ចំណុចដែលអ្នកគួរពិចារណាស្វែងយល់អំពីខ្លួនឯង នៅមុនរាល់ការសម្រេចចិត្តរៀនភាសាបរទេសនិងចំណេះដឹងផ្សេងទៀត​



ក្រៅ​ពី​ភាសា​ជាតិ​កំណើត​របស់​ខ្លួនឯង​ម្នាក់ៗ​ហើយ អ្នក​ណា​ក៏​ចង់​ចេះ​ភាសា​ដទៃ​ទៀត​ដែរ។ ហេតុអ្វី ? បើ​ទោះ​ជា​មនុស្ស​ម្នាក់ៗ​មាន​គោលដៅ​ផ្សេងៗ​គ្នា​សម្រាប់​ការ​រៀន​ភាសា​បរទេស ទោះជាយ៉ាងណាក៏ដោយ​ហេតុផល​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មាន​នោះ​គឺ​ការ​ចេះ​ភាសា​ច្រើន​ធ្វើឲ្យ​បុគ្គល​ម្នាក់​នោះ​មាន​ភាព​កក់ក្ដៅ​និង​សុវត្ថិភាព។ កក់ក្ដៅ​មិន​មែន​មានន័យ​តូច​ចង្អៀត​សំដៅ​ត្រឹមតែ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​នោះ​ឡើយ ប៉ុន្តែ​សមត្ថភាព​ដែល​បុគ្គល​នោះ​អាច​ប្រើប្រាស់​សម្រាប់​អាន និយាយ និង​យល់​ពី​ភាសា​ដទៃ បាន​បើក​ឱកាស​សម្រាប់​ពួកគេ​ឲ្យ​មើល​ឃើញ​ពិភពលោក​កាន់តែ​ទូលំទូលាយ​ជាង​មុន និង​ពង្រីក​ដែន​កំណត់​របស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ឱកាស​ល្អៗ​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ដែរ។

ហេតុនេះ ចំណុច​សំខាន់​បំផុត​ដែល​អ្នក​គួរ​គិត​ពិចារណា មុន​ពេល​ពុះ​កញ្ជ្រោល​ចិត្ត​ចង់​បង្កើន​ចំណេះដឹង​លើ​ភាសា​ដទៃ អ្នក​គួរ​ស្វែងរក​គោលដៅ​ជាក់ច្បាស់​មក​ទប់​ខ្លួនឯង​ជាមុន​សិន។ ហេតុអ្វី​ត្រូវ​រក​មូលហេតុ​ជាក់លាក់​មក​ទប់​ខ្លួនឯង ? ទប់​ខ្លួនឯង​ឲ្យ​ជាប់​ពី​ការ​អូសទាញ​នៃ​អារម្មណ៍​ទាំងឡាយ​ដែល​ដឹកនាំ​អ្នក​ទៅ​រក​ការ​បោះបង់​ហើយ​បរាជ័យ​អស់​មួយ​ជីវិត​នេះ​ឯង។ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ឈាន​ជើង​ចេញ​ពី​តំបន់​សុវត្ថិភាព​ដែល​អ្នក​ធ្លាប់​តែ​ស្រណុក​សុខ​ស្រួល​ពី​ទម្លាប់​ដដែលៗ ឬ​សកម្មភាព​ដដែលៗ អ្នក​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ឧបសគ្គ​ជាច្រើន​រាប់​មិន​អស់។ ហើយ​ត្រូវ​ចងចាំ​ថា​មិនមែន​មាន​តែ​អ្នក​នោះ​ទេ​ដែល​លំបាក ព្រោះ​អ្នក​ណា​ក៏​លំបាក​ដែរ។ ភាព​ជោគជ័យ​គឺជា​របស់​មាន​តម្លៃ របស់​មាន​តម្លៃ​មិន​ធ្លាក់​ទៅលើ​ដៃ​មនុស្ស​ខ្ជិល​និង​គ្មាន​ការ​អត់ធ្មត់​នោះ​ឡើយ។ យ៉ាងណាមិញ បើ​អ្នក​មាន​មូលហេតុ​ច្បាស់លាស់​មក​ដាស់តឿន​ខ្លួនឯង​រាល់​ពេល​ជួប​ការ​លំបាក នោះ​អ្នក​នឹង​គ្មាន​ថ្ងៃ​បោះបង់​នោះ​ឡើយ ឬ​សូម្បី​តែ​គិត​ក៏​មិន​ធ្លាប់​គិត​ដល់​ដែរ បើ​ទោះ​ជា​ធ្លាប់​គិត តែ​មូលហេតុ​របស់​អ្នក​នឹង​ផ្ដល់​ជា​សំឡេង​បញ្ចេញ​ពី​ខាង​ក្នុង​មក​ប្រាប់​អ្នក​ជានិច្ច ក៏​ព្រោះ​តែ​វា​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ពិត​ប្រាកដ។ ប៉ុន្តែ បើ​ដូច​ខ្លែង​ដាច់​ខ្សែ នោះ​វា​នឹង​ហោះហើរ​លើ​អាកាស​មិន​បាន​យូរ​នោះ​ឡើយ គង់​តែ​ធ្លាក់​មក​លើ​ដី​វិញ​មិនខាន។ នៅ​ពេល​អ្នក​ស្វែងរក​គោលដៅ​សម្រាប់​ទប់​ខ្លួនឯង​ឲ្យ​ជាប់​ហើយ។

អ្នក​គួរ​ស្វែងយល់​អំពី​ខ្លួនឯង​ថា​តើ​ការ​រៀន​សូត្រ​តាម​របៀប​ណា ទើប​អ្នក​ឆាប់​ចាប់​បាន​បំផុត ? វិធីសាស្ត្រ​ណា​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ខួរក្បាល​អ្នក ? ព្រោះ​មនុស្ស​ម្នាក់ៗ​មិន​មែន​រៀន​សូត្រ​ចេះ​តាម​របៀប​ដូចៗ​គ្នា​នោះ​ឡើយ។ ទៅ​អង្គុយ​រៀន​ស្ដាប់​គ្រូ​យកចិត្តទុកដាក់​នៅ​សាលា​ប៉ុណ្ណា​ក៏​ដោយ បើ​អ្នក​មិន​ស្គាល់​ខ្លួនឯង​ថា​វិធីសាស្ត្រ​មួយ​នេះ​ល្អ​សម្រាប់​អ្នក​ឬ​អត់ នោះ​វា​នឹង​ខ្ជះខ្ជាយ​ពេលវេលា ប្រាក់កាស និង​កម្លាំង​កាយ​ចិត្ត​អ្នក​ទៅវិញ​នោះ​ទេ។ មាន​អ្នក​ខ្លះ​រៀន​ចេះ​ដោយ​កម្លាំង​ជំរុញ​ពី​ខាងក្នុង​ខ្លួន​ពួកគេ ឬ​មាន​ខ្លួនឯង​ជា​អ្នក​ដឹកនាំ​ខ្លួនឯង គឺជា​កម្លាំង​ជំរុញ​ដែល​ចង់​ចេះ​ចង់​ដឹង​ដែល​រុញ​ច្រាន​ពួកគេ​ឲ្យ​ពោរពេញ​ដោយ​ថាមពល​ក្នុង​ការ​បង្កើន​ការ​ចេះដឹង​របស់​ខ្លួន ដើម្បី​ចៀស​ឆ្ងាយ​ពី​ភាព​អវិជ្ជា​និង​ល្ងង់ខ្លៅ។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​ត្រូវការ​ការ​ដឹកនាំ​ពី​គ្រូ​និង​មិត្តភ័ក្ដិ ដើម្បី​អាច​រៀន​សូត្រ​ចេះ​ដឹង​បាន។ នេះ​បញ្ជាក់​ថា​វិធីសាស្ត្រ​តែ​ម្យ៉ាង​ពុំ​អាច​ប្រើ​ការ​បាន​ចំពោះ​គ្រប់​មនុស្ស​ទាំងអស់​នោះ​ឡើយ។ វា​អាស្រ័យ​លើ​អ្នក​ជា​អ្នក​ស្វែងយល់​ខ្លួនឯង ព្រោះ​មាន​តែ​អ្នក​ខ្លួនឯង​ទេ​ដែល​ស្គាល់​ខ្លួនឯង​ច្បាស់​ជាង​នរណាៗ​ទាំងអស់។ ជំហាន​បន្ទាប់បន្សំ​មក​គឺ​ស្ថិត​នៅ​លើ​អ្នក​ខ្លួនឯង ជា​អ្នក​អនុវត្ត ស្រាវជ្រាវ​បន្ថែម ហ្វឹកហាត់​បន្ថែម និង​ប្ដេជ្ញា​សម្រេច​ទៅ​ឲ្យ​ដល់​គោលដៅ ដោយ​ពុំ​មែន​គ្រាន់តែ​អង្គុយ​គិត​បាន​តែ​គំនិត​ល្អ ហើយ​មិន​ធ្វើ​នោះ​ឡើយ។ ម្យ៉ាងទៀត​ចំណុច​សំខាន់​ទាំងនេះ​ក៏​មិនមែន​ប្រើ​ការ​សម្រាប់​តែ​ការ​រៀន​ភាសា​បរទេស​នោះ​ឡើយ ប៉ុន្តែ​វា​គឺជា​អ្វី​ដែល​អ្នក​គួរ​គិត​នៅ​មុន​ការ​សម្រេច​ចិត្ត​រៀន​សូត្រ​គ្រប់​អ្វីៗ​ក៏​ដោយ៕

ដោយ៖ ស្រីពៅ

X
5s