ទម្លាប់របស់មហាសេដ្ឋីជោគជ័យ ១១យ៉ាង ដើម្បីបង្កើតលុយ និងបង្កើតទ្រព្យបានឆាប់ៗ!
ជាការពិត ផ្នត់គំនិតរបស់មនុស្សជោគជ័យ ឬផ្នត់គំនិតរបស់សហគ្រិន គឺខុសពីផ្នត់គំនិតរបស់មនុស្សធម្មតា។ បុគ្គលជោគជ័យ មានទម្លាប់ និងផ្នត់គំនិតសាមញ្ញតែពួកគេធ្វើជាប្រចាំដើម្បីសម្រេចគោលដៅ ឬគោលបំណងដែលបានដាក់ចេញ។ ខាងក្រោមនេះ គឺជាចំណុចងាយៗ ចំនួន ១១យ៉ាងដែលលោកអ្នកអាចរៀនសូត្របានពីបុគ្គលជោគជ័យទាំងអស់នោះ៖
១) បន្ថែមតម្លៃជានិច្ច
គុណតម្លៃ កើតចេញពីការផ្ដល់នូវអត្ថបទប្រយោជន៍ដល់សេវាកម្មឬផលិតផលសម្រាប់អតិថិជន។ បុគ្គលជោគជ័យក្នុងលោកដឹងច្បាស់ថា ប្រសិនបើចង់បង្កើតលុយបានច្រើននោះ នោះគឺត្រូវបន្ថែមតម្លៃ (value) ដល់ផលិតផល ឬសេវាកម្មរបស់ពួកគេ។ ពាក្យថា តម្លៃនោះ គឺសំដៅទៅលើអត្ថប្រយោជន៍។ បើថ្ងៃនេះអតិថិជនទទួលបានប៉ុណ្ណេះ នោះថ្ងៃក្រោយយើងបន្ថែមអត្ថប្រយោជន៍ទៀត។ នៅពេលដែលអតិថិជនពេញចិត្តនឹងអត្ថប្រយោជន៍ដែលអ្នកផ្ដល់ឱ្យហើយ ច្បាស់ណាស់ថា អាជីវកម្មនឹងរីកចម្រើនទៅមុខ។
២) ក្រោកពីព្រលឹម
មិនខុសពីអត្ថបទមុនៗប៉ុន្មានទេ។ ការក្រោកពីព្រលឹម គឺជាទម្លាប់សម្រាប់បុគ្គលជោគជ័យគ្រប់ៗគ្នាមិនថានៅប្រទេសកម្ពុជា ឬនៅបរទេសនោះទេ។ ក្រោកពីព្រលឹមធ្វើឱ្យអារម្មណ៍អាចស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយអ្នកអាចចម្រាញ់នូវគំនិតល្អៗ ជាពិសេសគិតពីផែនការសម្រាប់ធ្វើប្រចាំថ្ងៃ។ នេះជាផ្នែកមួយជួយឱ្យអ្នកបោះជំហានឆ្ពោះទៅកាន់ការសម្រេចគោលដៅបានឆាប់រហ័ស។
៣) ហាត់ប្រាណ
គិតពីវិធីរកលុយបានយ៉ាងម៉េចចេញ ប្រសិនបើអ្នកខ្សោយខាងសុខភាពនោះទេ។ បុគ្គលជោគជ័យតែងតែធ្វើឱ្យអារម្មណ៍ និងរាងកាយរបស់គេរឹងមាំ។ កត្តារឹងមាំនេះហើយដែលធ្វើឱ្យពួកគេអាចគិតរឿងល្អៗចេញ ហើយធ្វើឱ្យពួកគេហែល វារ លូន ដើរ ឬរត់ឆ្ពោះទៅកាន់ភាពជោគជ័យបាន។
៤) ការកំណត់ផែនការប្រចាំថ្ងៃ៖
ការធ្វើផែនការរយៈពេលវែង គឺជារឿងសំខាន់ ក៏ប៉ុន្តែដើម្បីបង្កើតលុយ និងទ្រព្យបានឆាប់ ការធ្វើផែនការ និងកំណត់គោលដៅប្រចាំថ្ងៃគឺមិនអាចខ្វះបាននោះទេ។ បញ្ហាអាចកើតមានគ្រប់ពេល ហើយពេលខ្លះកើតឡើងខុសពីការរំពឹងទុករបស់យើង ដូច្នេះ ផែនការ និងគោលដៅប្រចាំថ្ងៃ អាចឱ្យយើងសម្រួចខ្លួនដើរទៅកាន់គោលដៅបាន។ ធ្វើវានៅពេលព្រឹកព្រលឹមអ្នកនឹងជោគជ័យ
៥) ការគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព
មនុស្សនៅលើសកលលោកយើងនេះមានពេលតែ ២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា។ ដូច្នេះហើយ អ្នកត្រូវប្រើប្រាស់វាឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនឹងមិនទទួលបានអ្វីទាល់តែសោះសម្រាប់ខ្លួនឯង។ អីចឹងហើយបានជាលោកអ្នកចាំបាច់ត្រូវមានផែនការ និងគោលដៅប្រចាំថ្ងៃរាល់ថ្ងៃ។
៦) ពង្រីកការទំនាក់ទំនង
ការធ្វើអាជីវកម្មនាសតវត្សទី ២១នេះ ទំនាក់ទំនង ឬហៅថា networking គឺជាធាតុផ្សំនៃភាពជោគជ័យរបស់អាជីវកម្មនីមួយៗ។ ព្យាយាមពង្រីកឱ្យបានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ស្គាល់មនុស្សឱ្យបានច្រើនប្រភេទ ធ្វើការនៅច្រើនវិស័យ អ្នកនឹងកាន់តែអាចពង្រីកដៃគូអាជីវកម្មរបស់ខ្លួន។ បើមិនបានសម្រេចអាជីវកម្មជាមួយគ្នាទេយ៉ាងហោចណាស់លោកអ្នកបានណែនាំពីក្រុមហ៊ុនរបស់ខ្លួនឯងឱ្យគេស្គាល់ដែរ នោះក៏ជាផ្នែកមួយនៃការកសាងម៉ាកយីហោរបស់ខ្លួន។
៧) ពង្រឹងផ្នែកស្មារតី និងអារម្មណ៍របស់អ្នក (innercising)
ដូចមានការបញ្ជាក់ពីខាងដើមអីចឹងដែរ ការហាត់ប្រាណជួយអ្នកឱ្យមានរាងកាយមាំមួន ក៏ប៉ុន្តែរឿងមួយទៀតអ្នកក៏ត្រូវបង្វឹកផ្នែកស្មារតី និងអារម្មណ៍របស់អ្នកឱ្យបានរឹងមាំផងដែរ។ កុំទាន់ជ្រាយ និងឆាប់បាក់ទឹកចិត្តពេលប្រឈមនឹងបញ្ហា។ គិតអ្វីដែលវិជ្ជមាន និងកត្តាជំរុញទឹកចិត្តដើម្បីឱ្យអ្នកដើរហែលឆ្លងបញ្ហារាប់ជំពូកបាន។
៨) អាហារដែលផ្ដល់នូវសុខភាព
ក្រៅពីហាត់ប្រាណ អាហារក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជីវិតរបស់អ្នក។ ដូច្នេះ ហើយការជ្រើសរើសអាហារដែលផ្ដល់នូវប្រយោជន៍ច្រើនដល់សុខភាព គឺជារឿងចាំបាច់ក្នុងជីវិតរបស់អ្នក។ សុរា និងបារី បើអាចជៀសបាន គួរជៀស តែបើមិនអាចជៀសបានគួរកាត់បន្ថយតាមតែអាចធ្វើទៅបាន
៩) សន្សំ និងវិនិយោគ
នេះជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតជាសហគ្រិន។ បើគ្មានចំណុចនេះទេ អ្នកមិនបាច់ក្លាយទៅជាសហគ្រិនឬអ្នករកស៊ីដែលអាចបង្កើតទ្រព្យ និងលុយបានច្រើននោះទេ។ សហគ្រិនគឺត្រូវចេះសន្សំ ហើយលុយដែលសន្សំគឺយកមកបង្កើតលុយទៀត ដែលនេះគេហៅថា ការវិនិយោគនេះឯង។ សហគ្រិនជោគជ័យផ្ដោតទៅលើកិច្ចការ ឬវិស័យដែលខ្លួនកំពុងធ្វើ ប៉ុន្តែគេមិនដែលផ្ដោតតែទៅលើការរកស៊ីតែមួយមុខនោះទេ។ ដើម្បីកាត់បន្ថយហានិភ័យ រកស៊ីច្រើនមុខ គឺជាចំណុចស្នូលមួយសម្រាប់ភាពជាសហគ្រិន។
១០) ត្រូវការអ្នកផ្ដល់យោបល់
បើអ្នកមិនអាចស្វែងរកទីប្រឹក្សាដ៏ពូកែបាន យ៉ាងហោចណាស់ក៏ស្វែងរកមិត្តដែលពូកែៗ ហើយព្យាយាមរក្សាទំនាក់ទំនងឱ្យបាន។ ពេលខ្លះបញ្ហារបស់យើងលើសពីសមត្ថភាពរបស់យើង។ យើងត្រូវការអ្នកជួយផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាផ្សេងៗ ជាពិសេសរឿងធ្វើអាជីវកម្មតែម្ដង។
១១) ចែករំលែកទៅកាន់អ្នកដទៃ
ប្រសិនបើអ្នករកលុយឬមានទ្រព្យច្រើនសម្រាប់ខ្លួនឯងហើយ ចូរអ្នកកុំភ្លេចការចែករំលែកដល់អ្នកដទៃ។ ការចែករំលែកមិនមែនគោលដៅសង្ឃឹមថាបានអ្វីមកតបស្នងអ្នកវិញនោះទេ ប៉ុន្តែយ៉ាងហោចណាស់អ្នកបានចូលរួមជួយអ្នកដទៃផងដែរ។ ការចែករំលែកនេះ មិនមែនសំដៅតែទៅលើលុយកាក់ ឬទ្រព្យសម្បត្តិនោះទេ លោកអ្នកអាចចែករំលែកគំនិតរបស់អ្នកដល់អ្នកផ្សេងទៀតឱ្យបានជាមេរៀនជីវិតសម្រាប់ពួកគេ។ នៅប្រទេសកម្ពុជា យើង គួរសរសើរដល់សហគ្រិនជោគជ័យជាច្រើនដែលបាននិងកំពុងចែករំលែកនូវគំនិតជោគជ័យរបស់ពួកលោកអ្នករកស៊ីក្មេងៗ និងអ្នកដែលកំពុងបំពេញការងារដើម្បីផ្ដល់នូវទុនគំនិតសម្រាប់ប្រកបការងារ និងអាជីវកម្មឱ្យរីកចម្រើន។ យើងក៏រីកចម្រើន អ្នកដទៃក៏រីកចម្រើន នោះហើយទើបធ្វើឱ្យប្រទេសជាតិរបស់យើងរីកចម្រើនដែរ៕
ដោយ៖ ខេមមី