Eleanor Roosevelt៖ «មនុស្សអស្ចារ្យនិយាយតែពីគំនិត មនុស្សធម្មតានិយាយពីព្រឹត្តិការណ៍ ឯមនុស្សកម្រិតទាបនិយាយតែពីមនុស្ស»
«មនុស្សអស្ចារ្យនិយាយតែពីគំនិត មនុស្សធម្មតានិយាយពីព្រឹត្តិការណ៍ ឯមនុស្សកម្រិតទាបនិយាយតែពីមនុស្ស»។ នេះជាសម្ដីរបស់លោកស្រី Eleanor Roosevelt ដែលជាភរិយារបស់អតីតប្រធានាធិបតីអាមេរិក គឺលោកFranklin D. Roosevelt ។ ក្នុងឃ្លានេះ លោកស្រីចង់និយាយអំពីលំដាប់នៃការគិត តាមកម្រិតរបស់មនុស្ស។
ជាទូទៅ មនុស្សដែលមានគំនិតអស្ចារ្យ ឬ មនុស្សពូកែ តែងតែលើកឡើងពីគំនិតជាសំខាន់ ព្រោះថា គំនិតនេះហើយជាចំណុចចាប់ផ្ដើមនៃលទ្ធផល។ មានន័យថា បើគំនិតល្អ ឬ អស្ចារ្យ វានឹងនាំឲ្យលទ្ធផលការងារល្អប្រសើរទៅតាមនោះដែរ។ អ៊ីចឹងហើយ បានជាមនុស្សពូកែតែងផ្ដោតលើគំនិតជាសំខាន់។ មនុស្សប្រភេទនេះ ជាមនុស្សដែលមើលទៅហាក់ដូចជាដើរបញ្ចៀសជាមួយនឹងទំនោររបស់មនុស្សភាគច្រើនក្នុងសង្គម ព្រោះពួកគេមានការគិតអស្ចារ្យជាងអ្នកដទៃ អ៊ីចឹងហើយ នាំឲ្យលទ្ធផលគឺអស្ចារ្យលើសពីគេ។
ដោយឡែកមនុស្សធម្មតាទូទៅវិញ គឺផ្ដោតលើតែព្រឹត្តិការណ៍ ឬ អ្វីដែលកំពុងកើតឡើង ដោយយកភ្នែករបស់ពួកគេទៅវាស់ប៉ុណ្ណោះ ព្រោះថា ពួកគេគ្មានសមត្ថភាពអ្វីលើសនេះឡើយ អ៊ីចឹងហើយលទ្ធផលដែលពួកគេទទួលបាន គឺមានមិនមានអ្វីអស្ចារ្យនោះទេ។ មនុស្សប្រភេទនេះ ហាក់គ្មានការគិតវែងឆ្ងាយច្រើននោះទេ ហើយក៏ងាយនឹងផ្អើលតាមហ្វូងដែរ។ ចំណែកឯមនុស្សកម្រិតទាបវិញ គ្មានការគិត ឬ ផ្ដោតលើគំនិតអ្វីឡើយ ពោលគឺ និយាយតែពីមនុស្សម្នាក់ៗ យកតែម្ដង។ មានន័យថា មួយថ្ងៃៗរវល់តែនិយាយពីអ្នកនេះអ្នកនោះ ដែលសុទ្ធសឹងតែរឿងអត់ប្រយោជន៍៕
ដោយ៖ រតនា វិចិត្រ