ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​អ្នក​មិន​​ជោគជ័យ​ក្នុង​មុខជំនួញ​របស់ខ្លួន​



មិន​ថា​អ្នក​ធ្វើ​ជំនួញ​អ្វី​ក៏​ដោយ ការ​មាន​គម្រោង​ច្បាស់លាស់​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​ការ​សម្រេច​នូវ​គម្រោង​ដែល​អ្នក​បាន​កំណត់​ទើប​ជា​រឿង​លំបាក។ ​អ្នក​ជំនួញ​មិន​​តិច​នាក់​នោះ​ទេ​ដែល​ចង់​បោះ​បង់​​ជំនួញ​ក្រោយ​ពីរ​​បី​ខែ​ដោយ​សារ​តែ​អ្វី​ៗ​មិន​​​ដូច​សេចក្ដី​ប្រាថ្នា​។ ខាង​ក្រោម​នេះ​​​គឺ​ជា​ហេតុផល​ដែល​រារាំង​អ្នក​មិន​ឲ្យ​​ជោគជ័យ​​ ហើយ​​ក៏​ជា​ឧបសគ្គ​ដែល​អ្នក​ត្រូវ​​តែ​​យក​ឈ្នះ​​​ឲ្យ​បាន៖

១) ស្រួល​ស្រមៃ​តែ​មិន​ហ៊ាន​នឹង​លះបង់៖ ​នៅ​ពេល​ដែល​យើង​ទើប​តែ​ចាប់​ផ្តើម​ជំនួញ​ដំបូង យើង​តែង​តែ​មាន​ផែន​ការ​ចង់​សម្រេច​នូវ​ចំណុច​នេះ​ចំណុច​នោះ​ជា​ដើម។ ប៉ុន្តែ ភាព​ជាក់ស្ដែង ដំណើរ​ជីវិត​ជា​អ្នក​ជំនួញ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ពេល​ខ្លះ អ្វី​ៗ​មិន​ដើរ​ដូច​អ្វី​ដែល​យើង​បាន​គិត​ទុក​ឡើយ ម៉្យាង​វិញ​ទៀត បញ្ហា​ឬ​ឧបសគ្គ​ចេះ​តែ​កើត​មាន​ឡើង​ជា​និច្ច​ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ជំនួញ​ជា​ច្រើន​​ស្រ្តេស​ ហើយ​ចង់​លំហែ​កាយ​​បន្ធូរ​អារម្មណ៍​ទៅ​វិញ​​។ ​ប៉ុន្តែ ដើម្បី​សម្រេច​គោលដៅ​ជំនួញ​បាន អ្នក​ជំនួញ​គ្រប់​រូប​​ត្រូវ​តែ​ហ៊ាន​លះបង់ លះបង់​ទាំង​ពេលវេលា​ផ្ទាល់​ខ្លួន លះបង់​ទាំង​ថាមពល ​​ខិត​ខំ​ធ្វើ​ការ​ដើម្បី​សម្រេច​​គោលដៅ​ឲ្យ​បាន​​។

២) ស្ដាប់​គំនិត​អវិជ្ជមាន​៖ ក្នុង​ខួរក្បាល​យើង​នេះ​តែង​មាន​សំឡេង​អវិជ្ជមាន​​មក​ខ្សឹកខ្សួល​​យើង​ថា​​យើង​មិន​អាច​ធ្វើ​វា​បាន​ទេ យើង​គ្មាន​សំណាង​ យើង​គ្មាន​សមត្ថភាព​។ យើង​ចាំ​បាច់​ត្រូវ​តែ​យក​ឈ្នះ​នូវ​គំនិត​អវិជ្ជមាន​​​​ទាំង​នេះ​​ឲ្យ​បាន ​បើ​មិន​ដូច្នេះ​ហើយ អ្នក​​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​​ពិត​ជា​អសមត្ថភាព​ គ្មាន​បាន​ការ​មែន ​ហើយ​ចាប់​ផ្តើម​មាន​គំនិត​ចង់​​បោះ​បង់​ជំនួញ​តែ​ម្តង។

៣) ខ្លាច​សម្ដី​អ្នក​ដទៃ​និង​ភាព​បរាជ័យ៖ អ្នក​ជំនួញ​ខ្លះ​​ខ្លាច​​​ការ​បរាជ័យ ខ្លាច​អ្នក​ដទៃ​មើល​មក​ខ្លួន​ឯង​ថា​គ្មាន​បាន​ការ មិន​អាច​សម្រេច​អ្វី​បាន​សោះ​។ អ្នក​​ខ្លាច​គំនិត​​អ្នក​ដទៃ​ដែល​គិត​មក​លើ​អ្នក​ជា​ជាង​ភាព​បរាជ័យ​​ក្នុង​ជំនួញ​ទៅ​ទៀត។ ប៉ុន្តែ អ្នក​ត្រូវ​ចង​ចាំ​បាន​ភាព​បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​ជំនួញ​តែ​ប៉ុណ្ណោះ គ្មាន​ជំនួញ​ណា​ដែល​មិន​ធ្លាប់​ភាព​បរាជ័យ​នោះ​ទេ។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ហ៊ាន​ប្រឈម​មុខ ទទួល​ស្គាល់​ការ​ពិត​ រៀន​ពី​វា​​ហើយ​​ផ្លាស់​ប្តូរ​​យុទ្ធសាស្ត្រ​ថ្មី។ ​នៅ​ទី​បំផុត​ គ្មាន​នរណា​ម្នាក់​គិត​ពី​ភាព​បរាជ័យ​នោះ​ទេ​​។​ ដូច្នេះ​ហើយ អ្នក​ត្រូវ​ខំប្រឹង​រហូត​ដល់​​អ្នក​ជោគជ័យ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ entrepreneur.com

X
5s