លោក​ ​Albert Einstein៖ «​មាន​តែ​ជីវិត​ដែល​រស់​​នៅ​ដើម្បី​ជួយ​​អ្នកដទៃ​ប៉ុណ្ណោះ ​​​ទើប​ជា​ជីវិត​មាន​​​តម្លៃ​​»​



«​មាន​តែ​ជីវិត​ដែល​រស់​​នៅ​ដើម្បី​ជួយ​​អ្នកដទៃ​ប៉ុណ្ណោះ ​​​ទើប​ជា​ជីវិត​មាន​​​តម្លៃ​​»​ ​។ នេះ​ជា​គតិ​របស់​​រូប​វិទូ​ដ៏​ល្បី​ឈ្មោះ​នៅ​​​លើ​ពិភពលោក​ គឺ​​លោក ​Albert Einstein ដែល​ក្នុង​​ន័យ​នេះ​ ​​ចង់​​​បញ្ជាក់​ថា ​ជីវិត​ដែល​កើត​មក​​ដោយ​បាន​ជួយ​ដល់​មនុស្ស​ជាច្រើន​​ក្នុង​​លោក​នេះ គឺ​ជា​ជីវិត​ដ៏​មាន​ន័យ​។ ​​​​​

មនុស្ស​លោភលន់ ​និង​ ​ចិត្ត​អាក្រក់​ គឺ​​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដើម្បី​តែ​ខ្លួន​ឯង​បាន​ខ្ពស់​ បាន​ចំណេញ​ និង បាន​ល្បី​ បើ​ទោះបី​ជា​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ទឹកភ្នែក​​ ឬ កើត​ទុក្ខ​ប៉ុណ្ណា​ក៏​ដោយ។ ​​យ៉ាង​ណា​ក៏ដោយ​ សម្រាប់​​លោក​ Albert Einstein ​​មិនបាន​​ឲ្យ​តម្លៃ​លើ​មនុស្ស​ប្រភេទ​នេះ​ឡើយ​ ពោល​គឺ​​ចាត់​ទុក​ថា ​មនុស្ស​ប្រភេទ​នេះ​កើត​មក​​​ជា​មួយ​នឹង​ជីវិត​ដែល​គ្មាន​ន័យ​ ឬ តម្លៃ​អ្វី​ទាំង​អស់​ ព្រោះ​កើត​មក​ដើម្បី​ជា​ទម្ងន់​របស់​ផែនដី​។

​ប៉ុន្តែ​​​រូប​វិទូ​រូប​នេះ​ បាន​ផ្ដល់​តម្លៃ​យ៉ាង​លើស​លប់​ទៅ​ដល់​ មនុស្ស​ទាំង​ឡាយ​ណា​ដែល​កើត​មក​ ​ដោយ​មិន​​ព្យាយាម​កេងប្រវ័ញ្ច​ ឬ ​ធ្វើ​បាប​អ្នកដទៃ​​ដើម្បី​ប្រយោជន៍​ខ្លួន​ ហើយ​ថែម​ទាំង​ព្យាយាម​ធ្វើ​គ្រប់បែប​យ៉ាង​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​ពួង​ទៅវិញ​។ ​តាម​ពិត​ទៅ ​មិន​ថា ​អ្នក​ធ្វើ​​ល្អ​ឬ ​ធ្វើ​អាក្រក់​នោះ​ទេ ​គឺ​ចុង​ក្រោយ​​នៅ​តែ​ស្លាប់​ ​ហើយ​មិន​ថា​ទ្រព្យសម្បត្តិ​ ​​ឬ ​តួនាទី​​អ្វី​ឡើយ​ ​គឺ​​មិន​អាច​​យក​ទៅ​ជា​មួយ​បាន​ឡើយ​ មាន​ន័យ​ថា ​កើត​មក​ទទេ​ ​ពេល​ស្លាប់​ទៅ​វិញ​ក៏​ទទេ​ដែរ​។​ ខុស​គ្នា​ត្រង់​ថា ​អ្នក​បាន​ដែល​ធ្វើ​អំពើ​ល្អ​ច្រើន គឺ​​​តែង​តែ​ធ្វើ​ឲ្យ​ពួកគេ​យល់​ថា ជីវិត​ស្រស់បំព្រង​ និង មាន​​ន័យ​បំផុត​ ​​​ដោយ​ឡែក​អ្នក​ដែល​ធ្វើ​អាក្រក់​វិញ គឺ​មាន​តែ​ភាព​ភ័យ​ខ្លាច​ ​និង​​ការ​សោកស្ដាយ​ ប៉ុណ្ណោះ​នៅ​​ដំណាក់កាល​នៃ​ជីវិត​ចុងក្រោយ​របស់​ខ្លួន​៕

ដោយ​៖ រតនា​ ​វិចិត្រ

X
5s