បើអាចធ្វើគ្រប់ជំហានទាំង៤នេះ មិនយូរមិនឆាប់អ្នកនឹងក្លាយជាCEO ដូចក្ដីស្រមៃ
Chief Executive Officer (CEO) គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយ ហើយជាមេដែលមានតំណែងធំជាងគេបង្អស់ក្នុងក្រុមហ៊ុន មានសិទ្ធិគ្រប់បែបយ៉ាង ជាអ្នកបង្កើតច្បាប់ទម្លាប់ផ្សេងៗ ហើយមានទំនួលខុសត្រូវបង្ហាញពីគោលដៅដែលក្រុមហ៊ុនចង់ទៅ។ តើមានជំហានណាខ្លះដែលអ្នកអាចនឹងក្លាយជា CEOបាន?
១) ជំហានទី១« រៀនឲ្យចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(Master's degree)» ៖ CEOនៃក្រុមហ៊ុនធំៗ ភាគច្រើន មានការសិក្សាខ្ពស់ណាស់ យ៉ាងហោចណាស់ពួកគេរៀនដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះឯង ជាពិសេសគឺផ្នែកគ្រប់គ្រងពាណិជ្ជកម្ម(MBA) ។
២) ជំហានទី២« ត្រូវមានបទពិសោធន៍ផងដែរ»៖ មុននឹងឈានដល់ឋានៈជា CEO អ្នកគួរតែសាកល្បងយកបទពិសោធន៍ ពីថ្នាក់ក្រោមឲ្យបាន កាន់តែច្រើនកាន់តែល្អ។ សាកគិតទៅមើលថាCEOល្បីៗ ជាច្រើន ពួកគេមិនមែនចេញធ្វើការភ្លាមហើយបានឋានៈជាCEOភ្លាមនោះទេ។ ពួកគេសុទ្ធតែធ្លាប់ឆ្លងកាត់ការតស៊ូ និងបទពិសោធន៍ជោកជាំខ្លួនទៅហើយ។
៣) ជំហានទី៣« យល់ដឹងច្បាស់ពីភាពជាអ្នកដឹកនាំ» ៖ ភាពជាអ្នកដឹកនាំនេះគឺពិតជាសំខាន់សម្រាប់អ្នកដែលមានឋានៈការងារខ្ពស់។ ទោះបីពួកគេមានចំណេះដឹងអស្ចារ្យយ៉ាងណា តែបើគេមិនយល់ពីការ លើកទឹកចិត្តបុគ្គលិកឲ្យធ្វើការ ព្រមទាំងជំរុញពួកគេឲ្យធ្វើការបានល្អទេនោះ អ្នកមិនអាចក្លាយជាCEOដ៏គំរូមួយបានឡើយ។
៤) ជំហានទី៤«ហ៊ានចង់ឈ្នះគេ» ៖ ខណៈអ្នកជាមេគេធំបង្អស់ ហើយបើអ្នកគ្មានចំណង់ចង់ឈ្នះដៃគូរកស៊ីផង តើឲ្យក្រុមហ៊ុនអ្នករំពឹងអ្វីទៀត? ដូចនេះចង់ក្លាយជាCEO អ្នកក៏ត្រូវទាមទារចំណង់ចង់ឈ្នះ និងចង់ប្រកួតប្រជែងជាមួយគេផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur