តោះនាំគ្នាស្វាគមន៍យន្តហោះ Boeing ថ្មីសន្លាងបំផុត 737Max ចុះលក្ខណៈពិសេសវិញយ៉ាងម៉េចដែរ?
ក្រុមហ៊ុនយក្សផលិតយន្តហោះរបស់អាមេរិក Boeing ទើបនឹងបានបង្ហាញយន្តហោះបម្រើវិស័យអាកាសចរណ៍ដ៏ថ្មីសន្លាងគឺ 737 Max 8 នៅរោងចក្រដំឡើងនៅទីក្រុង Renton រដ្ឋ Washinton កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Business Insider។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យន្តហោះត្រកូល 737 លក់ដាច់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ពាណិជ្ជកម្ម។ បើគិតចាប់ពីឆ្នាំ១៩៦៥មក គឺយន្តហោះប្រមាណ ១៣ ០០០គ្រឿងហើយត្រូវបានលក់ចេញ។ យន្តហោះត្រកូលនេះ ប្រៀបបាន បឺនិងនំប៉័ងរបស់ក្រុមហ៊ុនអីចឹង។
ត្រួសៗពីយន្តហោះដ៏ថ្មីសន្លាងនេះ៖
-ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរទ្រង់ទ្រាយយ៉ាងច្រើនធៀបទៅនឹងម៉ូដែលចាស់ ៧៣៧
-ស្លាបរបស់យន្តហោះថ្មីនេះគឺជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈបាន ១,៨%បើធៀបទៅនឹងស្លាបរបស់យន្តហោះជំនាន់ចាស់
-ក្រុមហ៊ុនក៏បានកែកុនកន្លែងចាក់ប្រេងឥន្ធនៈ និងស្លាបរបស់វាដើម្បីកាត់បន្ថយទម្ងន់ និងoptimize មុខងារ aerodynamics
-បញ្ចូលមុខងារទាំងអស់ គឺយន្តហោះនេះអាចជួយសន្សំសំចៃថាមពលបានប្រហែល ២០%ធៀបនឹងម៉ូដែល ៧៣៧ដែលកំពុងដំណើរការបច្ចុប្បន្ន
-យន្តហោះម៉ូដែលថ្មីនេះ មានទំហំតូច ទៅដល់មធ្យមពោលគឺ ពី ១៤៩កៅអី ទៅ ២២០កៅអី។ ម៉ូដែលដែលដាក់បង្ហាញថ្មីៗនេះ គឺមាន ១៨៩កៅអី។
-យន្តហោះម៉ូដែលនេះ ទីពីរស្ថិតនៅក្នុងដំណាក់កាលដំឡើង
-គិតមកដល់ពេលនេះ យន្តហោះនេះមានក្រុមហ៊ុនកុម្ម៉ង់ប្រមាណ ៣០០០គ្រឿងទៅហើយ។ នៅឆ្នាំ២០១៥ នេះតម្លៃ Max 7 (១៤៩កៅអី) គឺ ៩០,២លានដុល្លារក្នុងមួយគ្រឿង ខណៈ Max 9 (២២០កៅអី) គឺតម្លៃ ១១៦,៦លានដុល្លារ៕
ដោយ៖ រតនៈវិភូ