ចំណុច៣យ៉ាងដែលមនុស្សជោគជ័យ(ប្រហែល១%) ក្នុងលោកធ្វើ ខណៈជាង៩០%មិនធ្វើ
នៅក្នុងលោកនេះ មនុស្សជោគជ័យមានទ្រព្យសម្បត្តិរាប់ពាន់លានគឺមានត្រឹមតែ១%ប៉ុណ្ណោះ ក្រៅពីនោះ៩៩%ទៀតគឺជាមនុស្សដែលមិនអាចសម្រេចឈោងទៅដល់ភាពជោគជ័យមួយនេះ។
មនុស្ស១% មាននូវអត្តចរិតមួយដែលមនុស្ស៩៩%ទៀតមិនមាន នោះគឺពួកគេបង្កើតសំណាងឲ្យខ្លួនឯង។ ពួកគេមានការទទួលខុសត្រូវទាំងស្រុងនិងមានភាពប្រាកដប្រជាចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់ពួកគេ ដោយមិនបណ្ដែតបណ្ដោយរង់ចាំព្រេងសំណាងពីលើមេឃ ដើម្បីផ្ដល់ឱកាសឲ្យពួកគេក្លាយជាមនុស្សដែលពួកគេចង់បាននោះឡើយ។ ដូច្នេះ តើពួកគេបង្កើតសំណាងឲ្យខ្លួនឯងយ៉ាងដូចម្ដេចខ្លះ ?
១) ដាក់កំណត់ឲ្យខ្លួនឯងស្វែងរកភាពល្អអស្ចារ្យជានិច្ច
បើទោះជាគ្មានអ្វីល្អឥតខ្ចោះនៅលើលោកនេះ ប៉ុន្តែមនុស្សជោគជ័យនឹងព្យាយាមឆ្លងហួសរំលងពីដែនកំណត់បច្ចុប្បន្នរបស់ខ្លួន។ ពួកគេព្យាយាមអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យល្អជាងខ្លួនឯងកាលពីម្សិលមិញ ព្រោះទោះជាយ៉ាងណាក៏ដោយ ក៏ដែនកំណត់របស់មនុស្សគឺមនុស្សខ្លួនឯងនេះឯងជាអ្នកកំណត់ឲ្យខ្លួនឯង។ ដូច្នេះ សំលៀងចំណេះដឹង សមត្ថភាពនិងជំនាញទាំងឡាយ ដែលចាំបាច់សម្រាប់សម្រេចគោលដៅ បន្តិចម្ដងៗនោះទឹកដែលតក់ៗគង់តែបំពេញបំពង់មិនខាន។
២) មនុស្ស១%ឲ្យមនុស្ស៩៩%ធ្វើការឲ្យ
វាអាស្រ័យទៅលើថាតើអ្នកអាចបែងចែកថាអ្វីជាកិច្ចការសំខាន់ ហើយអ្វីគ្រាន់តែជាកិច្ចការបន្ទាប់បន្សំសម្រាប់អ្នក។ នៅពេលអ្នកបែងចែកច្បាស់លាស់ហើយ នោះអ្នកនឹងអាចផ្ដោតចំគោលដៅទៅលើអ្វីដែលសំខាន់ពិតប្រាកដ ហើយទុកការងារណាដែលបន្ទាប់បន្សំឲ្យអ្នកដទៃទៀតធ្វើជំនួសអ្នក។ តាមវិធីនេះហើយ ដែលអ្នកអាចបង្កើតប្រាក់ចំណូលចេញពីប្រភពផ្សេងៗជាច្រើនទៀតនៅជុំវិញខ្លួនអ្នកបានយ៉ាងមានប្រសិទ្ធភាព។
៣) ចាយលុយដើម្បីបង្កើតលុយ
អ្នកណាក៏ចេះចាយលុយដែរ តែអ្វីដែលធ្វើឲ្យអ្នកស្ថិតក្នុងចំណោមមនុស្ស១%ឬក៏មនុស្ស៩៩%នោះស្ថិតនៅត្រង់ថា តើអ្នកប្រើប្រាស់វាយ៉ាងដូចម្ដេច ? តើអ្វីជាភាពខុសគ្នារវាងការចង់បាននិងតម្រូវការ ? នៅពេលអ្នកដឹងពីភាពខុសប្លែកគ្នារវាងចំណុចទាំងពីរនេះ នោះអ្នកនឹងអាចចាយលុយយ៉ាងឆ្លាតវៃ និងដឹងថាតើចំណាយទៅលើអ្វីទើបអាចបង្កើតលុយត្រឡប់មកឲ្យអ្នកវិញ។ បើចាយបានត្រឹមត្រូវនោះលុយដែលកាន់តែចាយនឹងកាន់តែកើន ដែលខុសពីមនុស្សក្នុងចំណោម៩៩%ដែលកាន់តែចាយនឹងកាន់តែហិនហោចដូច្នោះ៕
ដោយ៖ ស្រីពៅ