ទីបំផុត រូបរាងឌីហ្សាញ iPhone 8 លេចឡើងហើយ មានគែមអេក្រង់ស្ដើងត្រឹម 4mm នឹងមានតម្លៃចាប់ពី $១១០០
ផ្អែកតាមការចុះផ្សាយពីទស្សនាវដ្ដី forbes បានបង្ហាញនូវ រូប render ស្ដីពី iPhone 8 ព្រមជាមួយស្រោមទូរស័ព្ទម៉ាក Nodus ដែលត្រូវបានផលិតសម្រាប់តម្រូវជាមួយរូបរាងផ្លាស់ប្ដូរថ្មីនៅលើ iPhone 8 តែម្ដង។ វាពិតជាអាចទៅរួច ដូចដែលសេចក្ដីរាយការណ៍លើកឡើងថា Apple នឹងធ្វើការផ្លាស់ប្ដូរធំចំពោះ iPhone 8 ដែលជាទូរស័ព្ទទំនើបគម្របខួប ១០ឆ្នាំរបស់ខ្លួន។
ប្រភពដដែលលើកឡើងថា Apple អាចមិនទាន់ធ្វើការបង្កប់បច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមកញ្ចក់អេក្រង់នៅឡើយ តែអាចប្រើនៅលើប៊ូតុងបិទ/បើក (Power) ជំនួសវិញ ព្រោះបើតាមឃើញក្នុងរូប render ខាងលើ ប៊ូតុង Power គឺត្រូវបានពង្រីកទំហំ។ ងាកមកមើលចំណុចផ្លាស់ប្ដូរផ្សេងទៀត ឃើញថា រូបដែលគេរំពឹងជា iPhone 8 នេះ បានភ្ជាប់កាមេរ៉ាភ្លោះ dual camera តែតម្រៀបជាទម្រង់បញ្ឈរ មិនមែនផ្ដេកដូចនៅលើ iPhone 7 Plus នោះទេ។
ជាក់ស្ដែង ក្រុមហ៊ុនឯកទេសផលិតស្រោមទូរស័ព្ទម៉ាក Nodus បានបង្ហាញស្រោមដែលមើលទៅគឺត្រូវនឹងរូបរាង iPhone 8 តែម្ដង ពោលគឺមានប្រលោះកាមេរ៉ាក្រោយរាងបញ្ឈរ សម្រាប់ប្រើជាមួយកាមេរ៉ាភ្លោះបញ្ឈរបាន។ គេហទំព័រ Forbes ដដែល បានលើកឡើងថា iPhone 8 នឹងជាទូរស័ព្ទថ្លៃជាងគេក្នុងចំណោម iPhone ដែលធ្លាប់ចេញលក់កន្លងមក ដែលតម្លៃរបស់វា ចាប់ពី ១១០០ដុល្លារ ទៅ ១២០០ដុល្លារ។
ប្រភពព័ត៌មានខ្លះ បានអះអាងថា Apple នឹងចេញលក់ iPhone 8 តែពីរទំហំប៉ុណ្ណោះគឺ 128GB ឬ 256GB៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena