បើមានសញ្ញាទាំង ៤នេះ កុំទាន់អាលចេញរកស៊ីអីប្រយ័ត្នបរាជ័យក្រោកមិនរួច!
ចង់ធ្វើជំនួញដ៏ជោគជ័យ មិនមែនគ្រាន់តែគិតឃើញភ្លាម ហើយធ្វើភ្លាមទៅរួចនោះទេ ព្រោះវាទាមទារនូវចំណុចជាច្រើនដែលសហគ្រិនត្រូវមាន។ បើមិនបានត្រៀមខ្លួនឲ្យរួចរាល់ទេ ឱកាសនៃការបរាជ័យគឺមានច្រើនខ្លាំងណាស់។
ខាងក្រោមនេះ ជាសញ្ញាសំខាន់ៗ ៤យ៉ាង ដែលបញ្ជាក់ថា អ្នកមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ៖
១) អ្នកមិនទាន់ចេះលើកទឹកចិត្តខ្លួនឯង៖ ត្រូវដឹងឲ្យច្បាស់ថា នៅពេលចេញរកស៊ីនោះ គឺមិនដឹងថា ជួបបញ្ហាអ្វីខ្លះនោះទេ។ ដូច្នេះហើយ បើអ្នកចាំឲ្យគេមកលើកទឹកចិត្ត និង និយាយល្អៗដើម្បីអាចបន្តដំណើរទៅមុខទៀតនោះ គឺមិនងាយឡើយ ពោលគឺទាល់តែអ្នកចេះនិយាយលើកទឹកចិត្តខ្លួនឯង។ ត្រង់ចំណុចនេះ បើអ្នកមិនទាន់ចេះលើកទឹកចិត្តខ្លួនឯង នៅពេលអស់សង្ឃឹម ឬ នៅពេលជួបបញ្ហាលំបាកខ្លាំងទេ នោះអ្នកអាចនឹងបោះបង់អាជីវកម្មមិនបាន។
២) អ្នកមិនទាន់យល់ច្បាស់អំពីប្រភេទជំនួញដែលចង់បើក៖ សូមកុំប្រថុយដោយងងឹតងងល់ឲ្យសោះ ព្រោះវាងាយនឹងបរាជ័យខ្លាំងណាស់ ប្រសិនបើអ្នកមិនទាន់ដឹងច្បាស់អំពីប្រភេទជំនួញដែលអ្នកចង់រកស៊ីនោះទេ។ ដូច្នេះត្រូវស្រាវជ្រាវ និង ព្យាយាមរកបទពិសោធន៍ឲ្យបានគ្រប់គ្រាន់សិន មុននឹងបោះទុនរកស៊ី ដើម្បីកុំឲ្យស្តាយក្រោយទៅថ្ងៃក្រោយ។
៣) អ្នកមិនពេញចិត្តខ្លាំងលើប្រភេទជំនួញនោះទេ៖ មនុស្សមួយចំនួន នៅពេលធ្វើជំនួញគឺមិនបានគិតថា ខ្លួនពេញចិត្ត ឬ អត់នោះទេ ពោលគឺគ្រាន់តែឃើញគេរកស៊ីជោគជ័យលើផ្នែកណាមួយភ្លាម ក៏ចាប់ផ្តើមរកស៊ីតាមគេដែរ ជាហេតុនាំឲ្យបរាជ័យយ៉ាងងាយបំផុត។
៤) គ្មានភាពច្បាស់លាស់លើខ្លួនឯង៖ បើចង់ធ្វើអ្វីមួយដោយជោគជ័យនោះ អ្នកត្រូវតែច្បាស់លាស់លើអ្វីដែលអ្នកកំពុងធ្វើ ទោះបីជាអ្នកដទៃគិតយ៉ាងម៉េចក៏ដោយ។ បើគ្មានជំហរច្បាស់លាស់លើខ្លួនឯងទេ អ្នកនឹងផ្លាស់ប្តូរអ្វីដែលអ្នកគិតថាត្រឹមត្រូវ ហើយចេះតែធ្វើនេះធ្វើនោះតាមសម្ដីរបស់អ្នកដទៃ រហូតដើរដល់ផ្លូវទាល់។ ដូច្នេះត្រូវមានភាពច្បាស់លាស់បំផុត ទោះបីជាអ្នកដទៃរិះគន់ ឬ និយាយយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកត្រូវតែព្យាយាមធ្វើវាឲ្យជោគជ័យ ដើម្បីបង្ហាញថា អ្វីដែលអ្នកធ្វើនោះគឺពិតជាមិនខុសទេ។
ដោយ៖ រតនា វិចិត្រ