​ហេតុផល​សំខាន់ៗ ​៤​យ៉ាង ដែល​អ្នក​មិន​គួរ​ចាប់​ផ្ដើម​​រក​ស៊ី​​ជា​មួយ​នឹង​សាច់ញាតិ​របស់​ខ្លួន​ឯង​



ក្នុង​ពិភព​ជំនួញ​ ការ​ចាប់​ផ្តើម​ជំនួញ​ថ្មី​ថ្មោង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ​ ការ​មាន​ដៃគូ​ជំនួញ​វា​​ល្អ​ជាង​ចាប់​ផ្តើម​ជំនួញ​ដោយ​ខ្លួន​ឯង​ដោយ​សារ​តែ​អ្នក​នឹង​ទទួល​បាន​គំនិត​ច្រើន​ជាង​មុន ដើម​ទុន​ច្រើន​ជាង​មុន​និង​មាន​​ឱកាស​ក្នុង​​ការ​ពិភាក្សា​ឬ​សិក្សា​ពី​គ្នា។ ​តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​មិន​គួរ​ចាប់​ផ្តើម​ជំនួញ​ជា​មួយ​សាច់​ញាតិ​ជា​ដាច់​ខាត​។ ខាង​ក្រោម​នេះ​ជា​ហេតុផល៖

១) មិន​ចុះ​សម្រុង​គ្នា​៖ បើ​ទោះ​បី​ជា​អ្នក​ធំ​ដឹង​ក្តី​​ជា​មួយ​គ្នា​ ​ស្គាល់​គ្នា​យូរ​ឆ្នាំ​​ឬ​ស្និទ្ធស្នាល​ជា​មួយ​​សាច់​ញាតិ​បង​ប្អូន​របស់​អ្នក​យ៉ាង​ណា​ក៏​ដោយ នោះ​មិន​មែន​ន័យ​ថា​ពួក​គេ​អាច​​ក្លាយ​ជា​ដៃ​គូ​ជំនួញ​ដ៏​ល្អ​របស់​អ្នក​នោះ​ទេ។ អ្នក​ត្រូវ​បែក​ចែក​ឲ្យ​ច្បាស់​រវាង​ចុះ​សម្រុង​បែប​ជីវិត​ប្រចាំ​ថ្ងៃ​និង​ចុះ​សម្រុង​ក្នុង​ការងារ​ឬ​ជំនួញ​ជា​ដើម។

២) ហេតុផល​ខុស​គ្នា គោលដៅ​ខុស​គ្នា៖ ជា​ដំបូង ហេតុអ្វី​បាន​ជា​អ្នក​ចង់​ចាប់​ផ្តើម​ជំនួញ​មួយ​នេះ​ដោយ​សារ​តែ​វា​​ជា​ក្តី​សុបិន​របស់​អ្នក​ឬ​យ៉ាង​ណា? ហើយ​ហេតុអ្វី​បាន​ជា​សាច់​ញាតិ​របស់​អ្នក​ចង់​ចូលរួម​ភាគ​ហ៊ុន​ជា​មួយ​នឹង​អ្នក​ដែរ? ដោយ​សារ​តែ​ចម្លើយ​អាច​​មាន​ភាព​ខុស​គ្នា​ ដែល​អាច​ធ្វើ​ឲ្យ​គោលដៅ​ ការ​រំពឹង​ទុក​ឬ​មហិច្ឆតា​ខុស​គ្នា​រវាង​អ្នក​និង​សាច់​ញាតិ​​របស់​អ្នក​ខុសគ្នាដែរ​។ បើ​មិន​បែងចែក​​ច្បាស់​លាស់​ទេ ជម្លោះ​នឹង​កើត​មាន​ឡើង​ជា​ពុំ​ខាន​។ អាក្រក់​ជាង​នេះ​ទៅ​ទៀត​គឺ​អ្នក​ទាំង​ពីរ​​ពិបាក​មើល​មុខ​គ្នា​ទៅ​ថ្ងៃ​ក្រោយ។ ​ការចាប់ផ្តើមដំបូង​ ម្នាក់ៗមិនសូវគិតនោះទេ ព្រោះអាងថា សាច់ញាតិ ប៉ុន្តែនៅពេលជួបបញ្ហាកើតឡើង ម្នាក់ៗប្រាកដជា មិននៅស្ងៀមទៀតឡើយ ហើយអាចនឹងចាប់ចែកផ្លូវគ្នាក្នុងពេលរកស៊ី។ ម្យ៉ាងវិញទៀត បើទោះបីជាជោគជ័យក៏ដោយ ក៏ម្នាក់ៗអាចនឹងបង្ហាញ់ពី​គំនិតរបស់ខ្លួនឯងយ៉ាងច្បាស់ៗ ព្រោះអាងតែថា ជាសាច់ញាតិ ដោយមិននិយាយលើតួនាទីរបស់ខ្លួនឡើយ។

៣) បញ្ហា​ក្នុង​ជំនួញ​ក្លាយ​ជា​បញ្ហា​ផ្ទាល់​ខ្លួន៖ បញ្ហា​​ឬ​ឧបសគ្គ​​តែង​តែ​កើត​មាន​ហើយ វា​គឺ​ជា​រឿង​​ដែល​ជៀស​មិន​ផុត​ឡើយ​ក្នុង​​ជំនួញ​។ ឧបមា​ថា​ ថ្ងៃ​នេះ​ក្នុង​ជំនួញ​មាន​បញ្ហា​កើត​ឡើយ ដៃគូ​ជំនួញ​សាច់​ញាតិ​របស់​អ្នក​ធ្វើ​ឲ្យ​បាត់​បង់​​លុយ​អស់​១០០០​ដុល្លារ​ជា​ដើម។ បញ្ហា​ដែល​ទាក់​ទង​នឹង​លុយ​កាក់​គឺ​ពិបាក​ដោះ​ស្រាយ​ខ្លាំង​ណាស់​ព្រោះ​ថា​អ្នក​អាច​មាន​អារម្មណ៍​សាច់ញាតិ​របស់​អ្នក​លួច​លុយ​ឬ​អ្នក​ពិបាក​ក្នុង​ការ​​បើក​មាត់​ឲ្យ​ចេញ​លុយ​សង​វិញ​ជា​ដើម។ល។ ​ដូច្នេះ​ហើយ បញ្ហា​នៅ​ក្នុង​ជំនួញ​នឹង​ក្លាយ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​ឬ​ដល់​គ្រួ​សារ​ថែម​ទៀត​ផង។

៤) បញ្ហា​​ផ្ទាល់​ខ្លួន ​​ ​​​​រាលដាល​​​​ដល់​កិច្ចការ​ជំនួញ​៖ ​​ពេល​ខ្លះ​នៅ​ក្នុង​គ្រួសារ​​ អាច​ថា មាន​បញ្ហា​ខ្លះ​ៗ​ ​ជា​ធម្មតា​តែង​កើត​ឡើង​មិន​អាច​ជៀស​​បាន​។ ប៉ុន្តែ​​បញ្ហា​នេះ ​​អាច​នាំ​​​ឲ្យ​មាន​​ផល​ប៉ះពាល់​​ក្នុង​ការ​ធ្វើ​ជំនួញ​ ព្រោះ​ទំនាស់​​​គ្នា​ក្នុង​គ្រួសារ​ ​​អាច​នឹង​ត្រូវ​បាន​ភាគី​​នីមួយៗ​​​​​យក​ភាព​ក្តៅ​ក្រហាយ​ទាំង​នោះ ​ទៅ​បញ្ចេញ​​នៅ​កន្លែង​ធ្វើ​ការ​៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ saveup.com

X
5s