តើ "ហេតុអ្វី" បានជំរុញឲ្យលោកស្រី Kim Kiyosaki ក្លាយជាម្ចាស់លើទ្រព្យរាប់លានដុល្លារបានយ៉ាងដូចម្ដេច ?
ស្ទីវ ចបធ្លាប់បានលើកឡើងថា៖ "ពួកយើងមកទីនេះគឺដើម្បីបន្សល់ស្លាកស្នាមនៅក្នុងសកលលោកនេះ។ បើមិនដូច្នោះទេ តើពួកយើងមកទីនេះដើម្បីអ្វីទៅ ?" ។ តើអ្នកធ្លាប់សួរខ្លួនឯងថា តើអ្នករស់នៅរាល់ថ្ងៃដើម្បីអ្វីទេ ? តើអ្វីជាគោលដៅនៅក្នុងជីវិតរបស់អ្នក ? ហើយអ្វីជាមូលហេតុដែលអ្នកចង់សម្រេចគោលដៅមួយនោះ ? ហេតុអ្វីបានជាអ្នកចង់ធ្វើដូច្នេះ ? ហេតុអ្វី ដើម្បីអ្វី គឺជាសំណួរដ៏សំខាន់បំផុត ដែលអ្នកត្រូវឆ្លើយឲ្យបានបើអ្នកដាក់ចិត្តដើរនៅលើដំណើរផ្លូវវែងឆ្ងាយឆ្ពោះទៅសម្រេចគោលដៅក្នុងជីវិតរបស់អ្នក ព្រោះបើអ្នកមិនដឹងថាអ្នកចង់ធ្វើវាដើម្បីអ្វីទេ អ្នកនឹងបោះបង់គោលដៅរបស់អ្នកចោលពាក់កណ្ដាលទីមិនខាន។
លោកស្រី Kim Kiyosaki ដែលជាភរិយារបស់លោក Robert Kiyosaki អ្នកនិពន្ធសៀវភៅជាខ្សែភាគលក់ដាច់បំផុត Rich Dad and Poor Dad បានចាប់ផ្ដើមមហិច្ឆតារបស់លោកស្រីជាអ្នកវិនិយោគអចលនទ្រព្យចាប់តាំងពីឆ្នាំ១៩៨៩ ហើយក៏ជាអ្នកនិពន្ធសៀវភៅ Rich Woman: A Book on Investing for Women និងជួយបង្ហាត់បង្រៀនស្ត្រីជាច្រើននាក់ដើម្បីឲ្យពួកគេសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុរបស់ពួកគេ និងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេផងដែរ។
ក្លាយជាគំរូសម្រាប់ស្ត្រីជាច្រើនទូទាំងពិភពលោក តើមូលហេតុ "ដើម្បីអ្វី" របស់លោកស្រីបានជំរុញឲ្យស្ត្រីដ៏ពូកែប៉ិនប្រសប់រូបនេះ អាចក្លាយជាម្ចាស់លើទ្រព្យសម្បត្តិរាប់លានដុល្លារយ៉ាងដូចម្ដេចបាន ? ក្រោយពេលដែលលោកស្រីបានបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាប័ត្រផ្នែកជំនួញនិងទីផ្សារ លោកស្រីក៏បានចូលបម្រើការងារជាបុគ្គលិកឲ្យក្រុមហ៊ុនមួយ។ មិនយូរប៉ុន្មាន លោកស្រីក៏រកឃើញថាការធ្វើការឲ្យអ្នកដទៃពុំមែនជាគោលដៅនៅក្នុងជីវិតរបស់លោកស្រីឡើយ ទើបសម្រេចចិត្តបោះបង់ការងារចោល ហើយចាកចេញទៅទីក្រុង California ជាមួយស្វាមី ដើម្បីផ្លាស់ប្ដូរទិសដៅជីវិតក្នុងការចាប់ផ្ដើមជីវិតជាសហគ្រិន។ ប៉ុន្តែពួកគាត់មានត្រឹមតែ៩០០ដុល្លារនៅក្នុងហោប៉ៅប៉ុណ្ណោះ ហើយរយៈពេលត្រឹមតែ២សប្ដាហ៍ប្រាក់ទាំងអស់ត្រូវបានរលាយបាត់អស់ទៀត។ ដូច្នេះពួកគេក៏ស្នាក់នៅក្នុងរថយន្តជួលមួយក្នុងអំឡុងពេលដែលអស់ប្រាក់ពីក្នុងខ្លួន។ មនុស្សដែលមិនមានចម្លើយសម្រាប់សំណួរ "ហេតុអ្វី" ទេ ក្នុងដំណាក់កាលលំបាកវេទនាបែបនេះ ម្ល៉េះសមតែពួកគេនឹងបោះបង់ចោលដោយឥតសង្ស័យឡើយ។ ផ្ទុយទៅវិញ លោកស្រីដឹងច្បាស់ថា តើហេតុអ្វីទើបលោកស្រីសុខចិត្តបោះបង់លុយដែលអាចរកបានដោយងាយស្រួលពីការធ្វើការឲ្យគេ ហើយប្ដូរទិសដៅជីវិតជាសហគ្រិនវិញដែលត្រូវប្រឈមនឹងហានិភ័យអស់ប្រាក់ពីខ្លួនបែបនេះ។ លោកស្រីក៏ធ្លាប់បាននិយាយថា៖ "ខ្ញុំដឹងថាការដែលដាច់លុយនឹងកើតឡើងបណ្ដោះអាសន្នសិនតែប៉ុណ្ណោះ តែភាពក្រីក្រនឹងកើតឡើងពេញមួយជីវិត"។
លោកស្រី Kim ថែមទាំងផ្ដល់ដំបូន្មានចំពោះស្ត្រីទាំងអស់ថា ប្រសិនជាពួកគេចង់ចាប់ផ្ដើមការវិនិយោគ អ្វីដែលពួកគេត្រូវធ្វើមុនដំបូងបង្អស់ គឺជាការផ្ដល់ចំណេះដឹងអប់រំដល់ខ្លួនឯង។ បើអ្នកចង់ចាប់ផ្ដើមជំនួញអ្វី អ្នកត្រូវចេះស្រាវជ្រាវបង្កើនចំណេះដឹងរបស់ខ្លួនពាក់ព័ន្ធនឹងជំនួញទាំងនោះ ដោយការអាន ចូលរួមវេទិកានិងបទបង្ហាញផ្សេងៗ និងកាន់តែល្អបើសិនជាអាចចូលជាសមាជិកអង្គការណាដែលលើកកម្ពស់គាំទ្រនិងជួយជ្រោមជ្រែងសហគ្រិនស្ត្រី៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ entrepreneur & richdad