ម្ដងនេះ ច្បាស់មែនទែនហើយ iPhone 8 នឹងមានកាមេរ៉ាភ្លោះរៀបបញ្ឈរ ហើយមាន ៣ម៉ូដែលត្រៀមចេញនៅឆ្នាំ២០១៧
របាយការណ៍ចុងក្រោយនេះ មានជាប់ទាក់ទងនឹង iPhone 8 នេះ ដែលគេទើបទទួលបានពីទំព័រពិភាក្សា Reddit។ រូបប៉ុន្មានសន្លឹកនេះ ត្រូវបានគេឱ្យដឹងថា ជារបស់មនុស្សដែលមានជាប់ពាក់ព័ន្ធនឹងចង្វាក់ផលិតកម្មរបស់ Apple។ ប្រសិនបើវាជាការពិតមែន រូបទាំងនេះ នឹងជារូបរាងបែកធ្លាយ គួរឱ្យចាប់អារម្មណ៍នៃកំពូលទូរស័ព្ទ iPhone 8 មិនខាន។
នៅក្នុងរូបថតប៉ុន្មានសន្លឹកនេះ គឺបានបង្ហាញនូវគ្រោងឆ្អឹង ដែលជាផ្ទៃមុខ និងខ្នង ទូរស័ព្ទ iPhone ជំនាន់ថ្មី។ ហើយអ្វីដែលគេចាប់អារម្មណ៍ដំបូងបង្អស់នោះ គឺទៅលើគែមដ៏ស្ដើង (edge-to-edge display) របស់ iPhone ថ្មីនេះ តែម្ដង។ វាហាក់ជាព័ត៌មានមួយគាំទ្រទៅលើ ចចាមអារ៉ាមកន្លងទៅដែលថា iPhone 8 នឹងបំពាក់កាមេរ៉ាភ្លោះ (dual camera) នៅខាងក្រោយ ដែលមាន lens តម្រៀបគ្នាជាជួរឈរ (vertical) ពោលគឺមិនផ្ដេកដូចនៅលើ iPhone 7 Plus បច្ចុប្បន្ននោះទេ។
រីឯរូបមួយសន្លឹកផ្សេងទៀត បានបង្ហាញអំពីការផ្ទឹមគ្រោងឆ្អឹង iPhone 8 ទាំង ៣ម៉ូដែលសម្រាប់ចេញក្នុងឆ្នាំ២០១៧ នេះ ដែលសង្កេតឃើញមានទម្រង់កាមេរ៉ាក្រោយផ្សេងៗគ្នា រាប់ចាប់ពីកាមេរ៉ាមូល ១គ្រាប់ កាមេរ៉ាភ្លោះជាទម្រង់ផ្ដេក និងកាមេរ៉ាភ្លោះទម្រង់បញ្ឈរ ដែលអាចជាម៉ូដែល iPhone 8 ពិសេសជាងគេប្រចាំឆ្នាំ។
អ្វីគួរឱ្យចាប់អារម្មណ៍ទៀតអំពី រូបថតបែកធ្លាយខាងលើគឺ យើងពុំឃើញប៊ូតុង Touch ID នៅពីមុខ ឬសូម្បីតែនៅខ្នងទូរស័ព្ទ ដូចចចាមអារ៉ាមធ្លាប់បានលើកឡើងនោះទេ។ ដូច្នេះ គេសន្និដ្ឋានថា iPhone 8 អាចមានទ្រនាប់ស្កេនក្រយៅដៃនៅក្រោមកញ្ចក់មុខតែម្ដង។ ចង់ដឹងការពិតយ៉ាងណា មានតែរង់ចាំរហូតដល់ខែកញ្ញា គឺនៅសល់ប្រហែលតែ ១២សប្ដាហ៍ទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena