លោក Robert Kiyosaki អ្នកនិពន្ធសៀវភៅ«ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ»៖ ចំណុចពិសេស៣យ៉ាង ដែលធ្វើឲ្យមនុស្សក្លាយជាអ្នកមាន
លោក Robert Kiyosaki ដែលជាអ្នកជំនាញផ្នែកគន្លឹះក្នុងការវិនិយោគ និង អ្នកជំនាញបណ្ដុះភាពជោគជ័យ បានសរសេរនូវអត្ថបទមួយនិយាយអំពីចំណុចពិសេស៣យ៉ាង ដែលធ្វើឲ្យមនុស្សក្លាយជាអ្នកមាននៅលើគេហទំព័ររបស់ខ្លួន។ ខាងក្រោមនេះ ជាខ្លឹមសារសំខាន់ដែលលោកបានរៀបរាប់៖
១) មានចក្ខុវិស័យ និង គម្រោងក្នុងរយៈពេលវែង៖ អ្នកមានភាគច្រើន គឺសុទ្ធសឹងតែជាមនុស្សដែល មើលបានឆ្ងាយ ហើយមានផែនការច្បាស់លាស់ ដើម្បីសម្រេចអ្វីដែលខ្លួនចង់បាន។ នៅពេលពួកគេមាន ចក្ខុវិស័យ និង គម្រោងច្បាស់លាស់ក្នុងរយៈពេលវែងនោះ វាប្រៀបបាននឹងផែនទីដែលមាននៅក្នុងដៃ ដែលជួយឲ្យអ្នកទាំងនោះដឹងច្បាស់អំពីគោលដៅដែលត្រូវទៅ ហើយគួរធ្វើយ៉ាងណា នៅពេលជួបប្រទះនឹងឧបសគ្គ។ ផ្ទុយពីមនុស្សដែលធម្មតា ដែលមើលមិនបានឆ្ងាយ ហើយគ្មានផែនការ ឬ គម្រោងច្បាស់លាស់ក្នុងដៃ ជាហេតុនាំឲ្យពួកគេមិនងាយនឹងជោគជ័យក្នុងជីវិតបាន។
២) សុខចិត្តលះបង់ភាពរីករាយក្នុងរយៈពេលខ្លី ដើម្បីជោគជ័យក្នុងរយៈពេលវែង៖ ជាទូទៅ ក្នុងពេលដែលមនុស្សធម្មតា កំពុងដើរលេងសប្បាយ មនុស្សដែលមានផ្នត់គំនិតជោគជ័យតែងលះបង់សេចក្ដីសុខមួយចំនួន ដើម្បីខិតខំធ្វើការ ព្រោះពួកគេយល់ឃើញថា ដើម្បីជោគជ័យក្នុងជីវិត និង ដើម្បីក្លាយជាអ្នកមានបាននោះ គឺត្រូវតែមានការលះបង់ ជាពិសេសភាពរីករាយមួយចំនួន ដែលមនុស្សទូទៅធ្វើមិនបាន។
៣) ប្រើប្រាស់វិធីក្នុងការបង្កើតលុយ៖ សម្រាប់មនុស្សដែលមានផ្នត់គំនិតជោគជ័យ តែងតែមានវិធីសាស្ត្រក្នុងការបង្កើតលុយ ហើយយកលុយដែលមាននោះទៅបង្កើតលុយឲ្យបានកាន់តែច្រើនឡើងៗថែមទៀត។ ផ្ទុយពីអ្នកក្រវិញ បើទោះបីជាមានលុយច្រើនក៏ដោយក៏គង់នឹងអស់ ព្រោះគ្មានវិធីដើម្បីយកលុយទៅបង្កើតលុយ តែសម្បូរតែវិធីដើម្បីបំផ្លាញលុយ៕
ដោយ៖ រតនា វិចិត្រ