Marcus Lemonis៖ ចង់ជោគជ័យ យុវជនគួររកការងារធ្វើហើយត្រូវចេញទៅពិភពលោកខាងក្រៅ
លោក Marcus Lemonis នាយកប្រតិបត្តិរបស់ក្រុមហ៊ុនCamping World បានលើកឡើងថា ប្រសិនបើក្មេងៗពិតជាចង់ជោគជ័យក្នុងជីវិតមែន ពួកគេត្រូវតែព្យាយាមរកការងារធ្វើឲ្យបាន ហើយហ៊ានចេញទៅពិភពលោកខាងក្រៅ ដោយមិនចាំតែពឹងលើលុយរបស់ឪពុកម្ដាយទៀត។ ការលើកឡើងបែបនេះគឺធ្វើឡើងនៅក្នុងកម្មវិធី The Profit របស់សារព័ត៌មានCNBCរបស់អាមេរិក។
«ចាប់ផ្ដើមធ្វើការអ្វីក៏ដោយក៏បាន ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ដោយមានកាលវិភាគច្បាស់លាស់ ហើយកុំធ្វើការឲ្យគ្រួសារឯងឲ្យសោះ ។ អ្នកត្រូវធ្វើការឲ្យនរណាក៏ដោយ ដែលអាចដេញអ្នកចេញពីការងារបាន»។ នេះជាការលើកឡើងរបស់Marcus Lemonis ។ អ្នកជំនួញរូបនេះ យល់ឃើញថា ការធ្វើការងារដល់អ្នកដទៃនឹងជួយឲ្យអ្នកយល់ច្បាស់អំពីការលំបាកនៃការងារ ហើយរឹតតែធ្វើឲ្យអ្នកកាន់តែតស៊ូក្នុងជីវិត ហើយវានឹងជាចំណុចដ៏សំខាន់មួយ ដែលអាចត្រួសត្រាយផ្លូវទៅរកភាពជោគជ័យក្នុងជីវិត។ លោក បន្តទៀតថា យុវជនមិនគួរផ្ដេកផ្ដួលខ្លួនជាមួយគ្រួសារនោះឡើយ ពោលគឺពួកគេត្រូវតែហ៊ានចេញទៅប្រឡូកក្នុងពិភពខាងក្រៅ ដើម្បីឲ្យស្គាល់ឲ្យអស់រសជាតិជីវិត ព្រោះបើអ្នកនៅតែផ្ទះហើយចាំតែហុចដៃយកលុយពីឪពុកម្ដាយនោះ អ្នកនឹងគ្មានថ្ងៃអាចសំលៀងសក្ដានុពលរបស់ខ្លួនបានឡើយ៕
ដោយ៖ រតនា វិចិត្រ