អតីត​ប្រធានាធិបតី​អាមេរិក​ លោក​ ចន​​ ​អាដាម​ ៖ ​«​ព្យាយាម​ហើយ​បរាជ័យ​មិន​អី​ទេ​ កុំ​ឲ្យ​តែ​បរាជ័យ​ក្នុង​ការ​ព្យាយាម​»​



«​ព្យាយាម​ហើយ​បរាជ័យ​មិន​អី​ទេ​ កុំ​ឲ្យ​តែ​បរាជ័យ​ក្នុង​ការ​ព្យាយាម​» ។ ​​នេះ​ជា​ពំនោល​របស់​​លោក ចន​​ ​​អាដាម ( John Adams ) ​ដែល​ជា​អតីត​ប្រធានាធិបតី​អាមេរិក​​ (ទី៦​)។ ​ក្នុង​ន័យ​នេះ​​ ​​លោក​ចង់​បញ្ជាក់​ថា ​​​បើ​អ្នក​ព្យាយាម​ហើយ​​​ ​នៅ​តែ​បរាជ័យ​ ​នោះ​វា​មិន​មែន​ជា​រឿង​​ប្លែក​ ឬ ​រឿង​អាក្រក់​អ្វី​ដែល​គួរ​បារម្ភ​នោះ​ទេ​ តែ​បើ​អ្នក​មិន​ព្យាយាម​ធ្វើ​អ្វី​មួយ​ទាល់​​តែ​សោះ​ ​នោះ​ហើយ​ជា​បញ្ហា​។

​គ្មាន​នរណា​ម្នាក់​ដែល​អាច​គេច​ផុត​ពី​ពាក្យ​ថា​ «​បរាជ័យ​»​នោះ​​ឡើយ​ ឬ ​​​មិន​ធ្លាប់​ខុស​ ព្រោះ​​មនុស្ស​​មិន​មែន​ជា​ទេវតា​។ ​​​បើ​គេ​សង្កេត​មើល​​បុគ្គល​ដែល​ជោគជ័យ​ធំៗ​​ក្នុង​លោក​ ​​គឺ​គ្មាន​ម្នាក់​ណា​ដែល​អះអាង​ថា ​ខ្លួន​មិន​ដែល​បរាជ័យ​សោះ​ក្នុង​មួយ​ជីវិត​របស់​ខ្លួន​នោះ​ឡើយ​ ហើយ​អ្នក​ខ្លះ​ទៀត​​ពាក្យ​ថា បរាជ័យ​នេះ​គឺ​កើត​ឡើង​សឹង​រាប់​ភ្លេច​ទម្រាំ​សម្រេច​អ្វី​ដែល​ខ្លួន​ចង់​បាន​។

​បើ​សូម្បី​តែ​​ពួក​អ្នក​ប្រាជ្ញ​ ​និង​បុគ្គល​ជោគជ័យ​ល្បីៗ​ក្នុង​លោក​ គេច​មិន​ផុត​ផង​ ចុះ​ទម្រាំ​មនុស្ស​ទូទៅ​។ ​មនុស្ស​ខ្លះ​ព្រោះ​តែ​ខ្លាច​បរាជ័យ​ ​គឺ​​ធ្វើ​អ្វី​ក៏​មិនហ៊ាន​ដោយ​ខ្លាច​​នេះ​ខ្លាច​នោះ​​ រហូត​​មួយ​ថ្ងៃ​កន្លង​ផុត​ទៅ​​ ​​ហើយ​រយៈកាល​មួយ​ខែ​ក៏​ចូល​មក​បញ្ចប់​ដែរ​​ ​​ហើយ​បាំង​តែ​ភ្នែក​ រយៈពេល​មួយ​១ឆ្នាំ​ ១០​ឆ្នាំ​ ​​ក៏​កន្លង​ផុត​ទៅ​​។ ចុងក្រោយ​គឺ​​ ជីវិត​​​ហាក់​គ្មាន​​ខ្លឹម​អ្វី​ទាំង​អស់​ ព្រោះ​មិន​បាន​ព្យាយាម​ធ្វើ​អ្វី​មួយ​ទាល់​តែ​សោះ​។ ​

ការ​រស់​នៅ​ក្នុង​ជីវិត​បែប​នេះ ​មិន​មែន​ជា​ផ្លូវ​ដែល​មនុស្ស​​យើង​គួរ​ដើរ​​នោះ​ទេ​ ​ព្រោះ​ជីវិត​គឺ​មាន​តែ​មួយ​ បើ​ជ្រុល​តែ​កើត​មក​​លើ​ផែនដី​នេះ​ហើយ ​គឺ​ត្រូវ​ប្រើ​វា​ឲ្យ​អស់​ពី​លទ្ធភាព​ មុន​ពេល​យើង​ត្រឡប់​ទៅ​រក​​ប្រភព​ដើម​វិញ​៕

​ដោយ​៖ រតនា​ ​វិចិត្រ

X
5s