ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញដៃគូអភិវឌ្ឍន៍ពីសក្តានុពលសេដ្ឋកិច្ចនៅបាវិត
នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ច និងទីកន្លែងមួយចំនួននៅក្រុងបាវិត ខេត្តស្វាយរៀង។ រួមដំណើរឯកឧត្តមរដ្ឋមន្ត្រី រួមមានឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូឈី (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក សាមីអែលឡា ធី. ធុគូហ្វុ (Samiuela T. Tukuafu) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
[caption id="attachment_39645" align="aligncenter" width="670"] ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ច និងទីកន្លែងមួយចំនួននៅក្រុងបាវិត[/caption]
ដោយទទួលបានការស្វាគមន៍ពីសំណាក់អភិបាលខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត គណៈប្រតិភូ បានទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nissey (Cambodia) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសដ្រាហ្រ្កនឃីង និង ក្រុមហ៊ុន DK Inc, Tokyo Part Industrial (Cambodia), Japana Technical Center (Cambodia) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងច្រកព្រំដែនបាវិត ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីបង្ហាញពីស្ថានភាពជាក់ស្តែង និងការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិតដើម្បីលើកកម្ពស់ការវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ។
ក្រុមហ៊ុន Nissey (Cambodia) គឺជាក្រុមហ៊ុន ផលិតនាឡិកាដៃ និងគ្រឿងបង្គុំ រីឯក្រុមហ៊ុន DK Inc ជាក្រុមហ៊ុនផលិតអាវធំបុរស Tokyo Part Industrial (Cambodia) ជាក្រុមហ៊ុន ផលិតខ្សែ គ្រឿងបង្គុំអគ្គិសនី និងតំឡើងត្រង់ស្វូ ក្រុមហ៊ុន Japana Technical Center (Cambodia) ជាក្រុមហ៊ុន ផលិតសម្ភារៈកីឡា និងស្បែកជើង។
គួរបញ្ជាក់ដែរថា គិតត្រឹមខែមេសា ឆ្នាំ២០១៧ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសដែលដំណើរការសរុបចំនួន ៦កន្លែង ដែលមានគម្រោងវិនិយោគចំនួួន៦៩គម្រោងដោយបានបោះទុនវិនិយោគប្រមាណ៣១៣លានដុល្លារអាមេរិក និងបង្កើតការងារចំនួនប្រមាណ៤៣០០០កន្លែង។