iPhone 8 មិន​ទាន់​ចេញ​ផ្លូវការ​ផង ​អតិថិជន Apple ប៉ង​ចាំ​ទិញ​ប្រើ​ស្ទើរ​គ្រប់​គ្នា​ទៅ​ហើយ ទោះ​តម្លៃ $1000 ក៏​ដោយ​



សេចក្ដី​រាយការណ៍​កន្លង​មក​សុទ្ធតែ​លើកឡើង​ថា iPhone 8 ​នឹង​មាន​តម្លៃ​ក្នុង​រង្វង់ ១០០០ដុល្លារ នៅ​ពេល​មាន​លក់​ចុង​ឆ្នាំ២០១៧ នេះ។ ថ្វីបើ​យ៉ាង​នេះ​ក្ដី ក៏​មាន​មតិ​អ្នក​គាំទ្រ​ផលិតផល Apple ​ជាច្រើន គឺ​បាន​ចាប់អារម្មណ៍ មិន​រាថយ​ក្នុង​ការ​តាំងចិត្ត​ដើម្បី​ក្លាយ​ជាង​ម្ចាស់ iPhone ​ទំនើប​នេះ​ទេ។ ​តាម​លទ្ធផល​ស្ថិតិ​ថ្មី​មួយ​ដោយ​ក្រុមហ៊ុន​វិភាគ​ទីផ្សារ Morgan Stanley បង្ហាញ​ថា មាន ៩២% នៃ​អ្នក​កំពុង​ប្រើ iPhone ​ស៊េរី​មុនៗ ឬ​បច្ចុប្បន្ន ពួក​គេ​មាន​បំណង​ប្ដូរ​ទៅ​ប្រើ iPhone ជំនាន់​ថ្មី ឬ iPhone 8 នេះ យ៉ាង​យូរ​នៅ​រយៈពេល ១២ខែ​ទៀត។ ៩២% គឺ​ជា​អត្រា​ដ៏​ខ្ពស់​មួយ សម្រាប់​ជា​ឆ្អឹង​ទទឹង​ក​របស់ Samsung ​ខណៈ​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង​ទទួល​បាន​ត្រឹម ៧៧%។ ចំណែក LG មាន ៥៩%, Motorola មាន ៥៦% ហើយ Nokia មាន ៤២%។ វា​ជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​ក្រុមហ៊ុន Apple ដែល​មាន​អ្នក​គាំទ្រ​ស្មាតហ្វូន​របស់​ខ្លួន បើ​ទោះបី​រូបរាង​ពិត​របស់ iPhone 8 មិន​ទាន់​បង្ហាញ​ខ្លួន​ផ្លូវការ​ក៏​ដោយ។ កន្លង​ទៅ​មាន​មតិ​ត្អូញត្អែរ​ខ្លះ​ថា iPhone 7 ពុំ​ទាន់​ជា​ស្មាតហ្វូន​ទទួល​បាន​បច្ចុប្បន្នភាព​ច្រើន តាម​តម្រូវការ​ចង់​បាន​របស់​អតិថិជន​នៅ​ឡើយ។ រូបរាង iPhone 8 អាច​នឹង​ស្រដៀង​ច្រើន​ទៅ​នឹង Galaxy S8 របស់ Samsung ​ពោល​គឺ​នឹង​មាន​គែម​អេក្រង់​យ៉ាង​ស្ដើង (edge-to-edge display) ហើយ​គ្មាន​ប៊ូតុង Home។ តាម​ចចាមអារ៉ាម​កន្លង​ទៅ​លើកឡើង​ថា iPhone 8 នឹង​ត្រូវ​ក្រុមហ៊ុន​ឌីហ្សាញ​ក្រាល​ដោយ​កញ្ចក់​ប្រភេទ glass-sandwich ​ហើយ​គាំទ្រ​មុខងារ​សាកថ្ម​ឥត​ខ្សែ wireless charging ក៏​ដូច​ជា​ប្រើប្រាស់​អេក្រង់​កោង​ប្រភេទ OLED ​ដែល​ផលិត​ដោយ Samsung មាន​ទំហំ ៥,៨អ៊ីញ និង​អម​មក​ជាមួយ​មុខងារ​ច្រើន​សំបូរបែប​ថែមទៀត៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s