កំហុស ​៤​ យ៉ាង​ដែល​អ្នក​ជំនួញ​ច្រើន​តែ​ធ្វើ​ខុស​ជា​មួយ​លុយរបស់​ពួកគេ​



ជា​ការ​ពិត​ណាស់ ការ​ចាប់​ផ្តើម​ជំនួញ​ថ្មី​មួយ​មិន​មែន​ជា​រឿង​ងាយ​​​ស្រួល​នោះ​ទេ ហើយ​ប្រសិន​ជា​ចង់​ឲ្យ​ជំនួញ​ជោគជ័យ​ទៀត​នោះ ​វា​រឹត​តែ​មិន​ងាយ​ស្រួលទៅទៀត។ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ជំនួញ​​ថ្មី​ថ្មោង​​ជា​ច្រើន​បាន​កើត​ឡើង ប៉ុន្តែ​មិន​មាន​ជំនួញ​ច្រើន​ទេ​ដែល​ជោគជ័យ​​នោះ​។

ខាង​ក្រោម​នេះ​ជា​កំហុស​មួយ​ចំនួន​ដែល​អ្នក​អាច​ជៀសវាង​បាន​​និង​សិក្សា​បាន៖

១) មិន​ទាន់​ចេះ​គ្រប់​គ្រង​លុយ​បាន​ល្អ

ដើម​ទុន​ដំបូង​​ក្នុង​ការ​កកើត​ជំនួញ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​រាល់​ចំណាយ​និង​ចំណូល​របស់​ក្រុមហ៊ុន​ត្រូវ​តែ​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​បំផុត។ ​បើ​យោង​តាម​ Association of Chartered Certified Accountants ៨២​ភាគរយ​ដែល​ធ្វើ​​ឲ្យ​ជំនួញ​ឈាន​ដល់​ការ​បិទ​ទ្វា​រនោះ​ដោយ​សារ​តែ​ការ​បង្វិល​លុយ​មិន​ទាន់។

២) ចាប់​ផ្តើម​ជួយ​សប្បុរសធម៌​ឆាប់​ពេក

ពិត​ប្រាកដ​ណាស់ សម្រាប់​ជំនួញ​ដែល​ទើប​តែ​បើក​ថ្មី​ថ្មោង​ លុយ​ពិត​ជា​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ការ​​ទ្រទ្រង់​ជំនួញ​ឲ្យ​ដើរ​ទៅ​មុខ​និង​​​ពង្រីក​ឲ្យ​កាន់​តែ​ធំ។ ក្នុង​ន័យ​នេះ មិន​មែន​មាន​ន័យ​ថា​អ្នក​មិន​គួរ​តប​ស្នង​ឬ​ជួយ​សង្គម​វិញ​ទេ តែ​អ្នក​គួរ​តែ​ចាំ​ដល់​ជំនួញ​របស់​អ្នក​ដើរ​បាន​នឹង​នរ​ជា​មុន​សិន។

៣) ជ្រើសរើស​បុគ្គលិក​ខុស

ការ​ជ្រើសរើស​បុគ្គល​ខុស​នឹង​ខ្ជះខ្ជាយ​លុយ​របស់​អ្នក​ជា​ច្រើន​ ពី​ព្រោះ​ថា​​អ្នក​អាច​នឹង​ត្រូវ​ចំណាយ​លើ​វគ្គ​បណ្ដុះបណ្ដាល​​​ដល់​បុគ្គលិក​​ហើយ​សមត្ថភាព​របស់​ពួក​គេ​នៅ​មាន​កម្រិត​។ ផ្ទុយ​ទៅ​វិញ ជួល​បុគ្គល​ដែល​មាន​ជំនាញ​ច្បាស់​លាស់​បើ​ទោះ​​ជា​ត្រូវ​ចំណាយ​ច្រើន​ក៏​ដោយ តែ​ពួក​គេ​នឹង​ជួយ​​ឲ្យ​ក្រុមហ៊ុន​ដើរ​ទៅ​មុខ​បាន។

៤) ការ​ចំណាយ​ខុស

មាន​អ្នក​ជំនួញ​ជា​ច្រើន​ចំណាយ​លុយ​សម្រាប់​បង្កើន​គុណភាព​ផលិតផល តែ​មិន​ចំណាយ​ទៅ​លើ​ទី​ផ្សារ​នោះ​ទេ។ ប្រសិន​ជា​អ្នក​ចំណាយ​លុយ​ទៅ​លើ​តែ​​ផលិតផល​ដោយ​មិន​រក​ទី​ផ្សារ​ដើម្បី​លក់​ចេញ ​នោះ​​អ្នក​នឹង​ខក​ចំណូល​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ជំនួញ​របស់​អ្នក​បិទ​ទ្វារ​បាន៕

ប្រែ​សម្រួល៖ អឹុង មុយយូ

ប្រភព៖ entrepreneur.com

X
5s