អតីតអ្នកនិពន្ធអាមេរិក លោក Zig Ziglar៖ «ការកំណត់គោលដៅបានយ៉ាងត្រឹមត្រូវ មានន័យស្មើនឹងសម្រេចការងារបានពាក់កណ្ដាល»
«ការកំណត់គោលដៅបានយ៉ាងត្រឹមត្រូវ មានន័យស្មើនឹងសម្រេចការងារបានពាក់កណ្ដាល»។ នេះជាគតិរបស់លោក Zig Ziglar ដែលជាអតីតអ្នកនិពន្ធ និង ជាអ្នកជំនាញផ្នែកបណ្ដុះភាពជាអ្នកជោគជ័យយ៉ាងល្បីឈ្មោះរបស់អាមេរិក។ ក្នុងន័យនេះលោកចង់បញ្ជាក់ថា នៅពេលដែលមនុស្សម្នាក់បានកំណត់គោលដៅបានយ៉ាងត្រឹមត្រូវនោះ មានន័យថា ពួកគេបានដើរពាក់កណ្តាលផ្លូវទៅហើយ។
ក្នុងលោកនេះ គ្មានបុគ្គលជោគជ័យណាមួយ ដែលមិនបានកំណត់គោលដៅជីវិតរបស់ខ្លួននោះឡើយ ពោលគឺពួកគេបានគិតគូរយ៉ាងល្អិតល្អន់ អំពីផ្លូវជីវិតរបស់ខ្លួន។ ការកំណត់គោលដៅយ៉ាងត្រឹមត្រូវ និង ច្បាស់លាស់បែបនេះ វាប្រៀបបាននឹងការកាន់ផែនទីនៅក្នុងដៃ ដែលអ្នកមិនងាយនឹងវង្វេងផ្លូវបើទោះបីជា ទៅដល់ទីសែនឆ្ងាយ ឬ ក្នុងព្រៃក៏ដោយ ព្រោះ អ្វីៗ គឺ មាននៅក្នុងផែនទីទាំងអស់ គ្រាន់តែថា អ្នកមានឆន្ទៈក្នុងការបន្តដំណើរទៅមុខ ដើម្បីឲ្យទៅដល់គោលដៅឬអត់ ជាពិសេសពេលមានបញ្ហា។
មានមនុស្សមិនតិចទេ ដែលបរាជ័យក្នុងការកំណត់គោលដៅឲ្យមានច្បាស់ក្នុងជីវិតរបស់ខ្លួន អ៊ីចឹងហើយបានជាពួកគេមិនសម្រេចអ្វីបានក្នុងជីវិត។ មានន័យថា បើអ្នកបរាជ័យក្នុងការរៀបចំផែនការ ឬ គោលដៅ វាមានន័យយ៉ាងច្បាស់ថា អ្នកកំពុងត្រៀមខ្លួនជាស្រេចដើម្បីបរាជ័យ។ អ៊ីចឹងហើយ វាមិនចម្លែកទេដែលអ្នកបរាជ័យនោះ។ ដូច្នេះហើយ ត្រូវចាំថា ជីវិតត្រូវតែមានគោលដៅច្បាស់លាស់មួយ បើមិនដូច្នោះទេ អ្នកនឹងកើតមកដើម្បីតែកំដរគេ ជោគជ័យប៉ុណ្ណោះ៕
ដោយ៖ រតនា វិចិត្រ