ស្រោម iPhone ​ទំនើប​អាច​លុប​បំបាត់​​ស្នាម​ឆ្កូត​​បាន​ដោយ​ស្វ័យប្រវត្តិ​​ត្រឹមតែ ២០វិនាទី (​​វីដេអូ)​



​បច្ចេកវិទ្យា​អាច​លុប​បំបាត់​ស្នាម​ឆ្កូត​ដោយ​ខ្លួន​ឯង (self-healing) ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ និង​បំពាក់​លើ​ស្រោម​ទូរស័ព្ទ​ទំនើបៗ បន្ទាប់ពី​គេ​ធ្លាប់​ឃើញ ក្រុមហ៊ុន LG ​បាន​ប្រើ​នៅ​លើ​ស្មាតហ្វូន​កោង​របស់​ខ្លួន​ម៉ូដែល G Flex និង G Flex 2 កន្លង​ទៅ។ បណ្ដា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​បន្ថែម (accessory) ​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ បំបាក់​ទៅ​លើ​ផលិតផល​របស់​ខ្លួន។ ជាក់ស្ដែង​ស្រោម​ទូរស័ព្ទ​ពិសេស​នេះ បាន​ឆ្លង​កាត់​ការ​ធ្វើតេស្ត​ពី​ក្រុមហ៊ុន Just Mobile ​រួច​មក​ហើយ ដែល​វា​មាន​សមត្ថភាព​អាច​លុប​បំបាត់​ស្នាម​ឆ្កូត​ដោយ​ស្វ័យប្រវត្តិ​ក្នុង​រយៈពេល​តែ ២០វិនាទី ហើយ​ក៏​មាន​លក់​នៅ​លើ​ទីផ្សារ​ហើយ​ដែរ។ https://youtu.be/BQSoDTINuOc ​ជា​ទូទៅ​ស្រោម​ទូរស័ព្ទ​គឺ​ប្រើ សម្រាប់​ការពារ​ទូរស័ព្ទ​ពី​ស្នាម​ឆ្កូត​ផ្សេងៗ ក៏​ប៉ុន្តែ​ស្រោម​ទូរស័ព្ទ​ធម្មតា​អាច​នឹង​រង​សម្ពាធ​ផ្សេងៗ​ដូច​គ្នា ដោយសារ​តែ​វា​មាន​នាទី​ការពារ​ទូរស័ព្ទ​ផ្នែក​ខាងក្រៅ នាំ​ឱ្យ​ស្រោម​ឆាប់​ចាស់។ ជាមួយ​ស្រោម​ទូរស័ព្ទ​ថ្មី​នេះ នឹង​ផ្ដល់​អារម្មណ៍​ល្អ​ជូន​អ្នក​ប្រើ ដោយ​មិន​ត្រឹមតែ​អាច​លុប​បំបាត់​ស្នាម​ឆ្កូត​ដោយ​ស្វ័យប្រវត្តិ ផ្ដល់​ភាព​ថ្មី​បាន​យូរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ត្រូវ​បាន​ឌីហ្សាញ​មាន​លក្ខណៈ សាមញ្ញ ស្ដើង​ស្អាត ងាយស្រួល​ដាក់​តាម​ហោប៉ៅ។

ស្រោម​ទូរស័ព្ទ​នេះ ​មាន​លក្ខណៈ​ថ្លា ហើយ​ថែមទាំង​បំពាក់​បច្ចេកវិទ្យា self-healing ​ដែល​អាច​ជួសជុល​ស្នាម​ឆ្កូត​ផ្សេងៗ ឱ្យ​វិល​មក​រក​សភាព​ដោយ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ ស្រោម​ទូរស័ព្ទ​ពិសេស​នេះ មាន ៣ពណ៌​គឺ​ពណ៌​គ្រីស្តាល់​ថ្លា ពណ៌​ម៉ាត​ខ្មៅ និង​ពណ៌​ស។ ស្រោម​សម្រាប់ iPhone 6s/iPhone 6 ​មាន​តម្លៃ ២៤,៩៥ដុល្លារ លក់​នៅ​លើ​វែបសាយ​របស់ Just Mobile ហើយ iPhone 6s Plus/iPhone 6 Plus ​មាន​តម្លៃ​ថ្លៃ​ជាង ៥ដុល្លារ​ប៉ុណ្ណោះ​ពោល​គឺ ២៩,៩៥ដុល្លារ៕
X
5s