ហេតុ​ផល​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​សន្សំ​លុយ​​នា​ថ្ងៃ​នេះ​​



ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​នោះ​ទេ​ថា​អ្នក​មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​សន្សំ​លុយ។ អ្នក​អាច​សន្សំ​លុយ​នៅ​ផ្ទះ​​ហើយ​អាច​​ឃើញ​សាច់​ប្រាក់​នៅ​ចំពោះ​មុខ​ភ្លាម​ៗ​​ទៀត​ផង ​ឬ​​ការ​សន្សំ​លុយ​នៅ​ធនាគារ​ដោយ​ទទួល​បាន​ការ​ប្រាក់​​បន្ថែម​។ ​

មិន​ថា​អ្នក​ជ្រើសរើស​វិធី​សន្សំ​លុយ​មួយ​ណា​នោះ​ទេ ការ​សន្សំ​លុយ​គឺ​មាន​សារៈសំខាន់​​និង​សារប្រយោជន៍​ជា​ច្រើន។ ខាង​ក្រោម​នេះ​ជា​ហេតុផល​៤យ៉ាង​ធំៗ​ដែល​អ្នក​គួរ​ចាប់​ផ្តើម​សន្សំ​លុយ​នៅ​ថ្ងៃ​នេះ៖

១) មាន​លុយ​ពេល​អ្នក​ត្រូវ​ការ​

ក្នុង​ជីវិត​មនុស្ស​ លុយ​និង​មនុស្ស​គឺ​​មាន​ការ​ទាក់​ទង​គ្នា​​យ៉ាង​ស្អិតល្មួត​។ តម្រូវ​ការ​របស់​មនុស្ស​​គឺ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ប្រចាំ​ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​​។ ​អ្នក​អាច​ចង់​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​ ទិញ​កុំព្យូទ័រ​ឬ​ទិញ​ម៉ូតូ​។ល។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​មាន​លុយ​សន្សំ​ អ្នក​មាន​លុយ​សម្រាប់​បំពេញ​តម្រូវ​ការ​បាន​ភ្លាម​ៗ។

២) មាន​លុយ​ពេល​គ្រា​​មាន​អាសន្ន

រឿងហេតុ​ពិត​ជា​មិន​អាច​​ទាយ​ទុក​បាន​ឡើយ។ ថ្ងៃ​នេះ​អ្នក​ប្រហែល​ជា​គ្មាន​បញ្ហា​ឬ​ត្រូវ​ការ​លុយ​ឡើយ តែ​ថ្ងៃ​ស្អែក​គឺ​អ្នក​មិន​អាច​ដឹងនោះ​ទេ​។ អ្នក​អាច​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ អ្នក​អាច​​ត្រូវ​ចោរ​ប្លន់​ឬ​ក៏​អ្នក​អាច​បាត់​បង់​ការ​ងារ​នៅ​ថ្ងៃ​ណា​មួយ លុយ​ដែល​អ្នក​សន្សំ​នឹង​​ហើយ​ដែល​អាច​ជួយ​អ្នក​បាន។ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​​ត្រូវ​​ធ្វើ​មុខ​ក្រាស់​ដើរ​ខ្ចី​លុយ​គេ​សម្រាប់​​អាសន្ន​នេះ​ហើយ។

៣) លុយ​សម្រាប់​ការ​អប់​រំ

មិន​ថា​អ្នក​អាយុ​ប៉ុន្មាន​ក៏​ដោយ អ្នក​តែង​តែ​អាច​រៀន​អ្វី​ដែល​ថ្មី​ឬ​ពង្រឹង​សមត្ថភាព​បន្ថែម។ មនុស្ស​​ជា​ច្រើន​បាន​ត្រឡប់​មក​សាលា​វិញ​ដើម្បី​ពង្រឹង​ភាសា​ឬ​រៀន​ជំនាញ​បន្ថែម។ តែ​ប្រសិន​ជា​អ្នក​សន្សំ​លុយ​ទុក​សម្រាប់​អនាគត​កូន វា​ក៏​មិន​ខុស​ដែរ។ ការ​ដែល​អ្នក​សន្សំ​លុយ​​បាន​កាន់​តែ​ច្រើន វា​ក៏​ជួយ​ធានា​ដល់​អនាគត​កូន​របស់​លោក​អ្នក​ដែរ។

៤) សន្សំ​សម្រាប់​ពេល​អ្នក​ចូល​និវត្តន៍​

ការ​សន្សំ​លុយ​សម្រាប់​​ការ​ចូល​​និវត្តន៍​​​​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ប្រសិន​ជា​អ្នក​បាន​ចាប់​ផ្តើម​បាន​ឆាប់ អ្នក​នឹង​មិន​រង​ទុក្ខ​ឬ​ពិបាក​នា​ថ្ងៃ​អនាគត​ដែល​​អ្នក​គ្មាន​លុយ​ពេល​អ្នក​ឈឺ​ឡើយ។ ម៉្យាង​វិញ​ទៀត ប្រសិន​ជា​អ្នក​សន្សំ​​លុយ​នៅ​ធនាគារ​ អ្នក​នឹង​មាន​ការ​ប្រាក់​ថែម​​មួយ​កម្រិត​ទៀត៕

ប្រែ​សម្រួល៖ មុយយូ

ប្រភព៖ mymoneycoach.ca

X
5s