មានគម្រោងចង់ក្លាយជាគ្រូសាកលវិទ្យាល័យ(Lecturer)មែនទេ? ចំណុចគោលៗទាំងនេះនឹងជួយអ្នកបាន
និស្សិតមួយចំនួន តែងមានគម្រោងចង់ក្លាយជាគ្រូបង្រៀននៅឯសាកលវិទ្យាល័យ។ ការងារនេះ ទទួលការផ្ដល់តម្លៃខ្ពស់ពីសង្គម មានមុខមានមាត់ ហើយប្រាក់ខែក៏ខ្ពស់ទៀត។ តែទន្ទឹមនឹងនោះ វាទាមទារច្រើនណាស់ដែរ មុននឹងក្លាយជាគ្រូសាកលវិទ្យាល័យបាន។ តើមានអ្វីខ្លះ?
១) ត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬក៏ថ្នាក់បណ្ឌិតរឹតតែល្អ៖ ដូចដែលអ្នកដឹងហើយ កម្រិតសិក្សាទាបបំផុតសម្រាប់គ្រូសាកលវិទ្យាល័យយ៉ាងហោចណាស់ក៏បានរៀនដល់បរិញ្ញាបត្រជាន់ខ្ពស់ដែរ (Master Degree)។ បើសិនជាអ្នកចង់ធ្វើ ជំហានដំបូងគឺរៀនឲ្យដល់ថ្នាក់ទាំងនោះសិនទៅ។
២) ចុះហ្វឹកហាត់ការងារដើម្បីទទួលបានបទពិសោធន៍៖ អ្នកគប្បីចុះហ្វឹកហាត់ការងារឲ្យបានច្រើនដើម្បីទទួលបានបទពិសោធន៍ឲ្យក្រាស់ក្រែលក្នុងការបង្រៀន និងការស្រាវជ្រាវនានា។ ការបង្កើតទំនាក់ទំនង និងសិក្សាយកបទពិសោធន៍ថ្មីៗបានច្រើន វានឹងបង្កើនឱកាសការងារដល់អ្នក។
៣) ប្ដេជ្ញានឹងការងារខ្លួនឯង៖ ជាការពិតណាស់ ធ្វើជាគ្រូបង្រៀនគឺមិនមែនបង្រៀនឲ្យតែដល់ម៉ោងហើយទៅផ្ទះនោះទេ។ អ្នកគប្បីប្ដេជ្ញានឹងខ្លួនឯងផង ថាតើការបង្រៀនអ្នកអាច ឲ្យសិស្សចាប់បានប៉ុន្មានភាគរយដែរ?
៤) ចេះរៀបចំគម្រោងសិក្សាច្បាស់លាស់៖ ដល់ពេលនោះ កាតព្វកិច្ចចម្បងរបស់អ្នកគឺការរៀបចំមេរៀនសម្រាប់សិស្ស។ ពេលដល់សាកលវិទ្យាល័យ ប្រាកដណាស់ គឺមានថ្នាក់រៀនមិនតិចឡើយដែលអ្នកត្រូវគ្រប់គ្រង។ ហេតុនេះត្រូវច្បាស់នឹងខ្លួនឯងថា តើអ្នកមានគម្រោងសិក្សាច្បាស់លាស់សម្រាប់ថ្នាក់នីមួយៗដែរឬអត់? បើមិនដូច្នោះទេ អ្នកអាចនឹងឈឺក្បាលវិលមុខ នឹងភាពរញ៉េរញ៉ៃទាំងនោះមិនខាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ teacher.org