មហាសេដ្ឋីមានទ្រព្យជាង៣ពាន់លានដុល្លារ លោក Mark Cubanថា កុំភ័យបើអ្នកបរាជ័យនៅវ័យខ្ទង់២០ឆ្នាំ
លោក Mark Cubanមហាសេដ្ឋីអាមេរិក ដែលមានជំនួញជាច្រើនប្រភេទនោះ បានលើកឡើងថា យុវជនកុំភ័យឲ្យសោះប្រសិនបើ ពួកគេបរាជ័យក្នុងវ័យខ្ទង់២០ឆ្នាំ ព្រោះ លោកកាលនៅក្នុងវ័យនោះ គឺ បរាជ័យរាប់មិនអស់ តែអ្វីដែលសំខាន់នោះ យើងត្រូវតែរៀនពីកំហុសឲ្យបានកាន់តែច្រើនកាន់តែល្អ។ ការលើកឡើងបែបនេះ គឺធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍មួយ ដោយមានការស្រង់សម្ដីពីសារព័ត៌មានCNBC។
«នៅពេលអ្នកស្ថិតក្នុងវ័យខ្ទង់ ២២, ២៣, ឬ ២៤ ឆ្នាំ នោះ វាមិនអាចចាត់ទុកថា អ្នកបរាជ័យនោះឡើយ»។ សម្ដីរបស់លោក Mark Cuban។ មហាសេដ្ឋីរូបនេះបញ្ជាក់ថា មិនថា ការងាររបស់អ្នកជាអ្វីនោះទេ ហើយមិនថា អ្នកជួបការលំបាក និងបរាជ័យបែបណានោះឡើយ សូមកុំអស់សង្ឃឹម ព្រោះវាជាដំណាក់កាលមួយ ដែលអ្នកត្រូវរៀនអំពីជីវិតក្នុងសង្គមការងារជាក់ស្ដែង តែអ្វីដែលសំខាន់នោះ គឺត្រូវប្រឹងប្រែងរៀនសូត្រឲ្យអស់ពីលទ្ធភាព ជាពិសេសរៀនសូត្រពីការបរាជ័យរបស់អ្នក។ សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Indiana ក្នុងឆ្នាំ១៩៨១ លោកបានបរាជ័យជាច្រើនជាពិសេសក្នុងពេលបម្រើការងារនៅតាមក្រុមហ៊ុនធំៗមួយចំនួន ព្រោះត្រូវគេដេញចោល និង សម្រេចចិត្តលាឈប់ពីការងារ រហូតទៅដល់៣ដងជាប់ៗគ្នាតែម្ដង។ ប៉ុន្តែដោយសារតែមិនអស់សង្ឃឹម ហើយខ្លួនលោកបានរកឃើញអ្វីដែលខ្លួនពេញចិត្តគឺផ្នែកបច្ចេកវិទ្យានោះ វាបានធ្វើឲ្យជីវិតមានការផ្លាស់ប្ដូរ រហូតក្លាយជាមហាសេដ្ឋីដល់បច្ចុប្បន្ននេះ៕
ដោយ៖ រតនា វិចិត្រ