លោក Robert Kiyosaki៖ វិធីសាស្ត្រក្នុងការប្រើលុយអ្នកដទៃ រកស៊ីលើវិស័យអចលនទ្រព្យ
ចលនទ្រព្យ ជាវិស័យសំខាន់មួយ ដែលសឹងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក កំពុងមានសកម្មភាពយ៉ាងផុលផុសខណៈកំណើនប្រជាជនចេះតែកើនឡើង និង ការរស់នៅកាន់តែប្រសើរជាងមុន។ អ្នកខ្លះ មានគំនិតច្រើនក្នុងការរកស៊ី ឬ វិនិយោគលើវិស័យនេះប៉ុន្តែខ្វះលុយ ហើយមិនដឹងថា គួរធ្វើយ៉ាងណា។ លោក Robert Kiyosaki ដែលជាអ្នកនិពន្ធ និង ជាអ្នកជំនាញផ្នែកចលនទ្រព្យដ៏ល្បីនៅសហរដ្ឋអាមេរិក បានលើកឡើងថា អ្នកដែលគ្មានលុយ គួរប្រើប្រាស់លុយអ្នកដទៃដើម្បីវិនិយោគ៖
១) ធនាគារ៖ ធនាគារ បានដើរតួយ៉ាងសំខាន់ក្នុងការ ជួយសម្រួលទៅដល់ មនុស្សជាច្រើន ជាពិសេសម្ចាស់អាជីវកម្មទាំងឡាយ ដែលត្រូវការលុយដើម្បីប្រើប្រាស់ក្នុងដំណើរការ និង វិនិយោគទៅលើគម្រោងផ្សេងៗ។ សម្រាប់អ្នករកស៊ី វាជារឿងជៀសមិនផុតនោះទេ ក្នុងការខ្ចីប្រាក់ពីធនាគារ ព្រោះវាជាប្រភពលុយដ៏សំខាន់ក្នុងការពង្រឹង និង ពង្រីកអាជីវកម្ម។
២) អ្នកឲ្យខ្ចីលុយ(ឯកជន)៖ អ្នកខ្លះមានលុយច្រើន ហើយក៏ស្វាគមន៍រាល់ការខ្ចីបុលពីមនុស្សផ្សេងៗ នៅពេលពួកអាចជឿជាក់បានថា នឹងមិនបោកប្រាស់ ឬ នឹងសងបំណុលវិញតាមការសន្យា។ អ្នកទាំងនេះអាចជា បងប្អូន មិត្តភ័ក្តិ ក្រុមហ៊ុនវិនិយោគ ឬ នរណាម្នាក់ដែលមានលុយច្រើន តែគ្មានពេលគ្រប់គ្រាន់ដើម្បីរកស៊ីខ្លួនឯង។
៣) អ្នកលក់ (អចលនទ្រព្យ)៖ បច្ចុប្បន្ននេះ អ្នកលក់ចលនទ្រព្យភាគច្រើនគឺប្រើប្រាស់វិធីបង់រំលង ដែលនេះជាឱកាសមួយសម្រាប់អ្នកដែលមិនមានលុយច្រើនក្នុងការទិញអចលនទ្រព្យ ក្នុងតម្លៃសរុបទាំងមូលតែម្តង។ សម្រាប់អ្នកដែលមានប្រភពចំណូលមួយច្បាស់លាស់ ហើយចង់ទិញប្រភេទដី ឬ ផ្ទះផ្សេងៗ គួរគិតទៅដល់វិធីនេះ ព្រោះបើអ្នករង់ចាំរហូតដល់ពេលដែលអ្នកមានលុយគ្រប់គ្រាន់ក្នុងដៃដើម្បីទិញនោះប្រហែលជាអ្នកនឹងយឺតពេល ព្រោះថា តម្លៃ ចលនទ្រព្យចេះតែកើនឡើងរហូត ខណៈប្រាក់ចំណូលរបស់អ្នកប្រហែលជាមិនអាចសល់ ព្រោះតម្រូវការចេះតែមាន (បើមិននេះគឺនោះ)។
៤) អ្នកវិនិយោគ៖ សម្រាប់អ្នកដែលមានផែនការអាជីវកម្មចលនទ្រព្យល្អតែគ្មានលុយនោះ អ្នកអាចព្យាយាមស្វែងរកក្រុមអ្នកវិយោគផ្សេងៗ តែអ្វីដែលសំខាន់នោះ អ្នកត្រូវតែមានផែនការច្បាស់លាស់មួយ ដែលធ្វើឲ្យក្រុមអ្នកវិនិយោគទុននោះ មើលឃើញថា ពេលពួកគេបោះទុនចូលទៅនឹងចំណេញច្រើន៕
ដោយ៖ រតនា វិចិត្រ