Samsung នឹងចេញ Note 8 បំពាក់កាមេរ៉ាភ្លោះ dual-camera ហើយមានមុខងារ 3x optical zoom
Note 8 នឹងជាកំពូលផេប្លេតជំនាន់ថ្មីបំពាក់កាមេរ៉ាភ្លោះ dual-camera។ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីប្រភពព័ត៌មានកូរ៉េខាងត្បូង។ អ្នកវិភាគ Park Kang-ho នៅក្រុមហ៊ុន Daishin Securities បានព្យាករថា កាមេរ៉ានៅលើ Galaxy Note 8 នឹងមានការរុករើ កែលំអឱ្យកាន់តែមានគុណភាពខ្ពស់ជាងមុន ដោយអាចបន្ថែមសមត្ថភាព 3x optical zoom។
ដូចប្រិយមិត្តប្រហែលបានដឹងមកហើយថា មានចចាមអារ៉ាមសុទ្ធតែលើកឡើងថា Galaxy S8/ S8+ អាចជាទូរស័ព្ទដំបូង ដែលបំពាក់ដោយ sensor មួយគូនៅខាងក្រោយ នៅមុនពេល Samsung ប្រកាសស្មាតហ្វូននេះផ្លូវការ។ តែដោយសារមានបញ្ហាខ្លះ នៅដំណាក់កាលផលិតចុងក្រោយទៅហើយនោះ អាចមកពីត្រូវបង្កើនតម្លៃថ្លៃពេក ឬមានបញ្ហាក្នុងចង្វាក់ផលិតកម្ម ទើបក្រុមហ៊ុនសម្រេចដកវិញ។
Note 8 នឹងបំពាក់កាមេរ៉ា sensor ទំហំ 12MP ជាមួយ wide-angle lens ដែលនឹងធ្វើការបានយ៉ាងល្អជាមួយកាមេរ៉ាមួយគ្រាប់ទៀតទំហំ 13MP / telephoto lens combo ហើយចុងក្រោយអាចបំពាក់មុខងារ 3X optical zoom យ៉ាងទំនើប។
បើតាមការបង្ហាញស្ថិតិអំពីស្មាតហ្វូនដែលលក់ដាច់បំផុតនៅលើទីផ្សារប្រទេសចិន ក្នុងត្រីមាសទី១ ឆ្នាំ២០១៧ ឃើញថា ទូរស័ព្ទដែលមានកាមេរ៉ាភ្លោះ (dual-camera) មានដូចជា iPhone 7, Mate 9 និង Mate 9 Pro របស់ Huawei និង Xplay 6 របស់ Vivo សុទ្ធសឹងជាស្មាតហ្វូនស៊េរីទំនើបលក់ដាច់បំផុត៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena