BMW ទើបប្រកាសរថយន្តថ្មីជំនាន់ Edition គឺ BMW 7 Series Edition 40 Jahre នឹងមានលក់ក្នុងចំនួនកំណត់
ថ្មីៗនេះ ក្រុមហ៊ុន BMW ទើបប្រកាសចេញរថយន្តស៊េរីថ្មី ស្ថិតក្នុងសែស្រឡាយ 7 Series តែជាជំនាន់ថ្មី ត្រូវបានសម្រិតសម្រាំង និងផលិតក្នុងចំនួនកំណត់។ រថយន្តស៊េរីថ្មីនេះ ត្រូវក្រុមហ៊ុនហៅឈ្មោះថា BMW 7 Series Edition 40 Jahre ដែលនឹងត្រូវផលិតលក់ត្រឹម ២០០គ្រឿងប៉ុណ្ណោះ។
BMW 7 Series Edition 40 Jahre ជារថយន្តត្រូវបានផលិត ដើម្បីអបអរខួប ៤០ឆ្នាំនៃស៊េរីរថយន្ត 7 Series របស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ។ រថយន្តនឹងត្រូវផលិតដោយបំពាក់មុខងារមួយចំនួន ពិសេសខុសពីម៉ូដែលធម្មតា។ អស់រយៈពេល ៤ ទសវត្សមកហើយ ម៉ូដែល “7” គឺជានិមិត្តរូបនៃរថយន្តម៉ាក BMW ដែលត្រូវបានគេស្គាល់ថា ជារថយន្តប្រណិត បច្ចេកវិទ្យាទំនើប និងជារថយន្តមានការច្នៃប្រឌិតខ្ពស់។
ជាមួយម៉ូដែលរថយន្តស៊េរីខ្ពស់បំផុត របស់ BMW គឺត្រូវបានក្រុមហ៊ុនបង្អួតនូវសមិទ្ធផលដែលជាបច្ចេកវិទ្យាមានភាពឆ្លាតវៃ សម្រាប់បម្រើតម្រូវការអ្នកប្រើប្រាស់បានកាន់តែល្អប្រសើរ ផ្ដល់ទំនុកចិត្ត ផាសុកភាព សមត្ថភាព និងគុណភាពខ្ពស់។ ការច្របាច់បញ្ចូលគ្នារវាងរថយន្តធម្មតា ជាមួយរថយន្តសម្រិតសម្រាំងមានការច្នៃប្រឌិតប្លែកខុសគ្នា គឺនៅតែជាអត្តសញ្ញាណដែល BMW ចង់បង្ហាញ អំពីសមិទ្ធផលរថយន្តប្រណិត និងជាស៊េរីរថយន្តស៊ីដាន (sedan) ជំនាន់ទី៦ បំពាក់លើរថយន្តដែលត្រូវបានឱ្យឈ្មោះថ្មីថា BMW 7 Series Edition 40 Jahre។
BMW 7 Series Edition 40 Jahre នឹងបង្ហាញខ្លួនក្នុងពិព័រណ៍ Frankfurt International Motor Show (IAA) ឆ្នាំ២០១៧ ក្នុងពេលខាងមុខ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ BMW