លោក Robert Kiyosaki ៖ ហេតុផល៣យ៉ាង បញ្ជាក់ថាការរៀបចំថវិកាត្រឹមត្រូវ នឹងជួយឲ្យអ្នករួចផុតពី«ជីវិតក្រីក្រ»
លោក Robert Kiyosaki គឺជាអ្នកជំនួញ អ្នកនិពន្ធ និង អ្នកបង្វឹកភាពជោគជ័យដ៏ល្បីល្បាញមួយនៅ អាមេរិក និង នៅលើពិភពលោកផងដែរ។ លោកយល់ឃើញថា មនុស្សភាគច្រើន តែងខ្វះការយកចិត្តទុកដាក់លើការរៀបចំថវិកាឲ្យបានល្អ ដូច្នេះ ហើយធ្វើឲ្យពួកគេនៅតែក្រ ទោះមានចំណូលច្រើនគួរសមក៏ដោយ។ ខាងក្រោមនេះជា សារសំខាន់នៃការរៀបចំថវិកាត្រឹមត្រូវ៖
១) ការរៀបចំថវិកា នឹងបង្ហាញអ្នកយ៉ាងច្បាស់អំពីការចំណាយប្រចាំខែ៖ មនុស្សជាច្រើនតែងតែសប្បាយចាយ ពេលមានលុយនៅក្នុងដៃ ហើយតាំងមកទឹកភ្នែកពេលក្រោយ នៅពេលចាយលុយអស់មុនខែ។ បញ្ហានេះក៏ដោយសារតែ ពួកគេមិនបានប្រុងប្រយ័ត្ន និង មានគម្រោងចំណាយច្បាស់លាស់ ជាហេតុចាយអស់ប៉ុន្មានក៏មិនដឹង ឲ្យតែសប្បាយចិត្ត។
២) ជួយឲ្យអ្នកដឹងថា ប្រភពណាខ្លះដែលអ្នកត្រូវការសម្រាប់ជីវភាព៖ អ្នកខ្លះសប្បាយពេលរកលុយបានច្រើនគួរសម ដោយភ្លេចគិតអំពីការសន្សំ ហើយចេះតែចាយ ហើយភ្លេចគិតថា គួរធ្វើអ្វីដើម្បីអាចទាញប្រភពចំណូលបានបន្ថែមទៀត អ៊ីចឹងហើយនៅពេលដែលប្រភពចំណូលបច្ចុប្បន្នមានបញ្ហា គឺអ្វីៗត្រូវចប់។ ប៉ុន្តែបើពួកគេមានការរៀបចំថវិកាត្រឹមត្រូវនោះ វានឹងជួយឲ្យអ្នកទាំងនោះ អាចគិតឃើញអំពីវិធីក្នុងការបង្កើតចំណូលបន្ថែមទៀតបាន។
៣) ជួយឲ្យអ្នកអាចចេញសកម្មភាព ក្នុងការបង្កើតប្រភពចំណូលបន្ថែមទៀត៖ នៅពេលអ្នកមានរបាយការណ៍ច្បាស់លាស់នៅក្នុងដៃហើយ អ្នកប្រាកដជាអាចប្រាកដក្នុងចិត្តថា តើគួរ និង អាចធ្វើអ្វីខ្លះលើចំណុចដែលអ្នកគិតថា អាចបង្កើតប្រភពចំណូលបន្ថែមទៀតសម្រាប់ខ្លួនឯង។ នេះជាចំណុចសំខាន់ ព្រោះបើអ្នកចាប់ផ្តើមសកម្មភាព ដោយមិនដឹងច្បាស់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឯង វានឹងធ្វើឲ្យអ្នកអាចនឹងប្រឈមនឹងបញ្ហាជាច្រើន៕