ជិនហ្គីសខាន់ អធិរាជម៉ុងហ្គោល៖«បើអ្នកខ្លាចសូមកុំធ្វើតែបើជ្រុលជាធ្វើ សូមកុំខ្លាច»
«បើអ្នកខ្លាច សូមកុំធ្វើ តែបើជ្រុលជាធ្វើ សូមកុំខ្លាច» ។ នេះជាគិតដ៏មានតម្លៃរបស់ ជិនហ្គីស ខាន់ (Genghis Khan) អធិរាជ ម៉ុងហ្គោល ដែលត្រូវបានគេកត់ត្រាក្នុងប្រវត្តិសាស្ត្រពិភពលោកថា ជាបុគ្គលដ៏អស្ចារ្យមួយរូបក្នុងសម័យបុរាណ។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ភាពភ័យខ្លាចនឹងធ្វើឲ្យអ្នកមិនអាចធ្វើការងារមួយបានល្អនោះឡើយ ដូច្នេះហើយប្រសិនបើជ្រុលជាដាក់ចិត្តថា ធ្វើហើយ គឺត្រូវតែបំភ្លេចវាចោល ហើយផ្ដោតតែលើកិច្ចការដែលធ្វើនោះបានហើយ។
មានមនុស្សមិនតិចនោះទេ ដែលមិនអាចសម្រេចការងារ ឬ ធ្វើការងាររបស់ខ្លួនបានល្អ ព្រោះពួកគេមិនជឿជាក់លើខ្លួនឯង ដោយភ័យខ្លាចថា នឹងមានរឿងមិនល្អកើតឡើងអ៊ីចេះមួយអ៊ីចេះពីរ រហូតមិនអាចមានអារម្មណ៍មូលគ្រប់គ្រាន់ដើម្បីធ្វើវាឲ្យបានល្អ។ មានន័យថា ធ្វើទាំងខ្លាចធ្វើទាំងភ័យ ដែលអាចមានន័យសឹងតែបោះបង់ មុនការប្រកួត។ ដោយឡែកអ្នកខ្លះក៏គេមានភាពភ័យខ្លាចដូចគ្នាដែរ ប៉ុន្តែពួកគេបានតាំងចិត្តយ៉ាងមុតមាំថា បើជ្រុលជាសម្រេចចិត្តធ្វើទៅហើយ មានរឿងអ្វីត្រូវគិតរឿងខ្លាចទៀតនោះ ដូច្នេះ ហើយបើជ្រុលជាធ្វើហើយត្រូវធ្វើឲ្យអស់ដៃ និង ប្រមូលអារម្មណ៍ឲ្យមូលលើការងារ។ នៅទីបំផុត ភាពជោគជ័យ ក៏កើតមានចំពោះពួកគេ។ ប្រសិនបើអ្នកគិតចង់ ឬ ត្រូវធ្វើអ្វីមួយហើយ ត្រូវជម្រុះភាពភ័យខ្លាច និង ការមិនទុកចិត្តលើខ្លួនឯងចេញឲ្យអស់ពីក្នុងខ្លួន ព្រោះបើភ័យក៏មិនចំណេញអ្វីដែរ។ ប៉ុន្តែដើម្បីកុំឲ្យភ័យខ្លាចបាន វាអាស្រ័យលើការគិត និង ការតាំងចិត្តរបស់អ្នក៕