឬអំពីបញ្ហាដែលកើតមាននៅក្នុងក្រុមហ៊ុនរបស់អ្នកដែរឬទេ? លោក Elon Musk នាយកប្រតិបត្តរបស់ក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla និងលោក Ray Dalio នាយកប្រតិបត្តក្រុមហ៊ុនវិនិយោគ Bridgewater ចង់ឲ្យបុគ្គលិករបស់ពួកគេហ៊ានបញ្ចេញមតិអំពីកំហុសឆ្គង់របស់លោក និងអ្វីដែលមើលឃើញនៅក្នុងក្រុមហ៊ុន។
ទោះបីជាការផ្ដល់មតិកែតម្រូវកំហុសឆ្គងរបស់មហាសេដ្ឋីប្រាក់រាប់ពាន់លានដុល្លារទំនងជារឿងមិនសមរម្យ តែលោក Elon Musk និង លោក Ray Dalio បានបង្កើតឲ្យមានវប្បធម៌មួយដែលបុគ្គលិកទាំងអស់អាចបញ្ចេញមតិយោបល់របស់ខ្លួននៅពេលដែលមានអ្វីមួយខូចខាត មានបញ្ហា ឬការដឹកនាំមិនត្រឹមត្រូវក្នុងក្រុមហ៊ុន។ ការធ្វើបែបនេះ ក៏ព្រោះថា លោកទាំងពីរគិតថាភាពល្អឥតខ្ចោះគឺទាមទារឲ្យអ្នកទាំងអស់គ្នាក្នុងក្រុមបញ្ចេញយោបល់កែតម្រូវ។
លោក Adam Grant ដែលជាអ្នកចិត្តសាស្ដ្រ ជាសាស្ត្រាចារ្យលំដាប់កំពូលនៅសាលាធុរកិច្ច Wharton និងជាអ្នកនិពន្ធសៀវភៅឱ្យ The New York Times ដែលលក់ដាច់បំផុតដែលមានដូចជា សៀវភៅ Give and Take សៀវភៅ Original និង សៀវភៅ Option B បានលើកឡើងថា ៖«មានភស្ដុតាងបង្ហាញថា ការមានគំនិត និងមតិយោបល់ច្រើនគឺធ្វើឲ្យការសម្រេចចិត្តកាន់តែមានប្រសិទ្ធភាព បើទោះបីជាការសម្រេចចិត្តនោះមិនត្រឹមត្រូវក៏ដោយ»។
ភាពដែលអាចទៅរួចក្នុងការធ្វើការសម្រេចចិត្តដ៏ល្អមួយ ឬការមានដំណោះស្រាយដែលមានភាពច្នៃប្រឌិតក្នុងបញ្ហានឹងផុសឡើង ហើយហេតុផលនេះហើយដែលថាគំនិតច្រើនផ្សេងគ្នានឹងធ្វើឲ្យយើងធ្វើការវិភាគបានហ្មត់ចត់ ដើម្បីគិតពិចារណាម្ដងទៀត ពីដំណើរការនិងជម្រើសដែលអាចទៅរួច។ ជំនួសឲ្យការគិតដែលមានគំនិតស្របគ្នាតែមួយ ពួកគេភ្ញោចឲ្យមានការគិតបែបផ្សេងគ្នា ដែលធ្វើឲ្យយើងមានគំនិតចម្រុះគ្នា នេះបើតាមការបញ្ជាក់ពីលោក Adam Grant ទៅកាន់ CNBC។
អ្វីដែលលោក Elon Musk បានព្យាយាមធ្វើនោះ គឺធ្វើឲ្យមានការបញ្ចេញមតិ នេះបើតាមប្រសាសន៍របស់លោក Grant អំពីអ្វីដែលលោកបានសន្ទនាជាមួយលោក Elon Musk ។ ការដំណើរការបង្ហោះផ្កាយរណបទី9 ឈ្មោះ Falcon របស់ SpaceX បានផ្ទុះឆេះ ហើយលោក Elon ចង់ដឹងពីដំណើរការដ៏គ្រោះថ្នាក់បំផុត ហើយកត្តាដែលធ្វើឲ្យមានការផ្ទុះឡើងនោះគឺលេខ 11។ ដូចនេះហើយទើបលោក Elon Musk បានបង្កើតវប្បធម៌មួយក្នុង SpaceX ដែលបុគ្គលិកទាំងអស់មានអំណាចបញ្ចេញមតិយោបល់របស់ពួកគេ។
លោកបានបន្តទៀតថា បើអ្នកមើលឃើញបញ្ហាអ្វីមួយដែលទំនងជាមិនពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងស្រុង ហើយបើអ្នកគិតថាបញ្ហាដ៏តូចតាចនោះមានផលប៉ះពាល់ទៅដល់ភាពជោគជ័យរបស់យើងទាំងអស់គ្នា សូមប្រាប់ដល់លោក។ លោកបានបន្តទៀតថា លោកមានការភ័យខ្លាចខ្លាំង ប្រសិនបើពួកគេនៅបន្តស្ងៀមស្ងាត់ ជាងការភ័យខ្លាចពេលពួកគេនិយាយពីបញ្ហាចេញមកក្រៅទៅទៀត នេះបើតាមការឲ្យដឹងពីលោក Grant។ លោកបញ្ជាក់ដូច្នេះថា ៖«យើងមិនចង់ឲ្យមានវប្បធម៌មួយដែលអ្នកបញ្ចេញមតិផ្ទុយត្រូវកំចាត់ចោលនោះទេ។ យើងសរសើរអ្នកដែលរកឃើញកត្តាគំរាមគំហែង ឬកត្តាបង្កហានីភ័យដល់ក្រុមហ៊ុនយើង»។
ស្រដៀងគ្នានេះដែរ សហគ្រិនវិនិយោគឯកជន លោក Ray Dalio បានចែករំលែកតាមរយៈសារអេឡិចត្រូនិចមួយ ដែលលោកទទួលបានពីបុគ្គលិកថ្នាក់ទាបម្នាក់។ លោក Dalio បានចែករំលែកអត្ថបទនោះបន្តតាមរយះ TED Talk។ អត្ថបទនោះមានសេចក្ដីដូចខាងក្រោម៖ «លោក Ray លោកសមនឹងទទួលបានពិន្ទុ D សំរាប់សកម្មភាពរបស់លោកក្នុងការប្រជុំថ្ងៃនេះ។ លោកមិនបានធ្វើការរៀបចំខ្លួនសោះឡើយ។ ក្នុងពេលខាងមុខ ខ្ញុំនិងយើងទាំងអស់គ្នាចង់ឲ្យលោកយកពេលខ្លះដើម្បីរៀបចំ ឬខ្ញុំអាចជជែកជាមួយលោកដើម្បីឲ្យមានភាពកក់ក្ដៅ ប៉ុន្តែយើងមិនចង់ឃើញរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ។ ប្រសិនបើលោកគិតថាការយល់ឃើញរបស់ខ្ញុំមិនត្រឹមត្រូវ សូមលោកសាកសួរអ្នកដ៏ទៃទៀតចុះ បើមិនអញ្ចឹងទេយើងអាចជជែកអំពីវាបន្ថែមទៀត។» «ខ្ញុំមិនដែលស្គាល់អ្នក តែខ្ញុំមិនដែលគិតថាខ្ញុំហ៊ានបញ្ចូនសារអេឡិចត្រូនិចទៅកាន់ស្ថានិកក្រុមហ៊ុនរបស់ខ្ញុំដែលមានលុយរាប់ពាន់លានដុល្លានោះទេ»។
នេះបើតាមលោក Grant បានប្រាប់ទៅកាន់ CNBC។ លោក Ray ក៏បានឆ្លើយតបយ៉ាងគួរឲ្យភ្ងាក់ផ្អើលថា លោកសុំទោសដែលធ្វើឲ្យបុគ្គលិកនោះអាក់អន់ចិត្ត ហើយគាត់បានបញ្ចូនសារនោះទៅកាន់គណៈកម្មាធិការគ្រប់គ្រងក្នុងក្រុមហ៊ុន Bridgewater ហើយបានឲ្យពួកគេតាមដានសកម្មភាពរបស់លោកដើម្បីឲ្យដឹងថាវាជាកំហុសដែលលោកអាចរៀនសូត្រពីវាបាន។
ការចង់ដឹងពីការរិះគន់របស់លោក Dalio ធ្វើឲ្យអ្នកដ៏ទៃទៀតក្នុងក្រុមហ៊ុនធ្វើតាមគាត់ផងដែរ។ យើងចង់ដឹងថាការដឺកនាំបែបនេះមានប្រសិទ្ធិភាពពីរយ៉ាង នេះបើតាមការពន្យល់របស់លោក Grant។ ចំណុចទីមួយនោះ គឺធ្វើឲ្យអ្នកដឹកនាំផ្សេងទៀតក្នុងក្រុមហ៊ុនចាប់ផ្ដើមមើលឃើញអ្វីដែលកើតឡើងហើយចាប់ផ្ដើមគិត នឹងមានការបើកចំហចិត្តជាងមុន។
ប្រសិនបើលោក Ray អាចធ្វើអីចឹងបាន ពួកយើងទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នា។ ហើយចំណុចទីពីរនោះគឺ វាជាសញ្ញាប្រាប់ទៅអ្នកទាំងអស់គ្នាក្នុងក្រុមហ៊ុន Bridgewater ថាការបញ្ចេញមតិរបស់ពួកគេមានតម្លៃណាស់ នៅពេលគេបញ្ចេញមតិបើទោះបីជាមតិនោះជាការរិះគន់អ្នកដឹកនាំកំពូលៗក៏ដោយ ពួកគេត្រូវបានគេចាប់អារម្មណ៍ហើយគំនិតរបស់អ្នកនោះនឹងត្រូវបានគេទទួលយក។
លោក Grant និយាយថា បំណងរបស់លោក Dalio គឺជាការហ៊ានទទួលយកការវាយប្រហារ។ នេះគឺជាវិធីសាស្ត្រដ៏មានឥទ្ធិពលមួយដែលបង្កើតឲ្យមានវប្បធម៌មួយដែលការបញ្ចេញមតិជារឿងមួយដែលមិនគួរឲ្យភ័យខ្លាចទៀតឡើយ ហើយនេះមិនមែនជាការអនុវត្តដែលមិនមានគោលដៅនោះទេ៕
ដោយ៖ លង់ វណ្ណៈ