​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?​



នេះ​ជា​សំណួរ​​ដែល​ប្អូន​ៗ​ដែល​ទើប​នឹង​បញ្ចប់​ការ​សិក្សា​ ឬ​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ចង់​ស្វែង​រក​ការងារ​ធ្វើ​​ ខណៈ​ដែល​ខ្លួន​គេ​មិន​ទាន់​​មាន​បទ​ពិសោធន៍​អ្វី​សោះ​តែ​ម្ដង។ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​សរសេរ​ប្រវត្តិរូប​សង្ខេប​របស់​អ្នក​​ឱ្យ​ទាក់ទាញ​ និង​ទទួល​​ការ​ហៅ​សម្ភាសន៍?

១) ​​គិត​និង​សរសេរ​​ពី​របៀប​រៀប​រយ​​សិន៖ ចំណុច​សំខាន់​ជាង​គេ​ទី​មួយ ​ដែល​​អ្នក​ត្រូវ​ធ្វើ​គឺ​ត្រូវ​សរសេរ​ឱ្យ​មាន​របៀប​រៀប​រយ​ ឬ​សោភ័ណភាព​។ ​លោក​អ្នក​ត្រូវ​ចេះ​ប្រើ​ភ្នែក​សម្លឹង​មើល​​គ្រប់​ចំណុច​ដែល​មើល​ទៅ​​អាច​នឹង​ទើស​ភ្នែក។ ​ឧទាហរណ៍​ដូច​ជា​ការ​ដក​ឃ្លា​ ការ​ដាក់​សញ្ញា​មិន​ត្រឹម​គ្នា​ margin ខុស សរសេរ​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដាក់​លាយ​ឡំ​នឹង​ចំណុច​ផ្សេង​ទៀត។ ដូច្នេះ​ ចំណុច​សំខាន់​មុន​ដំបូង​គេ​ គឺ​ត្រូវ​សរសេរ​ឱ្យ​មាន​របៀប​រៀប​រយ​​ ពោល​គឺ​មាន​លំដាប់​លំដោយ​យ៉ាង​ល្អ។ ​ចំណុច​សំខាន់​អ្នក​គួរ​យក​​គំរូ​តាម​មិត្តភ័ក្ដិ​ ឬ​បង​​ប្អូន​ដែល​ដាក់​ពាក្យ​ធ្វើ​ការ​បាន​ជោគជ័យ​​ ជា​ពិសេស​បង​ប្អូន​សាច់ញាតិ​ ឬ​មិត្តភ័ក្ដិ​ដែល​មិន​មាន​បទ​ពិសោធន៍​សោះ​តែ​ដាក់​ពាក្យ​ធ្វើ​ការ​ជាប់។ ​​

២) ពិនិត្យ​មើល​វេយ្យាករណ៍៖ ក្រៅ​ពី​ពិនិត្យ​មើល​ទៅ​លើ​សោភណភាព​​ហើយ​ ដល់​ពេល​ដែល​អ្នក​ត្រូវ​ពិនិត្យ​អក្សរ​ និង​វេយ្យាករណ៍​វិញ​ម្ដង។ ពិនិត្យ​ឡើង​វិញ​តាំង​ពី​ក្បាល​ទំព័រ​រហូត​ដល់​​ជួរ​អក្សរ​ក្រោម​គេ និង​ត្រូវ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​មាន​កំហុស​សូម្បី​តែ​មួយ។ ​នៅ​កម្ពុជា​ ការ​​យក​ប្រវត្តិរូប​ជា​ភាសា​​អង់គ្លេស​គឺ​ស្ទើរ​តែ​ទូទៅ​ទៅ​ហើយ ដូច្នេះ​ការ​សរសេរ​ប្រវត្តិរូប​មិន​ត្រូវ​ឱ្យ​ខុស​ជា​ដាច់​ខាត​​។ នេះ​ជា​ចំណុច​ទាក់ទាញ​មួយ​ទៀត។ ​

៣) ​សរសេរ​បរិយាយ​ពី​ចំណុច​ខ្លាំង​នៅ​មហាវិទ្យាល័យ៖ ​អ្នក​គ្មាន​បទ​ពិសោធន៍​​​លើ​មុខ​ជំនាញ​ដែល​គេ​ជ្រើស​រើស​ពិត​មែន​ តែ​អ្នក​អាច​សរសេរ​នៅ​កន្លែង​ប្រវត្តិ​អប់រំ​ (Education) ​អាច​ពន្លិច​នូវ​ភាព​ខ្លាំង​របស់​អ្នក​បាន។ ឧទាហរណ៍​ អ្នក​ជា​និស្សិត​ពូកែ​ប្រចាំ​ថ្នាក់​ ប្រចាំ​សាលា​ ឬ​​ទទួល​បាន​ប័ណ្ណ​សរសើរ​​ ឬ​ជ័យលាភី​​​កម្មវិធី​ប្រកួត​​ប្រជែង​អ្វី​មួយ​ជា​ដើម។ល។

៤) ​បទ​ពិសោធន៍​​កម្មសិក្សា​ ​ឬ​ហាត់​ការ​​៖ មិន​មែន​ឱ្យ​តែ​មាន​បទ​ពិសោធន៍​ការងារ​ជាក់​ស្ដែង​ទើប​ដាក់​ចូល​ក្នុង​ប្រវត្តិរូប​របស់​អ្នក​នោះ​ទេ​ អ្នក​ក៏​អាច​​សរសេរ​ពី​បទ​ពិសោធន៍​របស់​អ្នក​បើ​មាន​ការ​ចុះ​ហាត់​ការ​ការងារ​រយៈ​ពេល​បី​ខែ​ ប្រាំ​មួយ​ខែ​ ឬ​មួយ​ឆ្នាំ។ សូម្បី​ការ​ចុះ​កម្មសិក្សា​ ឬ​​​សិក្សា​គម្រោង​របស់​ក្រុមហ៊ុន​ណា​មួយ​ដើម្បី​បញ្ចប់​​​ថ្នាក់​មហាវិទ្យាល័យ​របស់​អ្នក​ក៏​គួរ​សរសេរ​ចូល​ជា​​បទ​ពិសោធន៍​របស់​អ្នក​បាន​ដែរ៕

ដោយ៖ រតនៈ​វិភូ

X
5s