មិត្តភ័ក្ដិប្រភេទណាដែលជាគោលដៅជីវិតរបស់អ្នកក្នុងការស្វែងរកពួកគេ ?
តើមនុស្សប្រភេទណាដែលអ្នកគិតថាស័ក្ដិសមសម្រាប់អ្នករាប់អានជាមិត្តភ័ក្ដិក្នុងជីវិត ? ចម្លើយរបស់អ្នកគឺអាស្រ័យទៅលើថាតើអ្នកឲ្យនិយមន័យទៅលើមិត្តភាពយ៉ាងដូចម្ដេច ? ពិតណាស់ថាគោលបំណងរបស់មនុស្សជាទូទៅក្នុងការសាងចំណងមិត្តភាព គឺដើម្បីចែករំលែកភាពសប្បាយរីករាយនិងបន្ធូរអារម្មណ៍តានតឹងទាំងឡាយ។ ប៉ុន្តែ វាមិនមែនមានតែប៉ុណ្ណឹងនោះទេ។ រង្វង់មិត្តភាពរបស់អ្នកមានឥទ្ធិពលអាចផ្លាស់ប្ដូរដំណើរជីវិតរបស់អ្នកបាន ហើយវាក៏អាស្រ័យទៅលើអ្នកជាអ្នកជ្រើសរើសដែរ។
ហេតុអ្វីក៏យើងត្រូវការមិត្តភ័ក្ដិ ? អ្នកខ្លួនឯងតែម្នាក់ពុំអាចមើលខ្លួនឯងជុំនោះទេ។ មានតែអ្នកដទៃផ្សេងទៀតក្រៅពីខ្លួនអ្នក ដែលជាអ្នកឈរសម្លឹងមើលមកអ្នកពីជ្រុងផ្សេងពីអ្នក ទើបអាចដឹងថាតើអ្នកកំពុងតែដើរនៅលើផ្លូវត្រូវឬយ៉ាងណា។ ដូច្នេះ មិត្តភ័ក្ដិ មិនមែនជាអ្នកដែលមានគំនិតដូចអ្នក ឬប្រហាក់ប្រហែលនឹងអ្នក ទើបជាមនុស្សដែលស័ក្ដិសមរាប់អានជាមិត្តភ័ក្ដិនោះទេ។ មនុស្សដែលមានគំនិតដូចគ្នា នឹងសម្លឹងមើលចេញពីជ្រុងដូចគ្នា ដូច្នេះអ្នកទាំងពីរមិនអាចឃើញថារូបភាពរួមវាយ៉ាងដូចម្ដេចនោះទេ នោះអ្នកក៏មិនអាចថ្លឹងថ្លែងអ្វីមួយបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយនោះដែរ។ មិត្តភ័ក្ដិប្រភេទនេះពិបាករកណាស់ ព្រោះគេជាមនុស្សតែម្នាក់គត់ដែលអាចជឿជាក់បានថាស្មោះត្រង់ជាមួយអ្នក ព្រោះការជំទាស់ប្រឆាំងគ្នារបស់គេជាមួយនឹងអ្នកក៏ព្រោះតែម្យ៉ាង គឺដើម្បីឲ្យអ្នកបានរីកចម្រើនទៅមុខនេះឯង។ នៅក្នុងជីវិតសិក្សាវិញ មនុស្សប្រភេទនេះកាន់តែមិនអាចខ្វះបានទៅទៀត ប្រសិនជាអ្នកចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាសិស្សពូកែម្នាក់។
ពេលខ្លះ អ្វីដែលអ្នកយល់ឃើញមិនប្រាកដថាត្រឹមត្រូវរហូត ហើយក៏មិនប្រាកដថាអ្នកបានមើលសព្វគ្រប់ជ្រុងជ្រោយនោះដែរ។ ដូច្នេះមិត្តភ័ក្ដិប្រភេទនេះនឹងជជីកសួរអ្នកនូវអ្វីដែលអ្នកអាចមិនធ្លាប់គិតដល់ ដែលអាចធ្វើឲ្យអ្នកចាប់ផ្ដើមយល់ពីអ្វីដែលអ្នកកំពុងរៀនកាន់តែស៊ីជម្រៅ ល្អិតល្អន់ និងដឹងពីឫសគល់ដែលជាមូលហេតុចម្បងបង្កនូវផលមួយឡើង។ សម្ដីគំរោះគំរើយ តែត្រង់មិនពីរោះស្ដាប់ដូចសម្ដីផ្អែម តែមិនពិតនោះឡើយ។ រាប់អានមនុស្សដែលមានគំនិតខុសគ្នាពីអ្នក ប៉ុន្តែមិនមែនមានន័យថាមនុស្សដែលមិនគាំទ្រអ្នក និងចាំតែសង្កត់អ្នកឲ្យកាន់តែទាបទៅៗរហូតងើបមុខមិនរួចនោះទេ។ មនុស្សដែលមានគំនិតខុសគ្នា និងផ្ដល់ហេតុផលច្បាស់លាស់ថាតើហេតុអ្វីគេយល់ឃើញបែបនោះ ហើយហេតុអ្វីអ្នកគួរតែយកគំនិតគេទៅគិតនិងទុកឲ្យអ្នកជាអ្នកសម្រេចចិត្តដោយខ្លួនឯង គួរតែជាគោលបំណងពិតប្រាកដក្នុងជីវិតរបស់អ្នក ក្នុងការឆ្លើយទៅកាន់សំណួរថាតើហេតុអ្វីអ្នកត្រូវការមិត្តភ័ក្ដិ។
ដោយ៖ ស្រីពៅ