សេដ្ឋកិច្ចវៀតណាមកើនឡើង៦,៦៨ ភាគរយនៅឆ្នាំ២០១៥ ដែលលើសពីការរំពឹងទុក
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើង ប្រមាណ៦,៦៨ ភាគរយនៅឆ្នាំ២០១៥ ដែលជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចប្រទេសនេះកំពុងដើរលើផ្លូវវិជ្ជមាន ក្នុងរយៈពេល៥ឆ្នាំងចុងក្រោយ។ នេះបើតាមការអះអាងរបស់របាយការណ៍របស់ការិយាល័យស្ថិតិទូទៅរបស់វៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍កន្លងទៅ។
កំណើនប្រមាណ ៦,៦៨ ភាគរយ នេះចំនួនដែលខ្ពស់លើសពីការរំពឹងទុក ព្រោះ កន្លងមករដ្ឋាភិបាលប្រទេសនេះ រំពឹងត្រឹមថា នឹងកើនឡើងត្រឹមតែ៦,២ ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៥នេះ។
សញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចរបស់វៀតណាមនេះ គឺដោយសារតែ ការនាំចេញរបស់ប្រទេសនេះមានការកើនឡើងខ្ពស់ជាលំដាប់ ពោលគឺកើនឡើងរហូតដល់៨,១ ភាគរយ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមកើនឡើង ស្របពេលដែលប្រទេសក្នុងតំបន់អាស៊ីមួយចំនួនកំពុងរងផលប៉ះពាល់ដោយ បញ្ហាសេដ្ឋកិច្ចរបស់ចិន។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ កំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺមានចំនួន៥,៤២ភាគរយ ហើយឆ្នាំ២០១៤គឺកើនឡើងចំនួន៦ ភាគរយ៕
ដោយ៖ អ៊ុន ភក្តី