​តើ​​ហាង​ឆេង​មាស​នៅ​ឆ្នាំ​២០១៦​ នឹង​ទៅ​ជា​យ៉ាង​ណា? លោក​អ្នក​គួរ​ទិញ​​​ទុក​ទេ?​



ធនាគារ​ HSBC ​បាន​ថ្លែង​​កាល​ពី​​ចុង​ខែ​វិច្ឆិកា​ កន្លង​ទៅ​ថា​ ​មាស​នឹង​មាន​ហាង​ឆេង​ឡើង​វិញ​នៅ​ឆ្នាំ​​ក្រោយ​ បន្ទាប់​ពី​​ធ្លាក់​ចុះ​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​នេះ។ ធនាគារ​ដ៏​ធំ​​ក្នុង​លោក​មួយ​នេះ​ បាន​​​យល់​ឃើញ​ថា​ ​តម្លៃ​មាស​គិត​ជា​មធ្យម​ឆ្នាំ​នេះ​ គឺ​ ១១៦០​ដុល្លារ​​ក្នុង​មួយ​អោន (៨​ជី​៣​ហ៊ុន) ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយ​អាច​នឹង​កើន​ដល់​ ១២០៥​ដុល្លារ​ និង​នៅ​ឆ្នាំ​២០១៧​ នឹង​កើន​ដល់​ ១៣០០​ដុល្លារ។ ​ធនាគារ​​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​តម្លៃ​មាស​ អាច​នឹង​កើន​នៅ​ក្នុង​ចន្លោះ​ពី​ ១០២៥​ដុល្លារ​ ដល់​ ១២៧៥​ដុល្លារ​នៅ​ឆ្នាំ​២០១៦។ ​ ​កត្តា​មួយ​ចំនួន​​ដែល​ធ្វើ​ឱ្យ​តម្លៃ​មាស​កើន​ឡើង​បើ​ផ្អែក​តាម​ការ​​វិភាគ​របស់​​អ្នក​ជំនាញ​ធនាគារ​ដដែល។ ១) ​តម្រូវ​ការ​នៅ​ទីផ្សារ​​កំពុង​​លូតលាស់​​ បាន​កំណត់​តម្លៃ​ទាប​បំផុត​​​ (price floor) រួច​ទៅ​ហើយ។​ ​ការ​ទិញ​មាស​ពី​ឥណ្ឌា​ និង​ចិន​ដែល​បូក​ចូល​គ្នា​ស្មើ​នឹង​ ២​ភាគ​៣​នៃ​ការ​ប្រើ​គ្រឿង​អលង្ការ​និង​​មាស​គីឡូ​ពិភពលោក​លោក​ ​នឹង​កើន​ឡើង​នៅ​ឆ្នាំ​ក្រោយ។ ២) ​​ទោះ​ជា​ចិន​មាន​កំណើន​សេដ្ឋកិច្ច​ទាប​ជាង​មុន​ ប៉ុន្តែ​ប្រាក់​ចំណូល​ប្រជាជន​ប្រទេស​នេះ​នឹង​បន្ត​កើន​ឡើង​​​ ដែល​នឹង​ធ្វើ​ឱ្យ​តម្រូវ​ការ​​ទិញ​កើន​​ឡើង​ដែរ។ ៣) រដ្ឋាភិបាល​​ឥណ្ឌា​បាន​ដាក់​ចេញ​​វិធានការ​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​​​នាំ​ចូល​មាស​ Gold Monetization Scheme ​តែ​​​ប្រហែល​មិន​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដល់​តម្រូវ​ការ​នោះ​ទេ៕ ដោយ៖ រតនៈ​វិភូ
X
5s