ការស្រាវជ្រាវបញ្ជាក់ថា៖ «ហេតុផលទាំងនេះសមល្មមនឹងអាចបញ្ឈប់អ្នកពីការញៀននឹងបណ្ដាញសង្គមពេក»
ការស្រាវជ្រាវថ្មីៗ ពីសាកលវិទ្យាល័យ Pittsburgh បានបង្ហាញពីគុណវិបត្តិជាច្រើន នៅពេលអ្នកចំណាយពេលវេលាប្រចាំថ្ងៃច្រើនពេក ជាមួយនឹងបណ្ដាញសង្គម។ បណ្ដាញសង្គម នេះបានក្លាយទៅជាការដោះសាមួយ ដែលនាំឲ្យមនុស្សម្នាក់ៗ កាន់តែទូរស័ព្ទ។ ក្នុងនោះបណ្ដាញសង្គមដ៏ល្បីៗ សព្វថ្ងៃនេះមាន Facebook , Twitter, និងInstagram ជាដើម។ ហេតុផលខាងក្រោមនេះនឹងជួយដាស់តឿនអ្នក កុំឲ្យញៀននឹងបណ្ដាញសង្គមទាំងនោះទៀត៖
១) វាអូសទាញអ្នកចេញពីពិភពលោកដ៏ពិតមួយ៖ បណ្ដាញសង្គម វាសំខាន់ក្នុងការទាក់ទងគ្នាទៅវិញទៅមកមែន តែបើចំណាយពេលច្រើនលើវាពេក អ្នកនឹងកាន់តែឃ្លាតឆ្ងាយពីពិភពលោកពិតនេះ។ ការទាក់ទងគ្នា ការនិយាយរកគ្នា ការសើច សប្បាយដាក់គ្នា ការសួរនាំគ្នានឹងលែងកើតមានឡើង ដោយសារម្នាក់ៗ ដាក់អារម្មណ៍តែលើទូរស័ព្ទប៉ុណ្ណោះ។
២) បង្កើតសត្រូវដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក៖ អ្នកណាទៅដឹងថាមានមនុស្សប៉ុន្មានអ្នកដែលស្អប់អ្នក? ហើយបើបង្ហាញពីការរស់នៅ ការដើរ ចាយហ៊ឺហារបស់អ្នកក្នុងបណ្ដាញសង្គមពេក អ្នកនឹងកាន់តែបង្កើនសត្រូវ ហើយគ្រោះថ្នាក់ក៏អាចកើតមានច្រើនដែរ។
៣ ) រាល់ថ្ងៃអ្នក កំពុងប្រៀបធៀប ជីវិតខ្លួនឯងនឹងអ្នកដទៃ៖ ជឿថាអ្នក នឹងឃើញពីជីវិតហ៊ឺហាអ្នកដទៃ ឃើញពីឡានថ្មី ផ្ទះថ្មី ការងារថ្មី ការដើរលេង បង្អួតគ្នា ហើយវានឹងធ្វើឲ្យអ្នកចាប់ផ្ដើមស្អប់និងតូចចិត្តខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងដែលការពិតអ្នកល្អហើយ តែនៅតែប្រៀបធៀបជីវិតខ្លួនថាមិនសក្ដិសមទៅវិញ។ ពេលខ្លះគេល្អ តែអ្នកក៏មានចំណុចល្អដែលគេមិនមានដែរ ដូចនេះចូរកុំប្រៀបធៀបជីវិតខ្លួនទៅនឹងអ្នកដទៃឲ្យសោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ bustle