លោក Orville Wright អ្នកហោះហើរដំបូងក្នុងលោក ៖ «ប្រសិនបើបក្សីអាចហោះសំកាំងខ្លួនបានយ៉ាងយូរ ចុះហេតុអ្វីខ្ញុំមិនអាចធ្វើបាន»
«ប្រសិនបើបក្សីអាចហោះសំកាំងខ្លួនបានយ៉ាងយូរ ចុះហេតុអ្វីខ្ញុំមិនអាចធ្វើបាន»។ នេះជាសម្ដីរបស់លោក Orville Wright ដែលស្ថិតក្នុងត្រកូលWrights ហើយពិភពលោកបានស្គាល់យ៉ាងច្បាស់ថា បងប្អូនទាំងនេះហើយ ជាអ្នកច្នៃប្រឌិត និង បង្កើតយន្តហោះនាសម័យទំនើប។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថាខ្លួនលោក និងបងប្អូនរបស់ខ្លួន បានប្រើពេលគិតយ៉ាងយូរ ហើយតែងនឹកគិតដល់សកម្មភាពរបស់បក្សីដែលហោះនៅលើមេឃ ដើម្បីសិក្សាថាតើគួរធ្វើយ៉ាងណាទើបអាចឲ្យយន្តហោះអាចហោះបានដូចបក្សី។
Orville Wright និង Wilbur Wright ដែលគ្រប់គ្នាហៅថា បងប្អូនត្រកូល Wrights នោះបានចំណាយពេលយ៉ាងច្រើនក្នុងជីវិតរបស់ខ្លួន ដើម្បីសិក្សាអំពីវិធីល្អៗក្នុងការសាកល្បងហោះហើរ ដោយប្រើគ្រឿងម៉ាស៊ីន។ មុន និង ដើមឆ្នាំ១៩០០ គំនិតដែលចង់ឲ្យគ្រឿងម៉ាស៊ីនអាចហោះបាននោះ គឺពិតជាគួរឲ្យអស់សំណើច បើទោះបីជាក្នុងប្រវត្តិសាស្ត្រមានមនុស្សមួយចំនួនគិតចង់ហោះដូចបក្សីក៏ដោយ ព្រោះមនុស្សភាគច្រើនគិតថា វាជារឿងដែលមិនអាចទៅរួចនោះឡើយដែលមនុស្សអាចហោះនៅលើអាកាសឲ្យដូចបក្សីនោះ។
ប៉ុន្តែសម្រាប់បងប្អូនWrights មិនទោរទន់តាមការរិះគន់ ឬ សើចចំអករបស់អ្នកដទៃនោះឡើយ ដោយបងប្អូនប្រុសទាំងពីរខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីស្រាវជ្រាវនិង ពិសោធឲ្យបាន ពោលគឺសម្រេចឲ្យបាននូវក្តីសុបិនដែលធ្វើឲ្យមនុស្សអាច ហោះហើរនៅលើអាកាសប្រៀបដូចជាបក្សីអ៊ីចឹង។ ទោះបីជាបរាជ័យច្រើនដង ប៉ុន្តែសម្រាប់Orville Wright តែងសម្លឹងមើលបក្សីហោះហើរនៅលើអាកាសជានិច្ច ហើយតែងគិតថា ហេតុអ្វីបក្សីអាចហោះបាន ហើយអាចសំកាំងខ្លួនយ៉ាងយូរនៅលើអាកាស ហើយថា បើបក្សីអាចធ្វើបាន ចុះហេតុអ្វីបានជាខ្លួនលោក មិនអាចធ្វើបាន។
ដោយសារតែការគិតវិជ្ជមានបែបនេះហើយ បានជាបងប្អូនត្រកូល Wrights បានបន្តការខិតខំ រហូតបានជោគជ័យក្នុងការហោះហើរជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩០៣ ។ ចាប់តាំងពីពេលនោះមក ទើបពិភពលោកស្គាល់រូបរាងច្បាស់ របស់យន្តហោះ និង ភាពអស្ចារ្យរបស់វា៕
ដោយ៖ រតនា វិចិត្រ