ចំណុច៤យ៉ាងដែលមិត្តល្អតែងតែមាន
ទម្រាំតែមកដល់វ័យនេះ អ្នកប្រហែលជាស្គាល់មនុស្សរាប់ម៉ឺននាក់មកហើយ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលអ្នកអាចចាត់ទុកថាជាមិត្តជិតស្និទ្ធឬមិត្តពិតប្រាកដបាន? តើមានមនុស្សប៉ុន្មាននាក់ដែលអ្នកអាចទៅរកពេលអ្នកមានបញ្ហា? សម្រាប់មនុស្សខ្លះ មិត្តល្អគឺជាមនុស្សដែលមិនបំភ្លេចមិត្តភ័ក្ដិ ចេះជួយមិត្តភ័ក្ដិ។ ដូច្នេះហើយ ប្រសិនជាមិត្តជិតស្និទ្ធរបស់អ្នកមាននូវចំណុចខាងក្រោមនេះ នោះបញ្ជាក់គាត់គឺជាមិត្តពិតប្រាកដហើយ៖
១) ស្ដាប់រឿងរ៉ាវរបស់អ្នក៖ មិត្តល្អតែងតែមានទម្លាប់ចែករំលែករឿងរ៉ាវ រឿងផ្ទាល់ខ្លួនឬបញ្ហាទៅវិញទៅមក។ មិនថាអ្នកនិយាយរឿងដដែលៗប៉ុន្មានលានដងនោះទេ គាត់មិនដែលធុញទ្រាន់ឡើយ ថែមទាំងកំដរអ្នកជជែកនិងផ្តល់មតិយោបល់ដល់អ្នកទៀតផង។
២) មិនបោះបង់ចោលអ្នក៖ សម្រាប់មនុស្សខ្លះល្អតែសំបកក្រៅ ធ្វើល្អតែនៅចំពោះមុខនោះទេ តែពេលអ្នកមានបញ្ហាម្តងៗ គាត់មិនដែលមានវត្តមានសោះឡើយថែមទាំងរត់ចោលអ្នកថែមផង។ មិត្តល្អគឺជាមិត្តដែលមិនបំភ្លេចមិត្តពេលមានគ្រាអាសន្ន លើសពីនេះទៅទៀត គាត់នឹងជួយអ្នកទៀតប្រសិនជាមានលទ្ធភាព។
៣) ទទួលយកចំណុចអាក្រក់របស់អ្នក៖ ពិតប្រាកដណាស់ថាគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។ មនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចល្អនិងចំណុចអាក្រក់។ ប៉ុន្តែ សម្រាប់មនុស្សខ្លះ វាពិតជាពិបាកក្នុងការទទួលយកចំណុចអាក្រក់របស់នរណាម្នាក់។ ប៉ុន្តែ សម្រាប់មិត្តពិតប្រាកដវិញ បើទោះបីជាគេដឹងថាអ្នកមានចំណុចអាក្រក់ ហើយអ្នកមិនអាចកែប្រែវាបានក៏ដោយ គេនៅតែទទួលយកអ្នកនិងទទួលយកអ្វីដែលជាអ្នក។
៤) ស្មោះត្រង់នឹងអ្នក៖ មនុស្សដែលទើបតែស្គាល់ឬមិត្តធម្មតាតែងតែមានភាពគួរសមដាក់គ្នា គោរពគ្នាឬនិយាយតែចំណុចល្អដាក់គ្នាតែប៉ុណ្ណោះ។ បើទោះបីជាគេឃើញអ្នកធ្វើអ្វីដែលមិនត្រឹមត្រូវ ក៏គេមិននិយាយប្រាប់អ្នកដែរព្រោះក្លាយប៉ះពាល់ដល់មិត្តភាព។ ផ្ទុយទៅវិញ មិត្តដែលល្អពិតប្រាកដមិនឈរមើលអ្នកដើរលើផ្លូវខុសនោះទេ គេនឹងប្រាប់អ្នកតាមត្រង់បើទោះបីជាសម្តីរបស់ពួកគេអាចធ្វើឲ្យអ្នកឈឺចាប់ក្តី។ ចូរអ្នកចងចាំថា «អ្នកដែលស្រឡាញ់យើងពិតទើបគេវ៉ៃយើងព្រោះគេចង់ឲ្យយើងល្អ»៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ lifehack.org