លោក George Lorimer៖​ ​«​វា​ពិត​ជា​ល្អ​ ដែល​មាន​លុយ​ហើយ​មាន​អ្វីៗ​ដែល​លុយ​អាច​ទិញ​បាន​ តែ...»​



​«​វា​ពិត​ជា​ល្អ​ ដែល​មាន​លុយ​ហើយ​មាន​អ្វីៗ​ដែល​លុយ​អាច​ទិញ​បាន​ ​ តែ​​វា​រឹត​តែ​ល្អ​បើ​​​​បាន​ត្រួតពិនិត្យ​​​ដើម្បី​​ឲ្យ​​​ប្រាកដ​ថា ​​អ្នក​មិន​បាត់បង់​អ្វី​ដែល​លុយ​មិន​អាច​ទិញ​បាន​» ។​នេះ​ ជា​​ការ​លើក​ឡើង​របស់​លោក​ ​​George Lorimer​ អតីត​អ្នក​និពន្ធ​ដ៏​ល្បី​របស់​អាមេរិក​។​ ​ក្នុង​ន័យ​នេះ​ លោក​ចង់​បញ្ជាក់​ថា ​មាន​​លុយ​​គឺ ពិត​ជា​សំខាន់​ ព្រោះ​លុយ​​ប្រើប្រាស់​​ដើម្បី​​ទិញ​វត្ថុ​បាន​ច្រើន​យ៉ាង​​​ ​សម្រាប់​បម្រើ​ដល់​ការ​រស់នៅ​​របស់​មនុស្ស​។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ​​អ្នក​​​​រវល់​តែ​ជា​មួយ​វត្ថុ​ឬ​របស់​ដែល​លុយ​អាច​ទិញ​បាន​ ​​រហូត​ភ្លេច​យក​ចិត្ត​ទុកដាក់​ចំពោះ​​អ្វីៗ​ដែល​លុយ​ទិញ​មិន​បាន​។

លុយ​ គឺ​ជា​របស់​សំខាន់​​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ ​ប្រឹងប្រែង​ដើម្បី​វា ​ព្រោះ​បើ​គ្មាន​វា​​ទេ​ ជីវិត​​នឹង​ជួប​បញ្ហា​ច្រើន​មិន​ខាន​។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​ មនុស្ស​មួយ​ចំនួន​រវល់​តែ​ជាមួយ​លុយ​ ឬ ​​អ្វីៗ​ដែល​​លុយ​អាច​ទិញ​បាន​ រហូត​ភ្លេច​​​គិត​អំពី​តម្លៃ​មហាសាល​​នៃ​​អ្វីៗ​ដែល​​លុយ​មិន​អាច​ទិញ​បាន​។ ​អ្វី​ក៏​ដោយ​ដែល​លុយ​អាច​ទិញ​បាន​ គឺ​​មិន​ទាន់​មាន​តម្លៃ​ខ្លាំង​នៅ​ឡើយ​ ។ វា​អាច​ធ្វើ​​ឲ្យ​អ្នក​សប្បាយ​ចិត្ត​​ខ្លាំង​មួយ​ពេល​ ប៉ុន្តែ​វា​​គ្រាន់​តែ​ជា​អារម្មណ៍​បណ្ដោះ​អាសន្ន​ ​ដែល​មិន​អាច​ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​​មាន​សេចក្ដី​សុខ​យូរអង្វែង​នោះ​ឡើយ​ ដូច​ជា​​ឡាន ​ទូរស័ព្ទ​ ​និង របស់របរ​ប្រើប្រាស់​ផ្សេងៗ​ទៀត​​ បើ​ទោះ​បី​ជា​វា​ទំនើប​ប៉ុន្តែ​ក៏​ដោយ​។

​តើ​អ្វី​ជា​របស់​ដែល​លុយ​មិន​អាច​ទិញ​បាន​? ​មាន​ច្រើន​ណាស់​ ដូច​ជា​ ​​គ្រួសារ​ជា​ទី​ស្រលាញ់​របស់​អ្នក​ ​​មនុស្ស​ជា​ទី​ស្រលាញ់​ ​សុភមង្គល ​​​ក្ដី​សុបិន​​​ ភាព​ស្មោះត្រង់​ ​និង ​ជា​ពិសេស​នោះ​​សុខភាព​របស់​​អ្នក​​។ ​បើ​សិន​អ្នក​មួយ​ថ្ងៃៗ​​មាន​មោទនភាព ឬ ​កំពុង​រវល់​វីវក់​ជាមួយ​អ្វីៗ​ដែល​លុយ​អាច​ទិញ​បាន​នោះ ​​​ថ្ងៃ​ណា​មួយ​អ្នក​នឹង​សោកស្ដាយ​​មិន​ខាន​ ​នៅ​ពេល​អ្នក​បាត់បង់​អ្វីៗ​ដែល​លុយ​មិន​អាច​ទិញ​បាន ​ព្រោះ​បើ​វា​បាត់បង់​ហើយ ​គ្មាន​ឡើយ​​ថ្ងៃ​ដែល​អ្នក​អាច​​យក​វា​មក​វិញ​បាន​។ ​ដូច្នេះ​ស្រប​ពេល​ដែល​អ្នក​កំពុង​ព្យាយាម​រក​លុយ​ ​ហើយ​កំពុង​ព្យាយាម​ចង់​បាន​អ្វី​ដែល​លុយ​អាច​ទិញ​បាន​ សូម្បី​កុំ​បណ្ដោយ​ខ្លួន​រហូត​បាត់បង់​​របស់​ដ៏​មាន​តម្លៃ ដែល​​លុយ​​គ្មាន​តម្លៃ​ស្មើ​​ឲ្យ​សោះ​៕

ដោយ​៖ រតនា​ ​វិចិត្រ

X
5s