តើអ្វីខ្លះដែលម្ចាស់អាជីវកម្មត្រូវធ្វើ នៅពេលចង់ពង្រីកអាជីវកម្មរបស់ខ្លួន ?
នាយកក្រុមហ៊ុន Your Business Your Future Ltd លោក Gerard Burke បានលើកឡើងនូវឃ្លាដ៏មានតម្លៃមួយសម្រាប់យកទៅគិតពិចារណាទៅលើការពង្រីកខ្លួនពីអាជីវកម្មតូចទៅអាជីវកម្មធំដូច្នេះថា៖ "ម្ចាស់អាជីវកម្មមួយចំនួនមានផែនការសម្រាប់ការរីកចម្រើនពោរពេញដោយមហិច្ឆតា ប៉ុន្តែមិនមានសមត្ថភាពក្នុងការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំគ្រប់គ្រាន់សម្រាប់ឲ្យពួកគេសម្រេចវាបាន។"
ចំណុចនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីអ្វីដែលជាស្នូលដ៏សំខាន់ ដែលជាឫសគល់នាំឲ្យអាជីវកម្មតូចអាចក្លាយខ្លួនជាអាជីវកម្មធំមួយដោយជោគជ័យបាន នោះគឺជាការវិនិយោគទុនទៅលើការអភិវឌ្ឍខ្លួនរបស់ម្ចាស់អាជីវកម្ម។ បើអ្នកមានមហិច្ឆតាថាចង់ឲ្យអាជីវកម្មរបស់អ្នកមានការរីកចម្រើន អ្នកត្រូវផ្លាស់ប្ដូរខ្លួនឯងដែលធ្លាប់ជាវីរបុរសនៅពេលអាជីវកម្មតូច ទៅជាអ្នកយុទ្ធសាស្ត្រនៅពេលអាជីវកម្មរបស់អ្នកព្យាយាមពង្រីកខ្លួន។ ដើម្បីសម្រេចបាននូវការលូតលាស់ដ៏គួរឲ្យកត់សម្គាល់បាន បើចាំបាច់ត្រូវផ្លាស់ប្ដូរឥរិយាបថមួយចំនួនរបស់អ្នកចេញ អ្នកក៏ត្រូវតែធ្វើបែបនោះដែរ។ មានតែការអភិវឌ្ឍន៍ខ្លួនមិនបានប្រាកដថា អ្នកនឹងជោគជ័យក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននោះទេ ព្រោះអ្នកត្រូវមានគោលដៅឬចក្ខុវិស័យប្រាកដជាក់លាក់សម្រាប់អនាគតជំនួញរបស់អ្នក និងធ្វើខ្លួនជាអ្នកយុទ្ធសាស្ត្រត្រង់ថា ត្រូវដឹងច្បាស់ថាប្រើប្រាស់យុទ្ធសាស្ត្របែបណាដើម្បីផ្លាស់ប្ដូរពីកន្លែងដែលអ្នកកំពុងឈរ ទៅកាន់កន្លែងដែលអ្នកចង់ទៅ។
ការតោងឲ្យស្អិតជាមួយប្រាក់កម្រៃរបស់អ្នកក៏ជាកូនសោសំខាន់មួយទៀតដែរ រួចមកទើបជាប្រាក់ចំណេញ ព្រោះបើតាមសម្ដីរបស់លោក Gerard Burke ការរីកចម្រើនជាការដាក់សម្ពាធទៅលើប្រាក់កម្រៃរបស់អ្នក ដូច្នេះហើយទើបបានជាមានអាជីវកម្មមួយចំនួនបរាជ័យអំឡុងពេលលូតលាស់ជាជាងពេលថយចុះ ហេតុនេះទើបបានជាការប្រមើលទុកជាមុនឲ្យបានស្អិតជាមួយនឹងចរន្តប្រាក់របស់អ្នក និងត្រួតពិនិត្យវាឲ្យបានល្អិតល្អន់គឺជាគន្លឹះដ៏សំខាន់មួយដែលទាមទារការយកចិត្តទុកដាក់ពីម្ចាស់អាជីវកម្ម។
ម្យ៉ាងទៀតការវិនិយោគទុនទៅលើមនុស្សត្រឹមត្រូវឲ្យបានរហ័ស ជាអ្នករួមដំណើរដែលស័ក្ដិសមពិតប្រាកដក្នុងដំណាក់កាលនៃការពង្រីកអាជីវកម្មរបស់អ្នកក៏ជាចំណុចសំខាន់ផងដែរ ហើយអ្នកខ្លួនឯងក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ដែរថាមូលហេតុអ្វីដែលអ្នកចង់ពង្រីកអាជីវកម្មរបស់ខ្លួន ព្រោះអំឡុងពេលដែលអ្នកជួបការលំបាកក្នុងការបោះជំហានទៅមុខ មូលហេតុនេះនឹងក្លាយជាកត្តាជំរុញចិត្តអ្នកយ៉ាងពុះកញ្ជ្រោលនេះឯង៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ startupdonut អត្ថបទទាក់ទង៖ ដើមទុននៃគំនិត៣ចំណុច ដែលជាគ្រោងឆ្អឹងនៃការចាប់ផ្ដើមអាជីវកម្មមួយដោយជោគជ័យ