សេដ្ឋី​វ័យ​ក្មេង​​អាយុ​ជាង​​២០​ លោក Brain Wong ​​​ប្រាប់​​ពី​​គន្លឹះ​​​​រក​​ឲ្យ​ឃើញ​ពី​​​អំណាច​​ដ៏​អស្ចារ្យ​​​ក្នុង​​ខ្លួន​យើង​



មាន​សហគ្រិន​ជាច្រើន​រូប កំពុង​តែរះឡើង​ និង ជោគជ័យជា​បន្តបន្ទាប់នៅលើពិភពលោក ដែលនេះបង្ហាញ​ថា​អ្វីៗ​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​ដោយ​ចេញ​ពី​ចិត្ត​ស្រឡាញ់​ពិត​ប្រាកដ ស្ថិត​នៅ​ក្នុង​ដែន​កំណត់​របស់​អ្នក​។ តួយ៉ាង​ក៏​មាន​សហគ្រិន​វ័យ​២៦​ឆ្នាំ​មួយ​រូប ដែល​បាន​ក្លាយ​ជា​ម្ចាស់​គ្រប់គ្រង​ក្រុមហ៊ុន​ដែល​រក​បាន​ចំណូល​២០​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧ ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​ដៃ​មួយ ដែល​មាន​ឈ្មោះ​ថា Kiip។

សហគ្រិន​វ័យ​ក្មេង​រូប​នេះ​គឺ​ចង់​សំដៅ​លើ​លោក Brain Wong ដែល​ជា​CEO​និង​ជា​សហ​ស្ថាបនិក​របស់ Kiip នេះ​ឯង។  ​លោក ​បាន​បញ្ជាក់ថា ការរកឲ្យឃើញនូវអំណាចដ៏អស្ចារ្យក្នុងខ្លួនរបស់យើង គឺពិតជា​សំខាន់ ក្នុងដំណើរឆ្ពោះទីទៅរកភាពជោគជ័យ។ 

លោក Brain Wong គឺជា​ឧទាហរណ៍​មួយ​ដែល​បាន​បង្ហាញ​ថា​អាយុ​គ្រាន់តែ​ជា​តួលេខ ហើយ​ភាព​ជោគជ័យ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​របស់​អ្នក​ប៉ុណ្ណោះ ។ អាយុ​ត្រឹម​១៩​ឆ្នាំ គាត់​បាន​បង្កើត​ក្រុមហ៊ុន Kiip មួយ​នេះ​ឡើង ហើយ​ត្រឹមតែ​១​ឆ្នាំ​កន្លង​ផុត​ទៅ សហគ្រិន​ជនជាតិ​កាណាដា​រូប​នេះ​ក៏​បាន​ក្លាយ​ជា​ម្ចាស់​គ្រប់គ្រង​ទៅលើ​ទ្រព្យសម្បត្តិ​ចំនួន​១​លាន​ដុល្លារ​នៅ​អាយុ​ត្រឹមតែ​២០​ឆ្នាំ​ប៉ុណ្ណោះ។ តើ​អ្វី​ទៅ​គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់​ដែល​នាំ​លោក​ទៅ​រក​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​បែប​នេះ ?

នៅ​ក្នុង​ការ​សម្ភាស​មួយ​របស់ CNBC គាត់​បាន​ផ្ដល់​នូវ​ចម្លើយ​ដ៏​សាមញ្ញ​បំផុត​មួយ ដែល​ជា​គ្រឿងផ្សំ​នាំ​លោក​ទៅ​សម្រេច​ភាព​ជោគជ័យ ដែល​នោះ​គឺជា​ការ​ស្គាល់​ថា​ថាមពល​ដ៏​អស្ចារ្យ​របស់​ខ្លួន​អ្នក​គឺជា​អ្វី​នេះ​ឯង។ ថាមពល​ដ៏​អស្ចារ្យ​នៅ​ទីនេះ​គឺ​ចង់​សំដៅ​ទៅលើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ​ជាង​អ្នកដទៃ ហើយ​គ្រប់​គ្នា​សុទ្ធតែ​មាន​នូវ​ថាមពល​ដ៏​អស្ចារ្យ​ទាំងនេះ​រៀងៗ​ខ្លួន ដូច្នេះ​អ្នក​ត្រូវ​ស្វែងរក​ថាមពល​អស្ចារ្យ​របស់​អ្នក​ឲ្យ​ឃើញ និង​យក​វា​មក​ប្រើប្រាស់​ដើម្បី​សម្រេច​ភាព​ជោគជ័យ​ដែល​អ្នក​ចង់​បាន។

បើ​អ្នក​មិន​យក​វា​មក​ប្រើប្រាស់​ទេ នោះ​អ្នក​គឺជា​មនុស្ស​ឆ្កួត​ហើយ។ បើ​គោលដៅ​របស់​អ្នក​គឺជា​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​បាន​មែន ដូច្នេះ​កុំ​អល់អែក​នឹង​ការ​បញ្ចេញ​សកម្មភាព​ធ្វើ​វា ហើយ​ក៏​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ​គេ​គិត​យ៉ាង​ណា​ឬ​និយាយ​យ៉ាង​ណា​នោះ​ដែរ។ បើ​អ្នក​ខ្វះខាត​ដើមទុន ត្រូវ​រក​ដើមទុន​ដោយ​ខ្លួនឯង គឺ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​អាច​បង្កើត​ក្រុមហ៊ុន​របស់​អ្នក​បាន។

បើ​អ្នក​ចង់​បង្កើត​អ្វីមួយ ត្រូវ​បង្កើត​វា​ឡើង​ជាមួយ​នឹង​ជំនាញ​ដែល​អ្នក​មាន ឬ​សំដៅ​លើ​ថាមពល​អស្ចារ្យ​របស់​អ្នក​នេះ​ឯង ហើយ​បើ​អ្នក​មិន​ចេះ​អ្វី ត្រូវ​រៀន​សូត្រ​បន្ថែម​អំពី​អ្វី​ដែល​អ្នក​ខ្វះខាត​នោះ។ អ្នក​ត្រូវ​ចេះ​បង្កើត​សំណាង​ឲ្យ​ខ្លួនឯង ពុំ​មែន​ចាំ​សំណាង​ធ្លាក់​ពី​លើ​មេឃ ឬ​ដេក​ចាំ​ថា​មាន​នរណា​ម្នាក់​ពី​ស្ថានសួគ៌​មក​ប្រស់​អ្នក​ឲ្យ​ក្លាយ​ជា​មហាសេដ្ឋី​រាប់​ពាន់​លាន​នោះ​ដែរ៕

ដោយ៖ ស្រីពៅ

X
5s