ស៊ីរី​មិន​ខ្ចី​ញញើត! ​​យន្តហោះ​ចាប់​ផ្ដើម​ពង្រាយ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ដែល​​អាមេរិក​បាញ់​មីស៊ីល​ជិត ៦០​គ្រាប់​​​



​ស៊ីរី​ពិត​ជា​មិន​ញញើត​អាមេរិក​នោះ​ឡើយ​​​ព្រោះ​ថា​មូលដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​ដែល​អាមេរិក​បាញ់​មីស៊ីល Tomahawk ​ ៥៩​គ្រាប់​​​កម្ទេច​នោះ​ ​ឥឡូវ​គេ​ឃើញ​មាន​យន្តហោះ​មក​ដាក់​ពង្រាយ​​​ឡើង​វិញ។ ​នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ដោយ​ Business Insider។ ​​យោង​តាម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ពីរ​រូប​ បាន​ឱ្យ​ដឹង​ថា​ ​​យន្តហោះ​ចម្បាំង​​ Su-22 និង​ MiG-23 ​​​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ Shayrat និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស​​អំឡុង​ពេល​​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ។ ​ទោះ​ជា​យ៉ាង​ណា​ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​​ចំនួន​យន្តហោះ​ចម្បាំង​សរុប​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នោះ​ទេ។ ​ ​​​លោក​ James Mattis ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​​បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែងការ​មួយ​កាល​ពី​​ខែ​មេសា​​​​ ថា​ ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​​មីស៊ីល​ ៥៩​គ្រាប់​នៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​នោះ​បាន​បំផ្លាញ​មូលដ្ឋាន​ទ័ព​អាកាស​របស់​រដ្ឋាភិបាល​ស៊ីរី​អស់​ ២០%។ ​​សូម​បញ្ជាក់​ថា​​ ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នេះ​ គឺ​បន្ទាប់​​​ពី​​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​ស៊ីរី​បាន​សម្លាប់​ប្រជាជន​ប្រមាណ​ ៨០​នាក់​ក្នុង​​នោះ​មាន​ក្មេង​ភាគ​ច្រើន​ដោយ​​ប្រើ​អាវុធ​គីមី​នៅ​ខេត្ត​ Idlib៕​​ ដោយ៖ យោធិន
X
5s