ពេលគេសុំស្រឡាញ់ តើគួរប្រកែកយ៉ាងណាកុំឲ្យគេអន់ចិត្តនឹងយើង?
ពិបាកដែរ ពេលគេមកសុំស្រឡាញ់យើងហើយ តែយើងបដិសេធ។ នេះដោយសារតែចិត្តមិនបានស្រឡាញ់។ តែការបដិសេធនេះ បើអ្នកចេះនិយាយដោយត្រឹមត្រូវ ពួកគេនឹងមិនខូចចិត្តពីចម្លើយរបស់អ្នកឡើយ។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) និយាយពាក្យពិតចេញមក៖ មានតែការនិយាយពាក្យពិតទេ ទើបធ្វើឲ្យគេឆាប់អស់ចិត្ត ហើយយល់ស្របនឹងអ្នក។ វាហាក់ដូចជាធ្វើឲ្យមនុស្សម្នាក់កាន់តែពិបាក ពេលអ្នកកុហកនិងលាក់បាំងថាអ្នកស្រឡាញ់គេ តែការពិតគឺអ្នកមិនបានស្រឡាញ់ពិតមែន។ វាជារឿងមួយល្អហើយធ្វើឲ្យគេឆាប់អស់ចិត្ត ដោយគ្រាន់តែនិយាយពាក្យពិតចេញពីចិត្តមក។
២) និយាយដោយប្រកាន់ការគោរពគ្នា៖ អ្នកណាក៏ត្រូវការការគោរពដែរ ទោះបីគេស្រឡាញ់អ្នកមែន តែបើអ្នកមិនចេះគោរពគេទេ គេនឹងមានអារម្មណ៍ថាខុសដែលមកស្រឡាញ់អ្នក។ តែបើអ្នកបដិសេធ ដោយប្រកាន់ការគោរព គេនឹងកាត់ចិត្តពីអ្នក ហើយអាចនៅរាប់អានអ្នកជាមិត្តធម្មតាបានទៀត។
៣) រកពេលណាដែលល្អនិយាយបដិសេធ៖ បើអ្នកដឹងថា គេលួចស្រឡាញ់អ្នកហើយ ទាំងដែលអ្នកគ្មានអារម្មណ៍នឹងគេផង អ្នកគួរតែសម្រេចចិត្តឲ្យរហ័សប្រាប់គេតាមត្រង់។ បើអ្នកនៅតែពន្យារពេលកាន់តែយូរ គេនឹងកាន់តែមានសង្ឃឹមលើអ្នកកាន់តែខ្លាំង។
៤) និយាយលួងលោម៖ គ្មានពាក្យអ្វីដែលល្អជាងការលួងលោមទេ ជាពិសេសមនុស្សដែលគេខំស្រឡាញ់យើង ពួកគេត្រូវការពាក្យលួងលោមពីអ្នក។ អ្នកអាចយកពេលនេះលួងលោម ប្រាប់ពីមូលហេតុដែលអ្នកមិនបានស្រឡាញ់គេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com