រឿង៤យ៉ាងដែលលោកអ្នកជាម្ចាស់អាជីវកម្មគួរធ្វើឱ្យបានក្នុងថ្នាំថ្មី
ខាងក្រោមនេះ គឺជារឿងរ៉ាង ៤យ៉ាងដែលលោកអ្នកជាម្ចាស់អាជីវកម្មគួរធ្វើឱ្យបាន នៅមុនដំណាច់ឆ្នាំ២០១៨នេះ។
១) ពិនិត្យមើលស្តុក (សន្និធិ) ទំនិញរបស់អ្នក៖ នេះជាចំណុចដែលលោកអ្នកត្រូវធ្វើបាន គឺពិនិត្យមើលមុខទំនិញដែលលោកអ្នកទិញយកមកស្ដុកទុកលក់បន្តថា តើមានមុខទំនិញណាដែលលោកអ្នកបានទិញមកស្ដុកយូរមកហើយ ប៉ុន្តែមិនទាន់លក់ចេញ។ ការលក់លាងឃ្លាំង មិនមែនជាគំនិតមិនល្អនោះទេ ពោលគឺលោកអ្នកគួរតែសាកល្បង។ ប៉ុន្តែចំណុចមួយដែលមិនគួរធ្វើ គឺកុំលក់ទំនិញនោះនៅក្នុងតម្លៃបញ្ចុះតម្លៃ តែតាមពិតនៅថ្លៃដដែល។ ធ្វើបែបនេះ នឹងធ្វើអតិថិជនបាត់ទំនុកចិត្តមកលើហាងរបស់អ្នកជាមិនខាន។
២) លុបបំណុលជំពាក់អត់សងចោល (write off accounts receivable)៖ ការលុបបំណុលជំពាក់អត់សងចោលមិនមែនជារឿងអាក្រក់នោះទេ។ លោកអ្នកជាម្ចាស់អាជីវកម្មដែលមានប្រព័ន្ធគ្រប់គ្រងគណនេយ្យត្រឹមត្រូវ គឺច្បាស់ជាយល់ពីចំណុចនេះ ហើយប្រាកដជាធ្លាប់ជួបបញ្ហានេះជាមិនខានឡើយ។ បើលោកអ្នកមិនលុបបំណុលជំពាក់អត់សងចោលទេ ច្បាស់ជាខាតបង់បន្ថែមទៀត គឺទៅលើការបង់ពន្ធ។ លោកអ្នកលុបចោល គឺទទួលបានការបង់ពន្ធតិចជាមុន (tax deduction) ដូច្នេះកុំស្ទាក់ស្ទើរ។
៣) ទិញសម្ភារៈសម្រាប់ការិយាល័យ៖ នៅជិតដាច់ឆ្នាំបែបនេះ បើលោកអ្នកមានគម្រោងទិញសម្ភារៈ មួយចំនួនដាក់ការិយាល័យ គឺជាពេលល្អ ព្រោះថាលោកអ្នកអាចទទួលបានការបញ្ចុះតម្លៃ ហើយបើទិញបរិមាណច្រើន នឹងទទួលបានការចុះតម្លៃកាន់តែច្រើនទៀត។ នេះជាផលចំណេញមួយ។
៤) ដើរលម្ហែកាយខ្លះ៖ សម្រាប់ម្ចាស់អាជីវកម្មមួយចំនួន ដែលមិនបម្រើសេវាកម្មពាក់ព័ន្ធនឹងការដាច់ឆ្នាំនេះច្រើន គួរតែចំណាយពេលខ្លះដើម្បីលម្ហែកាយធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងកាន់តែមានថាមពលដើម្បីបំពេញការងារ។ ពេលវេលាចុងឆ្នាំបែបនេះ អាចជាពេលវេលាល្អសម្រាប់លោកអ្នក និងក្រុមគ្រួសារ៕ ដោយ៖ រតនៈវិភូ