តើអ្វីទៅជាសហគ្រាសឯកបុគ្គល (Sole Proprietorship)?
នៅក្នុងបរិបទនៃកំណើនសេដ្ឋកិច្ចដ៏ក្លាវក្លា ពាណិជ្ជកម្មដើរតួរយ៉ាងសំខាន់បំផុតក្នុងការលើកកម្ពស់ការ អភិវឌ្ឍន៍ និង ជំរុញសកម្មភាពសេដ្ឋកិច្ចយ៉ាងសកម្ម។ ស្របទៅនឹងការរីកចម្រើននេះផងដែរ យុវជនខ្មែរជាច្រើន មានទំនោរក្នុងការបើកនូវអាជីវកម្មផ្ទាល់ខ្លួន ដោយអ្នកខ្លះវិនិយោគរួមគ្នា រីឯអ្នកខ្លះទៀតមានចំណង់ចំណូលចិត្ត ក្នុងបង្កើតនិងគ្រប់គ្រងអាជីវកម្មដោយខ្លួននិងមានជំនួយពីសមាជិកគ្រួសារ។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបាន ស្វែងយល់អំពីថាតើអ្វីទៅជាសហគ្រាសឯកបុគ្គល?
សហគ្រាសឯកបុគ្គល (Sole Proprietorship) គឺជាសហគ្រាសពាណិជ្ជកម្មមួយប្រភេទ ដែលត្រូវបាន បង្កើតនិងគ្រប់គ្រងដោយបុគ្គលតែម្នាក់។ នៅក្នុងន័យនេះ ប្តី និង ប្រពន្ធ ព្រមទាំងកូននៅក្នុងបន្ទុក ត្រូវបានចាត់ ទុកថាជាបុគ្គលតែម្នាក់ ដែលជាអ្នកគ្រប់គ្រងនូវបញ្ជីគណនេយ្យ កិច្ចសន្យា និង ទ្រព្យសម្បត្តិទាំងឡាយ។ ជាទូទៅ បុគ្គលដែលមានឈ្មោះនៅក្នុងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឬអាជ្ញាប័ណ្ណផ្សេងៗទៀត គឺជាម្ចាស់អាជីវកម្មនោះ។
ជាការពិតណាស់ ម្ចាស់សហគ្រាសមានឯករាជ្យភាពក្នុងការគ្រប់គ្រងអាជីវកម្ម ព្រមទាំងសិទ្ធិពេញលេញ ក្នុងការទទួលបាននូវអត្ថប្រយោជន៍ទាំងស្រុងពីការប្រកបអាជីវកម្មរបស់ខ្លួន។ ជាធម្មតា ម្ចាស់អាជីវកម្ម មិនដែល បែងចែកឱ្យដាច់ពីគ្នារវាងកិច្ចការអាជីវកម្ម និង កិច្ចការផ្ទាល់ខ្លួនឡើយ។ ម្ចាស់អាជីវកម្ម គឺជាអ្នកដែលមានទំនួល ខុសត្រូវទាំងស្រុងចំពោះបំណុល និង កាតព្វកិច្ចនានា។ លើសពីនេះទៅទៀត ម្ចាស់សហគ្រាស គឺជាបុគ្គលតែម្នាក់គត់ដែលបោះចេញនូវដើមទុន សម្រាប់វិនិយោគ ដែលជានិច្ចកាល ដើមទុននោះកើតចេញពីកម្ចីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយការដាក់បញ្ចាំនូវទ្រព្យជាផ្ទះ ឬ/និងដីរបស់ពួកគេ ឬពេលខ្លះពួកគេខ្ចីបុលពីមិត្តភក្តិ ឬសមាជិកគ្រួសាររបស់ពួកគេ។ល៕
ដោយ៖ ប៉ុម ទូច